ជ្រក់​ត្រសក់​ស្រូវ​​អនាម័យ​ រូបមន្ត​ពិសេស​ រសជាតិ​ឆ្ងាញ់

​បាន​ខ្ចប់បាយ​យកទៅធ្វើការ ជាមួយសាច់ជ្រូកចៀន​ដឹង​តែ​កប់​ហ្មង

0
3999

មិន​ខុស​ពី​ពង​ទា​ប្រៃ​ប៉ុន្មាន​ទេ​ ជ្រក់ត្រសក់​ស្រូវ​នេះ​គ្រប់​ផ្ទះ​និយម​ញ៉ាំ​ណាស់​ ព្រោះ​វា​ជួយ​បន្ថែម​រសជាតិ​​ឲ្យ​ម្ហូប​លើ​តុ​ទាំង​អស់​កាន់​តែ​ឆ្ងាញ់​ ជា​ពិសេស​ញ៉ាំ​ជា​មួយ​ត្រី​ចៀន​ ឬ​សាច់​ជ្រូក​ចៀន​។​ អ៊ីចឹង​ទើប​បាន​ម៉ាក់​យើង​ ចូល​ចិត្ត​ធ្វើ​ ឬ​ទិញ​ទុក​នៅ​ផ្ទះ​មិន​ដាច់​​​ តែ​បើ​ទិញ​គេ​ខ្លាច​គេ​ធ្វើ​មិន​ស្អាត​ ពេល​ខ្លះ​អាច​ទិញ​ប៉ះ​របស់​សល់​ទៀត​។​ មក​រៀន​ធ្វើ​ខ្លួន​ឯង​វិញ​ ញ៉ាំ​បាន​យូរ​ហើយ​ អនាម័យ​ទៀត​។​

គ្រឿង​ផ្សំ​៖​

  • ត្រសក់​ស្រូវ​ ១ គីឡូ
  • អំបិល​ ១ ស្លាប​ព្រា​បាយ​
  • ទឹក​សុទ្ធ​ កន្លះ​លីត្រ
  • ស្ករ​ត្នោត​ ៤ ស្លាប​ព្រា​បាយ​
  • ម្ទេស​គ្រាប់​ ដាក់​តាម​ចំណូល​ចិត្ត​
  • រំដេង​ ១ មើម​
  • ខ្ទឹម​ស​ ១ ច្រើន​កំពឹស
  • ទឹក​ត្រី​ ២ ស្លាប​ព្រា​បាយ​
  • ទឹក​ស៊ី​អ៊ីវ​ ២ ស្លាប​ព្រា​បាយ
  • ដុំ​ស៊ុប​មាន់​ ១​ ដុំ​តូច

វិធី​ធ្វើ​៖

១. លាង​ត្រសក់​ស្រូវ​ឲ្យ​បាន​ស្អាត​ល្អ​ រួច​ពុះ​ ឬ​ចិត​ជា​ជំនិត​ៗ​កុំ​តូច​ពេក​ តាម​ទំហំ​ចង់​បាន​ដូច​ក្នុង​រូប​ ហើយ​ត្រូវ​យក​មក​ប្រឡាក់​អំបិល​ ១០ នាទី​ រួច​យក​របស់​ធ្ងន់​សង្កត់​ឲ្យ​អស់​ទឹក​ប្រហែល​កន្លះ​ម៉ោង​ បន្ទាប់​មក​យក​មក​លាង​ទឹក​ឲ្យ​ស្អាត​ម្តង​ទៀត​

២. ដាក់​ស្ករ​ត្នោត​ចូល​ក្នុង​ខ្ទះ​ កូរ​រហូត​ក្លាយ​ទៅ​ជា​ស្ករ​តាំង​ម៉ែ​ ដាក់​ទឹក​ស៊ីអ៊ីវ​ ទឹក​ត្រី​ ដុំ​ស៊ុប​មាន់​ រំដេង​ ខ្ទឹម​ស​ ចូល​ ហើយ​កូរ​ឲ្យ​សព្វ​ បន្ទាប់​មក​ចាក់​ទឹក​ចូល​ ទុក​រហូត​ដល់​ពុះ​ រួច​លើក​ចុះ​ ទុក​ឲ្យ​ត្រជាក់​

៣. យក​ត្រសក់​ស្រូវ​ដាក់​ក្នុង​ក្រឡ​មួយ​ល្មម​ និង​ចំនួន​ត្រសក់​ រួច​ចាក់​ទឹក​ស្ករ​ចូល​

៤. យក​ម្ទេស​ហាន់​ហើយ​ដាក់​ពី​លើ​ បិត​គម្រប​ឲ្យ​ជិត​ ទុក​រហូត​ដល់​ត្រសក់​មាន​រសជាតិ​ជូរ​

៥. ទូ​ទៅ​ជ្រក់​ត្រសក់​ស្រូវ​នេះ​ មាន​រសជាតិ​ ជូរ​អែម​។​ អាច​ភ្លក្ស​មើល​សិន​ បើ​មិន​ទាន់​ត្រូវ​ចិត្ត​អាច​ដាក់​គ្រឿង​ផ្សំ​បន្ថែម​ទៀត​បាន​ណា​។​