ចង់បានស្បែកស្អាត ក្រៅពីប្រើគ្រឿងសម្អាង ការញ៉ាំអាហារល្អៗគឺជារឿងចាំបាច់បំផុត។ អាហារគឺចាំបាច់ណាស់សម្រាប់រាងកាយ និងស្បែករបស់យើង។ អាហារខ្លះអាចធ្វើឲ្យយើងឡើងគីឡូ ឬមិនល្អចំពោះរាងកាយយើង។ តែអាហារ ៦ មុខនេះនឹងជួយឲ្យស្បែកយើងស្អាត ភ្លឺចេញពីខាងក្នុងតែម្តងបើឧស្សាហ៍ញ៉ាំវាញឹកញាប់៖
១. សូកូឡាខ្មៅ
ញ៉ាំសូកូឡាដែលមានជាតិកាកាវដល់ទៅ ៧០% សម្បូរសារជាតិដូចជា ប៉ូតាស្យូម ស័ង្កសី ម៉ាញ៉េស្យូម ថែមទាំងមានជាតិប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារស្បែកយើងពីកាំរស្មី UV និងការបំពុលផ្សេងៗ។ គេបានរកឃើញទៀតថាបន្ទាប់ពីញ៉ាំ កាកាវ អស់រយៈពេល ៦ ទៅ ១២ សប្តាហ៍ ស្បែកនឹងមើលទៅក្មេងជាងវ័យ រលោង មិនសូវគ្រើមដូចមុនទៀតផង។ ដូចនេះយើងគួរតែញ៉ាំម្សៅដែលមានកាកាវច្រើនជាង ៧០% ២០ ក្រាមរាល់ថ្ងៃ ដើម្បីទទួលបានស្បែកស្អាត។

២. ត្រីសម្បូរជាតិខ្លាញ់ល្អ
ត្រីដែលមានខ្លាញ់ច្រើនមានដូចជាត្រី សាម៉ុន ជាដើម វាមានអាស៊ីដ អូមេហ្កា ៣ ដែលជួយរក្សាជាតិទឹកក្នុងស្បែក និងធ្វើឲ្យស្បែកស្រូបយកជាតិទឹកបានច្រើន ហើយវាក៏មានសារធាតុចិញ្ចឹមដែលធ្វើឲ្យស្បែកមើលទៅភ្លឺ និងមានសំណើម ដោយសារវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារស្បែកបានល្អ។ លើសពីនេះត្រីដែលមានជាតិខ្លាញ់ច្រើន ជួយកាត់បន្ថយស្នាមមុន មុខក្រហម និងបង្កើតកោសិកាថ្មីដល់ស្បែកផងដែរ។

៣. ម្ទេសផ្លោក
ម្ទេសផ្លោកជាប្រភពនៃ Beta Carotene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារស្បែកពីកាំរស្មី UV និងជាប្រភពនៃវីតាមីន C ផងដែរ។ វាជួយផលិតជាតិខូឡាជែនជួយឲ្យស្បែករលោង និងមើលទៅក្មេងជាងវ័យ។ អ្នកដែលបារម្ភពីស្បែកជ្រីវជ្រួញគួរតែញ៉ាំបន្លែប្រភេទនេះ។

៤. ផ្លែឪឡឹក
មេឃក្តៅបែបនេះម្នាក់គួរតែញ៉ាំផ្លែឈើមួយប្រភេទនេះ ព្រោះវាសម្បូរជាតិទឹក ៩២%។ វាជួយកាត់បន្ថយជាតិទឹកដែលផ្ទុកលើមុខយើង ជួយកាត់បន្ថយហើមភ្នែក ឬមុខផងដែរ។ វាជួយឲ្យយើងស្រស់ស្រាយ និងមានស្បែកស្អាត។

៥. គ្រាប់ផ្កាឈូករ័ត្ន
គ្រាប់ផ្កាឈូករ័ត្នសម្បូរដោយ វីតាមីន E ស័ង្កសី និងប្រូតេអ៊ីន ជាមួយនឹងវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដូចកាត់បន្ថយការរលាក រួមទាំងការកើតមុន និងបញ្ហាស្បែកផ្សេងៗ។ វាក៏ជួយធ្វើឲ្យយើងមានអារម្មណ៍ល្អដែរ។

៦. ប៉េងប៉ោះ
ប៉េងប៉ោះជាគ្រឿងផ្សំមួយទៀតដែលយើងរកឃើញក្នុងក្នុងគ្រឿងសម្អាង។ វាជាប្រភពល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម Beta Carotene លីកូពីន ដែលជួយការស្បែកពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ និងធ្វើឲ្យមានសុខភាពល្អ ចំណែកជាតិ Carotene ជាអាហារល្អសម្រាប់ស្បែក។ អ្នកដែលចង់បានស្បែកភ្លឺស្អាត គួរតែញ៉ាំប៉េងប៉ោះ ឬអាចចាប់ផ្តើមដោយផឹកទឹកប៉េងប៉ោះ។
