រាជធានីភ្នំពេញ ៖ កញ្ញាសុន ស្រីពេជ្រ បានប្រកាសលក់សម្លៀកបំពាក់របស់នាងដើម្បីយកប្រាក់ជួយឧបត្ថម្ភលោកយូ ឌីស្កូ ដែលមានជំងឺធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យ ។
កញ្ញាសុន ស្រីពេជ្រ សរសេរលើហ្វេសប៊ុកកាលពីពេល ថ្មីៗកន្លងមកថា «នាងខ្ញុំឃើញបងប្រុសយូ ឌីស្កូ មានជំងឺធ្ងន់ និងខ្វះថវិកាក្នុងការព្យាបាលជំងឺផង នាងខ្ញុំនឹងយកថវិការមួយចំនួនធំដែលបានផ្ទាល់ពីការលក់សម្លៀកបំពាក់នេះ និងថវិការផ្ទាល់ខ្លួនខ្លះយកទៅជូនបងប្រុស យូ ឌីស្កូ នៅមន្ទីរពេទ្យផ្ទាល់តែម្តង ។
បងប្រុសយូ ឌីស្កូ ត្រូវលាងឈាម៣ទៅ៤ដងក្នុង១សប្តាហ៍ ហើយកំពុងត្រូវការឈាមប្រភេទAB+ ជាបន្តបន្ទាប់ ដូច្នេះបើសិនជាបងប្អូនមានបំណងចង់បរិច្ចាគឈាមជួយយូ ឌីស្កូ អាចទាក់ទងទៅគ្រួសារគាត់ផ្ទាល់នៅមន្ទីរពេទ្យព្រះកេតមាលា ។
សូមជូនពរឲ្យឆាប់ជា ស៊ូៗឡើងព្រោះមានបងប្អូនចាំជួយ និងផ្តល់កម្លាំងចិត្ត» ។
ចំណែកប្រធានសមាគមសិល្បករខ្មែរអ្នកនាងចន ច័ន្ទលក្ខិណា នៅថ្ងៃទី២៩ ខែកញ្ញា ២០១៧ទទួលបានប្រាក់ចំនួន៨៣០ដុល្លារ ពីតារាសម្តែងលោកស៊ុក សុភា ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី ដើម្បីប្រគល់ជូនតារាសម្តែងយូ ឌីស្កូ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ។
លោកឈុន សុធី សមាជិកក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដែលកំពុងសម្តែងនៅប្រទេសអូស្ត្រាលី សន្យាជួយលោកយូ ឌីស្កូ ក្រោយពេលជាពីជំងឺឱ្យបានសម្តែងនៅអូស្រា្តលី ។ លោកឲ្យដឹងថា កន្លងមកលោកយូ ឌីស្កូ ធ្លាប់ទាក់ទងសុំទៅសម្តែងនៅប្រទេសអូស្ត្រាលី ប៉ុន្តែមានតារាច្រើនត្រូវទៅសម្តែងបន្តបន្ទាប់ ដូច្នេះមិនទាន់មានឱកាសសម្រាប់លោកយូ ឌីស្កូ ។
លោកឈុន សុធី បួងសួងសូមឱ្យលោកយូ ឌីស្កូ ឆាប់ជាពីជំងឺ ។ «ឌីស្កូ បងបន់ឲ្យប្អូនឆាប់ជា ហើយជាពេលណា បងនឹងរៀបចំឯកសារឲ្យឌីស្កូ បានមកសម្តែងនៅអូស្ត្រាលីពេលហ្នឹង។ បងសន្យា សប្បាយចិត្តឡើងឌីស្កូ ហើយក៏ប្រឹងថែរក្សាសុខភាព ។ ឌីស្កូ នឹងបានសម្រេចតាមបំណងមកសម្តែងនៅប្រទេសអូស្ត្រាលី» ៕