ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ០៨:៤៧ (20-06-2016 08:47)
អ្នកវិទ្យាសាស្ត្របាននិយាយថា ផ្លែប៊័រ (Avocado) អាចជាអាវុធមួយប្រយុទ្ធប្រឆាំង នឹងភាពចាស់ទៅតាមអាយុនិងជំងឺនានាក្នុងរាងកាយ ។ ប្រេងដែលគេចម្រាញ់ពីផ្លែឈើប្រភេទនេះត្រូវបានបង្ហាញនៅក្នុងការពិសោធថា វាមានប្រសិទ្ធភាពប្រឆាំងនឹងរ៉ាឌីកាល់សេរី(ជាប្រភេទម៉ូលេគុលគ្រោះថ្នាក់ម្យ៉ាងនៅក្នុងខ្លួនមនុស្ស) ។
មានសមាសធាតុគីមីប្រឆាំងអុកស៊ីដកម្មជាច្រើនរបស់បន្លែនិងផ្លែឈើដូចជាការ៉ុតនិងប៉េងប៉ោះដែលសុទ្ធតែអាចកម្ទេចចោលនូវរ៉ាឌីកាល់សេរី ប៉ុន្តែពួកវាទាំងនេះមិនអាចធ្វើដំណើរចូលក្នុងកន្លែងផ្ទុកកោសិកា mitochondria បានទេ ។ មានតែសមាសធាតុគីមីប្រឆាំងអុកស៊ីដកម្មក្នុងផ្លែប៊័រប៉ុណ្ណោះដែលអាចចូលទៅបាន ។
លោក Christian Cortes-Rojo អ្នកស្រាវជ្រាវបានថ្លែងថា បញ្ហាគឺថា សមាសធាតុគីមីប្រឆាំងអុកស៊ីដកម្មនៅក្នុងផ្លែឈើផ្សេងមិនអាចចូលក្នុង mitochondria បាន ។ ដូច្នេះរ៉ាឌីកាល់សេរីបានបន្តបំផ្លាញ mitochondria ធ្វើឱ្យការផលិតថាមពលត្រូវបញ្ឈប់ហើយកោសិកាទាំងឡាយក៏ងាប់ ។
ចំណែកការសិក្សាមួយដែលបានចេញផ្សាយកាលពីខែកុម្ភៈកន្លងមកបានរកឃើញពីអត្ថប្រយោជន៍ផ្លែប៊័រផងដែរ ។ ពួកគេថា ផ្លែប៊័រជាពិសេសផ្លែប៊័រដាំនៅប្រទេសស៊ីលី មានសមាសធាតុពីធម្មជាតិមួយប្រភេទដែលអាចប្រឆាំងទៅនឹងជំងឺស៊ាំនឹងថ្នាំ Antibiotics(antibiotic-resistant infections) បាន ។
សមាសធាតុដែលមាននៅក្នុងផ្លែប៊័រនេះអាចទប់ស្កាត់ប្រភេទបាក់តេរី staphylococci មានពណ៌លឿងមិនឱ្យទៅរំលាយប្រសិទ្ធភាពថ្នាំ Antibiotics បាន ។ បាក់តេរីទាំង នេះហើយដែលជាអ្នកបង្កឱ្យមានរោគឆ្លងនៅក្នុងដំបៅដែលកើតពីការវះកាត់ ។ វាបានបង្កើតជាភាពស៊ាំនៅក្នុងខ្លួនមនុស្សយ៉ាងឆាប់រហ័ស ។
លោក Jes Gitz Holler និស្សិតវេជ្ជបណ្ឌិតមកពីសាកលវិទ្យាល័យ University of Copenhagen របស់ដាណឺម៉ាកបានធ្វើការងារពិសោធន៍ស្រាវជ្រាវនេះជាមួយមនុស្សមួយចំនួននៅប្រទេសស៊ីលី ។ គាត់បាននិយាយថា៖ «ខ្ញុំបានរកឃើញសារធាតុពីធម្មជាតិមួយនៅក្នុងផ្លែប៊័រនៅស៊ីលីដែលមានសកម្មភាពសម្រាប់ការព្យាបាល ។ សមាសធាតុពីធម្មជាតិនេះ មានសក្តានុពលយ៉ាងអស្ចារ្យបំផុត ហើយប្រហែលជាក្នុងរយៈពេលមួយវែងជាងនេះយើងនឹងអាចបង្កើតបានជាឱសថដ៏មានប្រសិទ្ធភាពមួយប្រភេទដើម្បីប្រឆាំងនឹងបាក់តេរី staphylococci ។ តែក្នុងពេលនេះពុំទាន់មានផលិតផលបែបនេះនៅលើទីផ្សារនៅឡើយទេ» ។
បាតេរី staphylococci ឬ Staphylococcus ដែលមានពណ៌លឿងគឺជាមូលហេតុបង្កដ៏សាមញ្ញបំផុតនៃការឆ្លងមេរោគចំពោះដំបៅដែលកើតក្រោយពីការវះកាត់រួច ។ បាក់តេរីនេះក៏អាចជាមូលហេតុបង្កឱ្យទៅជាជំងឺច្រើនប្រភេទដែលកើតពីរបួសនិងការពុលអាហារផងដែរដែលជំងឺទាំងនេះសុទ្ធតែអាចធ្វើឱ្យស្លាប់បាន-តួយ៉ាងដូចជា ជំងឺរលាកភ្នាស់ខាងក្នុងរបស់បេះដូង (Endocarditis) និងជំងឺដែលបណ្តាលមកពីមេរោគឆ្លងរាលដាលក្នុងឈាម (Septicemia) ជាដើម ៕
របៀបធ្វើទឹកក្រឡុកផ្លែប៊័រ (ប្រភព៖ Kin Community)
កែច្នៃផ្លែប៊័រធ្វើជាម៉ាស់បិទមុខយ៉ាងងាយ (ប្រភព៖ ehowbeauty)