សុ​ន ស្រី​ពេជ្រ ប្រកាស​លក់​សម្លៀក​បំពាក់របស់​ខ្លួន​ ដើម្បីជួយ​​លោក​ យូ ឌី​ស្កូ

រាជធានី​ភ្នំពេញ ៖ កញ្ញា​សុ​ន ស្រី​ពេជ្រ បាន​ប្រកាស​លក់​សម្លៀក​បំពាក់​របស់​នាង​ដើម្បី​យក​ប្រាក់​ជួយ​ឧបត្ថម្ភ​លោក​យូ ឌី​ស្កូ ដែល​មាន​ជំងឺ​ធ្ងន់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ។

កញ្ញា​សុ​ន ស្រី​ពេជ្រ សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​នាង​ខ្ញុំ​ឃើញ​បងប្រុស​យូ ឌី​ស្កូ មាន​ជំងឺ​ធ្ងន់ និង​ខ្វះ​ថវិកា​ក្នុង​ការ​ព្យាបាល​ជំងឺ​ផង នាង​ខ្ញុំ​នឹង​យក​ថវិការ​មួយ​ចំនួន​ធំ​ដែល​បាន​ផ្ទាល់​ពី​ការ​លក់​សម្លៀក​បំពាក់​នេះ និង​ថវិការ​ផ្ទាល់ខ្លួន​ខ្លះ​យក​ទៅ​ជូន​បងប្រុស យូ ឌី​ស្កូ នៅ​មន្ទីរពេទ្យ​ផ្ទាល់​តែ​ម្តង ។

បងប្រុស​យូ ឌី​ស្កូ ត្រូវ​លាង​ឈាម​៣​ទៅ​៤​ដង​ក្នុង​១​ស​ប្តា​ហ៍ ហើយ​កំពុង​ត្រូវការ​ឈាម​ប្រភេទ​AB+ ជា​បន្តបន្ទាប់ ដូច្នេះ​បើសិនជា​បងប្អូន​មាន​បំណង​ចង់​បរិច្ចាគ​ឈាម​ជួយ​យូ ឌី​ស្កូ អាច​ទាក់ទង​ទៅ​គ្រួសារ​គាត់​ផ្ទាល់​នៅ​មន្ទីរពេទ្យ​ព្រះ​កេ​ត​មាលា ។

សូម​ជូនពរ​ឲ្យ​ឆាប់​ជា ស៊ូ​ៗ​ឡើង​ព្រោះ​មាន​បងប្អូន​ចាំ​ជួយ និង​ផ្តល់​កម្លាំងចិត្ត​» ។

ចំណែក​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ២០១៧​ទទួល​បាន​ប្រាក់​ចំនួន​៨៣០​ដុល្លារ ពី​តារា​សម្តែង​លោក​ស៊ុ​ក សុភា ដែល​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ប្រគល់​ជូន​តារា​សម្តែង​យូ ឌី​ស្កូ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ។

លោក​ឈុ​ន សុធី សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ ដែល​កំពុង​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី សន្យា​ជួយ​លោក​យូ ឌី​ស្កូ ក្រោយ​ពេល​ជា​ពី​ជំងឺ​ឱ្យ​បាន​សម្តែង​នៅ​អូ​ស្រា្ត​លី ។ លោក​ឲ្យ​ដឹង​ថា កន្លង​មក​លោក​យូ ឌី​ស្កូ ធ្លាប់​ទាក់ទង​សុំ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ប៉ុន្តែ​មាន​តារា​ច្រើន​ត្រូវ​ទៅ​សម្តែង​បន្តបន្ទាប់ ដូច្នេះ​មិន​ទាន់​មានឱកាស​សម្រាប់​លោក​យូ ឌី​ស្កូ ។

លោក​ឈុ​ន សុធី បួងសួង​សូម​ឱ្យ​លោក​យូ ឌី​ស្កូ ឆាប់​ជា​ពី​ជំងឺ ។ «​ឌី​ស្កូ បង​បន់​ឲ្យ​ប្អូន​ឆាប់​ជា ហើយ​ជា​ពេល​ណា បង​នឹង​រៀបចំ​ឯកសារ​ឲ្យ​ឌី​ស្កូ បាន​មក​សម្តែង​នៅ​អូស្ត្រាលី​ពេល​ហ្នឹង​។ បង​សន្យា សប្បាយចិត្ត​ឡើង​ឌី​ស្កូ ហើយ​ក៏​ប្រឹង​ថែរក្សា​សុខភាព ។ ឌី​ស្កូ នឹង​បាន​សម្រេច​តាម​បំណង​មក​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​» ៕