Dubai គ្រោងនឹងបង្កើត​សេវា Drone Taxi

0
906

នៅ​ប្រទេស​អា​រ៉ាប់​អេ​មី​រ៉ាត់ មាន​គម្រោង​ថ្មី​លើ​ផ្នែក​សេវា​ដឹក​ជញ្ជូន​លើ​អាកាស​ដើម្បី​បញ្ចៀស ការ​បើកបរ​លើ​ផ្លូវ​ដ៏​មមាញឹក និង​ឆ្លងកាត់​តំបន់​វាល​ខ្សាច់​ទៅ​កាន់​ទីក្រុង​ដែល​មាន​អគារ​ខ្ពស់កប់ពពក Dubai ។

លោក Mattar Al Tayer​ប្រធាន​អាជ្ញាធរ​សាធារណការ​ក្រុង​ថ្លែង​ថា Drone Taxi ដែល​អាច​ដឹក​ជញ្ជូន​មនុស្ស​បាន​តែ​ម្នាក់​ជាមួយនឹង​កាបូប​យួរដៃ​តូច​មួយ​នោះ នឹង​អាច​ចាប់ផ្តើម​សេវា​ថ្មី​នេះ​យ៉ាង​លឿន​បំផុត​នៅ​ត្រឹម​ខែកក្កដា ខាង​មុខ ។ វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​មហិច្ឆតា​បង្កើន​បច្ចេកវិទ្យា​ក្នុង​ទីក្រុង​ផង​ដែរ ។

នៅ​ថ្ងៃ​សាកល្បង​ហោះហើរ​លើក​ទី​មួយ​នៅ​ក្នុង​ទីក្រុង Dubai មាន Drone ចំនួន​៨​គ្រឿង​របស់​ក្រុមហ៊ុន​ចិន Ehang បាន​ហោះហើរ​ឆ្លង់កាត់​អគារ​និមិត្តរូប​ទីក្រុង និង​ជា​អគារ​ខ្ពស់​លំដាប់ថ្នាក់​ពិភពលោក Burj Al Arab ។

លោក​Mattar ថ្លែង​ថា Drone ដែល​បានឃើញ​បណ្តែត​ខ្លួន​លើ​អាកាស​នោះ មិន​ត្រឹមតែ​ជា Drone ជា​គំរូ​ប៉ុណ្ណោះ​ទេ តែ​វា​ជា Drone ពិតប្រាកដ​ដែល​នឹង​ត្រូវ​យក​មក​ដាក់​ដំណើរការ​ក្នុង​ទីក្រុង ។

Drone Ehang ១៨៤ អាច​ហោះហើរ​បាន​ចម្ងាយ​៤៩​គីឡូម៉ែត្រ ឬ​៣០​នាទី​សម្រាប់​ការ​សាក​ថ្ម​ម្តង ។ ចំណែក​ល្បឿន​របស់​វា គឺ​រត់​បាន​១៦០,៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​អាជ្ញាធរ​និយាយ​ថា គេ​អនុញ្ញាត​ឲ្យ Drone រត់​ត្រឹម​ល្បឿន​៩៩,៧៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​តែ​ប៉ុណ្ណោះ ។

វា​អាច​ដឹក​អ្នកដំណើរ​ត្រឹម​ទម្ងន់​៩៩,៧​គីឡូក្រាម​ប៉ុណ្ណោះ ។ នេះ​បើ​តាម​ការ​ផ្សាយពាណិជ្ជកម្ម​របស់​អាជ្ញាធរ​សាធារណការ​និង​គមនាគមន៍ ។

អ្នកដំណើរ​ត្រូវ​ចុច​ទៅ​កាន់​គោលដៅ​ដែល​ខ្លួន​ចង់ទៅ​មុន​ពេល Drone ហោះ​ឡើង ។ ក្នុង​វី​ដេ​អូ​ផ្សព្វផ្សាយ​របស់ Drone Ehang ១៨៤​នោះ ជា Drone ដែល​គ្មាន​អ្នកបើកបរ​ទេ តែ​ត្រូវ​បាន​ឃ្លាំមើល​ពី​ទីតាំង​បញ្ជា ។

ខាង​រោងចក្រ​បាន​និយាយ​ថា ប្រសិនបើ​មាន​កំហុស​បច្ចេកវិទ្យា​ណាមួយ Drone ដឹក​អ្នកដំណើរ​នោះ​នឹង​ចុះ​ចត​ភ្លាម​ៗ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ជិត​បំផុត ។ លោក Sheikh Mohammed bin Rashid Al Maktoum បាន​ប្រកាស​កាលពី​ឆ្នាំ​មុន​ថា នៅ​ឆ្នាំ​២០៣០ ខាង​មុខការ​ធ្វើ​ដំណើរ​ប្រមាណ​២៥% នៅ​ក្នុង​ទីក្រុង​Dubai នឹង​ធ្វើ​ឡើង​ដោយ​គ្មាន​អ្នកបើកបរ ។

ទីក្រុង Dubai បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​វែង​បំផុត​ក្នុង​ពិភពលោក​សម្រាប់​រថយន្ត​ដែល​គ្មាន​អ្នកបើកបរ និង​ចាប់ផ្តើម​បើកបរ​សាកល្បង​កាលពី​ឆ្នាំ​មុន​ដោយ​ប្រើប្រាស់​រថយន្ត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​បារាំង Eaymile ។ ជាង​នេះ​ទៀត អាជ្ញាធរ​ទីក្រុង​មួយ​នេះ​ក៏​បាន​ចុះហត្ថលេខា​ក្នុង​ការ​សាងសង់​Hyperloop One ពី​ទីក្រុង Dubai ទៅ​រដ្ឋធានី​Abu Dhabi របស់​អា​រ៉ាប់​រួម​ដែរ ។ Hyperloop​គឺជា​បំពង់​ដែល​អាច​ឲ្យ​រថយន្ត​រត់​បាន​ល្បឿន​លឿន​ជាង​យន្តហោះ ៕