ទៅផ្សាររាល់ថ្ងៃច្បាស់ជាធ្លាប់ឃើញគេលក់ ទាំងមុខ និងក្នុងផ្សារហើយមែនអត់? បើនិយាយពីតម្លៃវិញក៏មិនសូវធូរប៉ុន្មានដែរ ជាពិសេសបើបង្គាក្រៀមធំៗអ៊ីចឹងទៀត ពេលខ្លះមិនចង់ហ៊ានសួរតម្លៃទេ ណាមួយទិញរបស់គេលក់ ខ្លាចប៉ះមិនល្អ ខ្លាចប៉ះរបស់ដាក់ថ្នាំ។ បើពិបាកអ៊ីចឹង ទិញបង្គាស្រស់ៗមកធ្វើខ្លួនវិញទៅ នេះរូបមន្តធ្វើមាននៅក្រោមនេះស្រាប់៖
គ្រឿងផ្សំ៖
- បង្គាដាក់តាមចំណូលចិត្ត
- ទឹក ១ លីត្រ
- អំបិល ៤ ស្លាបព្រាបាយ
វិធីធ្វើ៖
១. លាងបង្គាអោយស្អាត រួចយកទៅដាក់ក្នុងទឹកលាយជាមួយអំបិល ដាក់ដាំលើភ្លើង (ប្រើភ្លើងល្មម) រួចទុកឲ្យពុះប្រហែល ១៥ នាទី សឹមចាក់បង្គាចូលកញ្ច្រែងទុកអោយស្រក់ទឹក។
២. យកចង្អេរធំមួយមកដាក់ហាលថ្ងៃរយៈពេល ៣ ថ្ងៃ ពេលស្ងួតហើយអាចយកវាមកបុកក្នុងត្បាល់យកសំបកចេញ រឺ ដាកក្នុងស្បៃមួយរួចវ៉ៃវាទៅនឹងរបស់រឹងដូចជា ជញ្ជាំង រឺ សរសរផ្ទះ ដើម្បីអោយវាជ្រុះសំបកជាការស្រេច។
*ចំណាំៈ បើធ្វើជាមួយបង្គារឺកំពឹសតូចៗទុកអោយពុះត្រឹម ៥ នាទីបានហើយ និងដាំទឹកអោយពុះចាំដាក់ចូលវិញ។
ប្រភព៖ Monorum Kem