តែបៃតងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពណាស់ រសជាតិក៏ឆ្ងាញ់ដែរ។ ធ្លាប់ញ៉ាំនំរសជាតិតែបៃតង ផឹកតែបៃតងទឹកដោះគោ ចុះឥឡូវសាកធ្វើចាហួយតែបៃតងញ៉ាំត្រជាក់ៗវិញម្តងមើល។
គ្រឿងផ្សំ៖
- ទឹក ១ លីត្រ
- ម្សៅតែបៃតង ២ ស្លាបព្រាកាហ្វេ
- ម្សៅចាហួយ ១ ស្លាបព្រាបាយ
- ស្ករស ១០០ ក្រាម
វិធីធ្វើ៖
១. ដាក់ទឹកចូលឆ្នាំងដាំមួយរំពុះ រួចដាក់តែបៃតងចូល កូរអោយសព្វល្អ
២. លាយស្ករសជាមួយម្សៅចាហួយ រួចដាក់ចូលឆ្នាំង កូរចូលគ្នាអោយសព្វល្អ ពុះហើយលើកចេញពីចង្ក្រាន
៣. បន្ទាប់មកយកតែដែលលាយហើយចាក់ចូលចាន ប្រអប់ ឬពុម្ព រួចទុកអោយកក ១-២ ម៉ោង មើលល្មមក្លាយជាចាហួយជាការស្រេច។