ហាត់​ក្បាច់គុន ​១​ម៉ោង ២ដង​ក្នុង ​១​ស​ប្តា​ហ៍ជួយ​អ្នកជំងឺ​ញ័រញាក់​អាច​ដើរ​បាន

Tai Chi

0
3962
tai chi

ដោយ ៖ ឈិត គឹមឆុន

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ០៩:១១   (23-06-2016 09:11)

បណ្តាជន​ដែល​មាន​ជំងឺ​ញ័រញាក់​កន្ត្រាក់​សរសៃ​(Parkinson’s) ជា​រឿយ​ៗ​ទទួល​រង​ការ​ឈឺ​ចុក​ចាប់ពី​ការ​ញ័រ​អវយវៈ​ដៃជើង​និង​តឹង​តាម​បណ្តា​សាច់ដុំ​ដែល​បញ្ហា​នេះ​នាំ​ឱ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា ។

ឥឡូវនេះ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ការ​ហាត់​ក្បាច់គុន​ពី​បុរាណ​របស់​ចិន​ឈ្មោះ​«​ថៃ​ជិ​» អាច​ជួយ​ឱ្យ​ពួក​គេ​ទាំងនោះ​ដើរ​បាន និង​អាច​ទប់​ជំហរ​បាន​ទៀត​ផង ។

លទ្ធផល​នេះ​បាន​កើត​ចេញពី​ការ​ពិសោធ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អា​មេ​រិ​ក Oregon Research Institute ដែល​បាន​តាមដាន​ពិនិត្យ​អ្នកជំងឺ​ជិត​២០០​នាក់​ហាត់ប្រាណ​តាម​ក្បាច់គុន​ខាងលើ​រយៈពេល​៦០​នាទី​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។

កាយវិការ​យឺត​ៗ​មួយ​ៗ​របស់​ក្បាច់គុន​ថៃ​ជិ​នាំ​ឱ្យ​មនុស្ស​ចាស់​មាន​ជំងឺ​ញ័រញាក់​កន្ត្រាក់​សរសៃ​(Parkinson’s) អាច​ទប់​ជំហរ​ខ្លួន​និង​ដើរ​បាន ។

សាស្ត្រាចារ្យ​ដឹកនាំ​ការ​ស្រាវជ្រាវ​លោក Fuzhong Li បាន​និយាយ​ថា លទ្ធផល​ការ​រក​ឃើញ​នេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ដ្បិត​វា​បាន​បង្ហាញ​ថា ក្បាច់គុន​ថៃ​ជិ​អាច​យក​ទៅ​ប្រើ​ជា​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​ដោយ​ចលនា​ដែល​បញ្ហា​នេះ​ឈាន​ទៅ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​ជំហរ​និង​ដំណើរ ។

ចំណែក​ការ​សិក្សា​ថ្មី​មួយ​របស់​ចិន​កាលពី​ឆ្នាំទៅ​មិ​ញ​បាន​រក​ឃើញ​ថា មនុស្ស​វ័យចាស់​ដែល​ភ្នែក​មើល​មិនសូវ​ច្បាស់​អាច​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​ជំហរ​របស់​ខ្លួន​ដោយ​ជៀសវាង​បាន​នូវ​ការ​ដួល​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​តាម​រយៈ​ការ​ហាត់​ក្បាច់គុន​«​ថៃ​ជិ​»  ។

អ្នកជំនាញ​បាន​និយាយ​ថា កាយវិការ​ក្បាច់គុន​យ៉ាង​សុភាព​និង​យឺត​ៗ​បាន​ជួយ​បង្កើន​កម្លាំង​និង​ព្រមទាំង​កែ​លំអ​ការ​ទប់​ជំហរ​ខ្លួន​បាន កាត់​បន្ថយ​អត្រា​ដួល​ក្នុង​ចំណោម​មនុស្ស​ចាស់​ដែល​ភ្នែក​មើល​មិនសូវ​ច្បាស់ ។

នេះ​ជា​លទ្ធផល​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Hong Kong Polytechnic University ដែល​បាន​ធ្វើ​ពិសោធន៍​អស់​៤​ខែ​លើ​មនុស្ស​ចាស់​៤០​នាក់ ។ អ្នក​ស្ម័គ្រចិត្ត​ទាំងអស់​ក្នុង​១​ស​ប្តា​ហ៍​ត្រូវ​គេ​កំណត់​ឱ្យ​ហាត់ប្រាណ​តាម​ក្បាច់គុន​«​ថៃ​ជិ​» រយៈពេល​ដល់​ទៅ​៩០​នាទី ។

Tai-chiTai-chi

វេជ្ជបណ្ឌិត Dr William Tsang អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​និយាយ​ថា ក្បាច់គុន​ថៃ​ជិ ជា​ប្រភេទ​លំ​ហាត់ប្រាណ​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​អ្នកមាន​ភ្នែក​មើល​មិនសូវ​ច្បាស់ ដ្បិត​វា​ជួយ​ទប់​ជំហរ​ខ្លួនប្រាណ​បាន​យ៉ាង​ល្អ​។ វា​ពិតជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​ចំពោះ​លទ្ធផល​នៃ​ការ​រក​ឃើញ​លើក​នេះ ។ ហាត់​ក្បាច់គុន​ថៃ​ជិ​ត្រូវការ​យល់​ដឹង​ដោយ​ញាណ​ចំពោះ​ជំហរ​រាង​កាយ ហើយ​និង​ការ​ធ្វើ​ចលនា​។ ចលនា​ក្បាល​គឺជា​ធាតុ​សំខាន់​មួយ​នៅ​ក្នុង​ក្បាច់គុន​ថៃ​ជិ ហើយ​ចលនា​នេះ​អាច​ជួយ​លើក​កម្លាំង​ប្រព័ន្ធ​រក្សា​ជំហរ​(vestibular system) ឈាន​ទៅ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​ការ​ទប់​លំនឹង​ខ្លួន ។

សូម​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​សិក្សា​នេះ​ត្រូវ​បាន​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​អង់​អង់គ្លេស​ឈ្មោះ Age and Ageing journal​ដែល​ចេញផ្សាយ​ពេល​កន្លង​មក​៕​

ប្រភពវីដេអូ៖ Taiji Zen