ប្រហែលជាស្គាល់ហើយ នំចានប្រៃ អាហារល្បីប្រចាំខេត្តកំពត ចង់ញ៉ាំពិបាករកទិញណាស់ ព្រោះមិនសូវមានអ្នកលក់ ទាល់តែទៅកំពតទើបបានញ៉ាំ។ ឈប់ពិបាកទៀតទៅ ចាំបាច់ទៅណាឆ្ងាយធ្វើអី ម៉េចមិនសាករៀនធ្វើញ៉ាំនៅផ្ទះខ្លួនឯងទៅ ចាំ Admin ប្រាប់រូបមន្តនិងគ្រឿងផ្សំ៖
គ្រឿងផ្សំទី១៖
- ម្សៅសាយ ១ កូនចានចង្កឹះ
- ម្សៅឆា ២ ស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ទឹកក្តៅ ១ កែវកន្លះ
- ទឹកត្រជាក់ ១ កែវកន្លះ
គ្រឿងផ្សំទី២៖
- ស្លឹកខ្ទឹមហាន់ហើយ ១ កូនចានចង្កឹះ
- បង្គា ១៥ គ្រាប់
- សាច់ជ្រូកចិញ្ច្រាំ ៣ ខាំ
- ប្រេងឆា ១ ស្លាបព្រាបាយ
- ខ្ទឹមសចិញ្ច្រាំហើយ ១ ស្លាបព្រាបាយ
- ម្សៅស៊ុបកន្លះស្លាបព្រាបាយ
- ស្ករ កន្លះស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
របៀបធ្វើ១៖
១. យកគ្រឿងផ្សំទី១ លាយចូលគ្នា រួចចាក់ទឹកត្រជាក់ចូលកូរឲ្យរលាយម្សៅសព្វសិន កុំទាន់ចាក់ទឹកក្តៅ (ព្រោះខ្លាចកក)
២. យកទឹកក្តៅចាក់ចូលក្នុងម្សៅដែលកូររលាយល្អ ដើម្បីឲ្យម្សៅស្វិត
៣. យកឡាំងឆឹង ដាក់ទឹកដាំឲ្យពុះ រួចយកកូនចានទៅចំហុយពីលើទឹកពុះ ៥ នាទីសិន សឹមចាក់ម្សៅដែលលាយរួចចូលក្នុងកូនចាន ផ្សេងៗ ទុក ២៥ នាទី
របៀបធ្វើទី២៖
១. យកបង្គា និងសាច់ជ្រូកចិញ្ច្រាំចូលគ្នា
២. ដាក់ខ្ទះឲ្យក្តៅ ចាក់ប្រេងឆាចូល ដាក់ខ្ទឹមលីងឲ្យក្រហមបន្តិច រួចចាក់សាច់ចូលឆាឲ្យឆ្អិនបន្តិច
៣. ដាក់ស្ករស អំបិល និងម្សៅស៊ុបចូលហើយ ត្រូវគ្រប់ទុក ២ នាទីសិន
៤. រួចដាក់ស្លឹកខ្ទឹមចូល ជាការស្រេច។
បន្ទាប់ពីនំចំហុយម្សៅគ្រប់ ២៥ នាទីហើយ ត្រូវយកសាច់ដែលឆារួចទៅដាក់ពីលើម្សៅនំ រួចគ្របវិញប្រហែល កន្លះនាទី រួចជាស្រេច។ នំចានប្រៃញ៉ាំបានហើយ អាចញ៉ាំជាមួយទឹកត្រឹបាញ់ឆែវ និងម្ទេសជ្រក់ ដឹងតែឆ្ងាញ់ជាប់ចិត្តហ្មង។