ផ្តើមបន្ទាត់ដំបូង Admin សុំមួយរឿងមុនគេតែម្តងគឺ សូមជួយថែរក្សាបរិស្ថាននៅតំបន់នោះឲ្យបាន គ្រប់ៗគ្នា ព្រោះថាបើយើងម្នាក់មិនចោល ២នាក់មិនចោល ច្រើនគ្នានៅតែមិនចោល នោះគ្មានឡើយសំរាមទេសភាពភ្នំនៅទីនោះនៅតែស្អាតគ្មានពីរតកូនតចៅជារៀងរហូត ដូច្នេះសន្យាជាមួយ Admin ថាធ្វើរឿងនេះបានបើអ្នកពិតជាស្រលាញ់ធម្មជាតិពិតមែន។

រឿង ៥ចំនុចខាងក្រោមនេះអ្នកគួរដឹងមុនសម្រេចចិត្តឡើងភ្នំខ្នងផ្សារ៖

ការធ្វើដំណើរ៖ ភ្នំខ្នងផ្សារមានកំពស់ ១១៧៧ម៉ែត្រពីនីវូទឹកសមុទ្រ ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ ព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងកោះកុង ដែលអ្នកត្រូវធ្វើដំណើរប្រមាណ៤ម៉ោង ពីភ្នំពេញទៅក្រុងច្បារមនតាមផ្លូវជាតិលេខ៤ រួចបត់ចូលតាមផ្លូវលេខ ៤៤ រហូតដល់ស្រុកឱរ៉ាល់ រួចបន្តទៅតំបន់រលាក់កងជើង ហៅភូមិភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចុចមើលផែនទី

ដោយសារអ្នកឡើងភ្នំ ដូច្នេះហើយគ្រប់គ្នាត្រូវចូលចុះឈ្មោះនៅទីស្នាក់ការបរិស្ថាន ដើម្បីភាពងាយស្រួលអ្នកអាចទំនាក់ទំនងលោក ជា យុទ្ធា គាត់ជាអនុប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ តាមទូរស័ព្ទលេខ 096 22 76 76 7 រឿងបន្ទាប់អ្នកត្រូវមានអ្នកនាំផ្លូវឡើងភ្នំ ដោយបើអ្នកមានគ្នា ៥នាក់ត្រូវយកអ្នកនាំផ្លូវម្នាក់ ហើយអ្នកត្រូវទាក់ទងកក់ពួកគាត់ជាមុន បទពិសោធន៍ផ្ទាល់របស់ Admin ធ្លាប់បានទៅជាមួយលោកពូអ្នកនាំផ្លូវឈ្មោះ នៅ នុំ ហៅពូនឹម ទូរស័ព្ទលេខ 096 691 720 6 និងម្នាក់ទៀតឈ្មោះ រិទ្ធិ ទូរស័ព្ទ 096 912 198 1 ដោយតម្លៃអ្នកនាំផ្លូវម្នាក់ ក្នុង១ថ្ងៃ ២០ដុល្លារ បើអ្នកដេកមួយយប់លើភ្នំមានន័យថា២ថ្ងៃ ដូច្នេះ២ថ្ងៃ ៤០ដុល្លារ។

កក់អ្នកនាំផ្លូវរួច អ្នកក៏ត្រូវកក់គោយន្តសម្រាប់ជិះពីភូមិទៅជើងភ្នំផងដែរ ដោយអោយអ្នកនាំផ្លូវរកអោយ ឬពួកគាត់ជាអ្នកបើកក៏មាន ដោយតម្លៃគោយន្ត១ ទៅមកតម្លៃ ៣០ដុល្លារ អាចជិះបានគ្នា១០ទៅ១៥នាក់ ហើយជិះរយៈពេលជិះពីភូមិទៅជើងភ្នំចំណាយពេលប្រមាណ ២ម៉ោង ហើយបន្តដើរឡើងភ្នំចំណាយពេលប្រមាណ ៣ម៉ោងទៅ៤ម៉ោង សម្រាប់អ្នកធ្លាប់ឡើងភ្នំ តែសម្រាប់អ្នកដំបូងៗ យ៉ាងតិចក៏៥ម៉ោង ទៅ៨ម៉ោងដែរ ទើបអាចទៅដល់។

សម្ភារៈ អ្វីដែលសំខាន់បំផុតសម្រាប់អ្នកឡើងភ្នំលើកដំបូងត្រូវដឹងនោះគឺ ទំងន់សាកាដូ ដែលខ្លួនស្ពាយសម្រាប់បុរសគួរត្រឹម៨ ទៅ១០គីឡូទាំងទឹក ហើយនារីគួរត្រឹម៥ ទៅ៧គីឡូ និយាយរួមកាន់តែស្រាលកាន់តែល្អ។ រឿងបន្ទាប់ គឺត្រូវរកសាកាដូ ស្បែកជើង ស្រោមជើងកវែង បង់បិតម្រាមជើង (សម្ភារៈការពារជើង) ឈើច្រត់ ស្រោមដៃ មួក ខោអាវជើងវែងដៃវែង ស្រាលៗ ដែលឆាប់ស្ងួតញើស។ ម្ស៉ៅផេសាត់ សម្រាប់ចាក់លាបជើងការពារសត្វទៀក, ប្រេងលាបកំដៅសាច់ដុំមុនដើរ និងក្រោយដើរ, តង់ ឬអង្រឹងដែលមានមុង និងតង់កៅស៊ូសម្រាប់គ្របការពារទឹកភ្លៀង, ប្រអប់អាហារ, ដបទឹក (គួរប្រើដបជ័រទន់ដែលមានទុយោបឺតទំហំ ២ឬ៣លីត្រ) និងសម្ភារៈសង្គ្រោះបឋម ១ឈុត, ក្រដាសអនាម័យ, ពិល ជាដើម។

ស្បៀង និងទឹក ម្ហូបក្រៀម សាច់ងៀត ត្រីងៀត អាហារកំប៉ុង ពិសេសមីកំប៉ុង និងនំដែលមានសារធាតុគ្រាប់ធញ្ញជាតិ(Energy Bar) ឬអាចយកតំណាប់ទំពាំងបាយជូរក៏បាន។ ហើយទឹកជារឿងសំខាន់ហើយវាក៏ធ្វើបាបអ្នកណាស់ដែរបើព្យាយាមយកទៅច្រើន ដូច្នេះគួរយកទៅត្រឹម ៣លីត្រ-៤លីត្រ បានហើយសម្រាប់ការដើរឡើងដើម្បីកុំអោយធ្ងន់ពេក ពេលចុះមកវិញ យើងប្រើដបដែលយកទៅច្រកទឹកដាំ ឬច្រោះមកវិញ ត្រឹម២លីត្រ-៣លីត្រ ព្រោះចុះលឿនជាងឡើង។ សម្រាប់អ្នកចង់ញ៊ាំឆ្ងាញ់មាត់លើកំពូលភ្នំដ៏ស្រស់ស្អាតនេះ គួរកុម្ម៉ង់មាន់ស្រែពីអ្នកភូមិ ដោយអោយខាងអ្នកនាំផ្លូវជួយកុម៉្មង់អោយហើយ ដោយតម្លៃមាន់១គីឡូ ២ម៉ឺនរៀល ហើយអ្នកអាចកុម៉្មង់អោយគាត់ធ្វើអោយញ៊ាំបាននៅលើភ្នំ ហើយសម្រាប់បាយក៏ដូចគ្នា គឺខាងអ្នកនាំផ្លូវនឹង យកអង្ករពីភូមិទៅដាំនៅលើភ្នំដូចគ្នា។

តិចនិកការដើរឡើង និងចុះសម្រាប់អ្នកដំបូង និងមានគីឡូធ្ងន់ ចាំបាច់ណាស់បំផុតត្រូវមានស្រោមដៃ និងឈើច្រត់ សម្រាប់ការដើរឡើងអ្នកគួរដើរបោះជំហានខ្លីៗ យឺតៗ (បញ្ជាក់អីវ៉ាន់អ្នកស្ពាយឡើងទៅមិនលើសពី១០គីឡូ) និងពេលចុះមកវិញត្រូវប្រើឈើច្រត់២ សម្រាប់ជួយទប់លំនឹង ហើយដើរបោះជំហានវែងៗ ល្មម លឿនៗ បន្តិចដើម្បីកុំអោយឈឺកជើង តែត្រូវប្រយ័ត្នកុំអោយគ្រេចកជើង ហើយចំនុចសំខាន់១ទៀតដែលគួរដឹងគឺ ការឈប់សម្រាក ការដើរឡើងបើអ្នកយឺតគួរដើរ ១០នាទី-១៥នាទី ឈប់ម្តងហើយឈប់តែ ២-៣នាទីប៉ុណ្ណោះ ហើយរាល់ពេលឈប់ត្រូវដោះគន្លឹះសាកាដូចេញពីស្មាអោយស្រាល ហើយអង្គុយសណ្តូកជើងត្រង់ ដៃតប់តិចៗ លើសាច់ដុំជើងរបស់អ្នក។ ហើយសម្រាប់ការដើរចុះ គួរកុំឈប់ច្រើនដងពេកអី។

កន្លែងថតរូប និងម៉ោងពេលវេលា នៅលើភ្នំខ្នងផ្សារងាកទៅកន្លែងណាទិសណាក៏ស្អាតដែរទេសភាព លើកទូរស័ព្ទ ឬកាម៉េរាមកស្អាតគ្រប់ប្លង់ តែម៉ោងដែលស្អាតខ្លាំងគឺ ពេលថ្ងៃរះ និងថ្ងៃលិច ចន្លោះម៉ោង ៥ព្រឹក-៧ព្រឹក លើកំពូលភ្នំខ្នងផ្សារ ហើយម៉ោង ៤-៦ល្ងាច លើកំពូលភ្នំខ្នងសំពៅ សម្រាប់ថ្ងៃលិច ធានាថាមកវិញមិនខ្វះរូបទុកផុសអួតមិត្តភ័ក្តឡើយ។