មិនខុសពីពងទាប្រៃប៉ុន្មានទេ ជ្រក់ត្រសក់ស្រូវនេះគ្រប់ផ្ទះនិយមញ៉ាំណាស់ ព្រោះវាជួយបន្ថែមរសជាតិឲ្យម្ហូបលើតុទាំងអស់កាន់តែឆ្ងាញ់ ជាពិសេសញ៉ាំជាមួយត្រីចៀន ឬសាច់ជ្រូកចៀន។ អ៊ីចឹងទើបបានម៉ាក់យើង ចូលចិត្តធ្វើ ឬទិញទុកនៅផ្ទះមិនដាច់ តែបើទិញគេខ្លាចគេធ្វើមិនស្អាត ពេលខ្លះអាចទិញប៉ះរបស់សល់ទៀត។ មករៀនធ្វើខ្លួនឯងវិញ ញ៉ាំបានយូរហើយ អនាម័យទៀត។
គ្រឿងផ្សំ៖
- ត្រសក់ស្រូវ ១ គីឡូ
- អំបិល ១ ស្លាបព្រាបាយ
- ទឹកសុទ្ធ កន្លះលីត្រ
- ស្ករត្នោត ៤ ស្លាបព្រាបាយ
- ម្ទេសគ្រាប់ ដាក់តាមចំណូលចិត្ត
- រំដេង ១ មើម
- ខ្ទឹមស ១ ច្រើនកំពឹស
- ទឹកត្រី ២ ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ
- ដុំស៊ុបមាន់ ១ ដុំតូច
វិធីធ្វើ៖
១. លាងត្រសក់ស្រូវឲ្យបានស្អាតល្អ រួចពុះ ឬចិតជាជំនិតៗកុំតូចពេក តាមទំហំចង់បានដូចក្នុងរូប ហើយត្រូវយកមកប្រឡាក់អំបិល ១០ នាទី រួចយករបស់ធ្ងន់សង្កត់ឲ្យអស់ទឹកប្រហែលកន្លះម៉ោង បន្ទាប់មកយកមកលាងទឹកឲ្យស្អាតម្តងទៀត
២. ដាក់ស្ករត្នោតចូលក្នុងខ្ទះ កូររហូតក្លាយទៅជាស្ករតាំងម៉ែ ដាក់ទឹកស៊ីអ៊ីវ ទឹកត្រី ដុំស៊ុបមាន់ រំដេង ខ្ទឹមស ចូល ហើយកូរឲ្យសព្វ បន្ទាប់មកចាក់ទឹកចូល ទុករហូតដល់ពុះ រួចលើកចុះ ទុកឲ្យត្រជាក់
៣. យកត្រសក់ស្រូវដាក់ក្នុងក្រឡមួយល្មម និងចំនួនត្រសក់ រួចចាក់ទឹកស្ករចូល
៤. យកម្ទេសហាន់ហើយដាក់ពីលើ បិតគម្របឲ្យជិត ទុករហូតដល់ត្រសក់មានរសជាតិជូរ
៥. ទូទៅជ្រក់ត្រសក់ស្រូវនេះ មានរសជាតិ ជូរអែម។ អាចភ្លក្សមើលសិន បើមិនទាន់ត្រូវចិត្តអាចដាក់គ្រឿងផ្សំបន្ថែមទៀតបានណា។