ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ០៩:១១ (23-06-2016 09:11)
បណ្តាជនដែលមានជំងឺញ័រញាក់កន្ត្រាក់សរសៃ(Parkinson’s) ជារឿយៗទទួលរងការឈឺចុកចាប់ពីការញ័រអវយវៈដៃជើងនិងតឹងតាមបណ្តាសាច់ដុំដែលបញ្ហានេះនាំឱ្យពិបាកក្នុងការធ្វើចលនា ។
ឥឡូវនេះអ្នកវិទ្យាសាស្ត្របានរកឃើញថា ការហាត់ក្បាច់គុនពីបុរាណរបស់ចិនឈ្មោះ«ថៃជិ» អាចជួយឱ្យពួកគេទាំងនោះដើរបាន និងអាចទប់ជំហរបានទៀតផង ។
លទ្ធផលនេះបានកើតចេញពីការពិសោធរបស់ក្រុមអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវអាមេរិក Oregon Research Institute ដែលបានតាមដានពិនិត្យអ្នកជំងឺជិត២០០នាក់ហាត់ប្រាណតាមក្បាច់គុនខាងលើរយៈពេល៦០នាទី២ដងក្នុងមួយសប្តាហ៍ ។
កាយវិការយឺតៗមួយៗរបស់ក្បាច់គុនថៃជិនាំឱ្យមនុស្សចាស់មានជំងឺញ័រញាក់កន្ត្រាក់សរសៃ(Parkinson’s) អាចទប់ជំហរខ្លួននិងដើរបាន ។
សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវលោក Fuzhong Li បាននិយាយថា លទ្ធផលការរកឃើញនេះគឺពិតជាមានសារៈសំខាន់ណាស់ដ្បិតវាបានបង្ហាញថា ក្បាច់គុនថៃជិអាចយកទៅប្រើជាវិធីសាស្ត្រព្យាបាលជំងឺដោយចលនាដែលបញ្ហានេះឈានទៅធ្វើឱ្យល្អប្រសើរនូវជំហរនិងដំណើរ ។
ចំណែកការសិក្សាថ្មីមួយរបស់ចិនកាលពីឆ្នាំទៅមិញបានរកឃើញថា មនុស្សវ័យចាស់ដែលភ្នែកមើលមិនសូវច្បាស់អាចធ្វើឱ្យល្អប្រសើរនូវជំហររបស់ខ្លួនដោយជៀសវាងបាននូវការដួលដែលបង្កគ្រោះថ្នាក់ដល់ជីវិតតាមរយៈការហាត់ក្បាច់គុន«ថៃជិ» ។
អ្នកជំនាញបាននិយាយថា កាយវិការក្បាច់គុនយ៉ាងសុភាពនិងយឺតៗបានជួយបង្កើនកម្លាំងនិងព្រមទាំងកែលំអការទប់ជំហរខ្លួនបាន កាត់បន្ថយអត្រាដួលក្នុងចំណោមមនុស្សចាស់ដែលភ្នែកមើលមិនសូវច្បាស់ ។
នេះជាលទ្ធផលស្រាវជ្រាវរបស់សាកលវិទ្យាល័យ Hong Kong Polytechnic University ដែលបានធ្វើពិសោធន៍អស់៤ខែលើមនុស្សចាស់៤០នាក់ ។ អ្នកស្ម័គ្រចិត្តទាំងអស់ក្នុង១សប្តាហ៍ត្រូវគេកំណត់ឱ្យហាត់ប្រាណតាមក្បាច់គុន«ថៃជិ» រយៈពេលដល់ទៅ៩០នាទី ។
វេជ្ជបណ្ឌិត Dr William Tsang អ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា ក្បាច់គុនថៃជិ ជាប្រភេទលំហាត់ប្រាណដ៏ស័ក្តិសមបំផុតសម្រាប់អ្នកមានភ្នែកមើលមិនសូវច្បាស់ ដ្បិតវាជួយទប់ជំហរខ្លួនប្រាណបានយ៉ាងល្អ។ វាពិតជារឿងគួរឱ្យចាប់អារម្មណ៍ចំពោះលទ្ធផលនៃការរកឃើញលើកនេះ ។ ហាត់ក្បាច់គុនថៃជិត្រូវការយល់ដឹងដោយញាណចំពោះជំហររាងកាយ ហើយនិងការធ្វើចលនា។ ចលនាក្បាលគឺជាធាតុសំខាន់មួយនៅក្នុងក្បាច់គុនថៃជិ ហើយចលនានេះអាចជួយលើកកម្លាំងប្រព័ន្ធរក្សាជំហរ(vestibular system) ឈានទៅធ្វើឱ្យល្អប្រសើរនូវការទប់លំនឹងខ្លួន ។
សូមបញ្ជាក់ថា លទ្ធផលនៃការសិក្សានេះត្រូវបានបោះពុម្ភផ្សាយនៅក្នុងព្រឹត្តិបត្រអង់អង់គ្លេសឈ្មោះ Age and Ageing journalដែលចេញផ្សាយពេលកន្លងមក៕
ប្រភពវីដេអូ៖ Taiji Zen