ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ១៣:៤១ (15-06-2016 13:41)
បេះដូង គឺជាសរីរាង្គដែលសំខាន់ ដែលយើងរស់ដោយគ្មានវាមិនបាន ។ ជាការពិតណាស់ ដោយសារតែបច្ចេកវិទ្យាខាងផ្នែកវេជ្ជសាស្ត្រកាន់តែទំនើប យើងក៏អាចយកបេះដូងអ្នកផ្សេង មកជំនួសបេះដូងរបស់យើងក៏បានដែរ ។
តែចុះបើមិនទាន់មាននរណាម្នាក់ អាចបរិច្ចាគបេះដូងមកឱ្យយើងបាននោះ តើយើងអាចរស់បានតាមរបៀបណា នៅពេលដែលបេះដូងយើងខូច?
ក្រឡេកមកមើលកំលោះវ័យ២៥ឆ្នាំ Stan Larkin ដែលអាចរស់បាន៥៥៥ថ្ងៃ ដោយមិនមានបេះដូង ខណៈពេលដែលរូបគេកំពុងតែរង់ចាំទទួលបេះដូង ពីអ្នកបរិច្ចាគ អស់រយៈពេលជិត២ឆ្នាំ ។ ហេតុដែលរូបគេត្រូវការបេះដូងពីអ្នកបរិច្ចាគ គឺដោយសារតែគេមានជំងឺបេះដូងមិនប្រក្រតីពីកំណើត ។
Larkin គឺមិនមែនជាមនុស្សតែម្នាក់ទេ ដែលរងគ្រោះដោយសារតែជំងឺនេះ ។ មានមនុស្សមិនតិចនាក់ទេ ដែលកើតជំងឺមួយនេះ ហើយពូកគេ ពិតជាត្រូវការវះកាត់ប្តូរបេះដូងជាចាំបាច់ ។
តាមការពិតទៅ មូលហេតុដែលទាមទារឱ្យគេរង់ចាំយូរបែបនេះ គឺដោយសារតែមិនសូវមានអ្នកបរិច្ចាគ ហើយបើមាន ក៏បេះដូងនោះ មិនត្រូវនឹងបេះដូងរបស់គេដែរ ។ ដូច្នេះហើយ ទើបគេត្រូវរស់ទាំងគ្មានបេះដូង ហើយត្រូវប្រើម៉ាស៊ីនអស់រយៈពេល៥៥៥ថ្ងៃ ទម្រាំ តែរកឃើញបេះដូង ដែលត្រូវនឹងរូបគេ ។
ចំពោះម៉ាស៊ីននោះ គឺពិសេសមែនទែន ។ ពោលគឺវាអាចជំនួសបេះដូងយើងបានមួយរយៈ ។ វាមានទម្ងន់ប្រហែលត្រឹមតែ១៣,៥ផោន (ប្រហែល៦,១២គីឡូក្រាម) តែប៉ុណ្ណោះ ។ បើយើងមើលរូបខាងក្រោម គឺវាដូចជាកាបូបស្ពាយអ៊ីចឹង ។ មុខងាររបស់ម៉ាស៊ីននេះ មានភាពស្រដៀងគ្នានឹងបេះដូងណាស់ ដែលវាអាចច្របាច់ឈាម ទៅគ្រប់សារពាង្គកាយ ។
លោកវេជ្ជបណ្ឌិតឯកទេសបេះដូង ដែលជាអ្នកវះកាត់បេះដូងឱ្យលោក Larkin បានឲ្យដឹងថា Larkin គឺជាអ្នកជំងឺទីមួយហើយ ដែលបានប្រើឧបករណ៍នេះ ហើយអាចត្រឡប់ទៅផ្ទះ បានដោយអាចលេងកីឡា បានដូចមនុស្សទូទៅ ។ វាមានភាពងាយស្រួលណាស់ ក្នុងការយកឧបករណ៍នេះតាមខ្លួន ព្រោះវាមើលទៅដូចកាតាបស្ពាយអ៊ីចឹង» ។
គួរបញ្ជាក់ថា ក្រោយពីបានរកឃើញបេះដូង ដែលត្រូវនឹងគេហើយ លោកវេជ្ជបណ្ឌិត ក៏បានធ្វើការវះកាត់ និងយកឧបករណ៍នោះចេញ ហើយឱ្យលោក Larkin ត្រឡប់ទៅផ្ទះដូចធម្មតា។