រាជធានីភ្នំពេញ ៖ បេក្ខនារីបវរកញ្ញា Miss Global ចំនួន៦៥នាក់ពី៦៥ប្រទេស បានមកដល់ប្រទេសកម្ពុជាហើយ ដោយក្នុងនោះមានទាំងបវរកញ្ញាកម្ពុជាម្នាក់ផងដែរដែលជាកូនខ្មែរនៅអាមេរិក ។ កម្មវិធី Miss Global ឆ្នាំ២០១៧ នេះគឺប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ហើយវាជាមោទនភាពមួយ និងជាឱកាសផ្សព្វផ្សាយទៅដល់ពិភពលោកពីកិត្តិយសកម្ពុជា ។
កម្មវិធី Miss Global នឹងប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ចំពោះកញ្ញាយស ប៉ូលីណា ជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជាក្នុងការប្រកួតនេះ។ នាងមានអាយុ២៥ឆ្នាំ ជាកូនកាត់ខ្មែរ-អាមេរិក មានទីលំនៅបច្ចុប្បន្ននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ។
កញ្ញាយស ប៉ូលីណា មានទស្សនវិស័យទៅលើការលើកកម្ពស់ស្ត្រីគ្រប់រូបឱ្យមានភាពក្លាហាន ហ៊ានបញ្ចេញមតិរបស់ខ្លួន ព្រមទាំងហ៊ានជម្នះទៅលើការរៀនសូត្រ ។
ទាក់ទិនបេក្ខនារីកម្ពុជាយើង អ្នកដឹកនាំសម្តែងប្រចាំផលិតកម្មហង្សមាសលោកកៅ សីហា បានសរសេរលើហ្វេសប៊ុករបស់ខ្លួនកាលពីពេល ថ្មីៗកន្លងមកថា «ឮថានេះជាឈុតតំណាងជាតិ ទុកសម្រាប់ឱ្យ Miss Global cambodia 2017 ដែលខ្មែរជាម្ចាស់ផ្ទះ ពាក់សម្រាប់ប្រឡង។ ឈុតនេះជារបស់ហាងប៉ារ៉ាឌី ហើយបងមុំចនច័ន្ទ ធ្លាប់ពាក់បង្ហាញរួចហើយកាលពីប៉ុន្មានឆ្នាំមុនក្នុងកម្មវិធីដើរម៉ូដរបស់ហាងប៉ារ៉ាឌីនៅកោះពេជ្រ ។ ឈុតនេះក៏ស្អាតប្លែក ពោរពេញដោយការច្នៃប្រឌិត និងបង្កប់អត្ថន័យជាខ្មែរច្រើនដែរតែសង្ឈឹមថានឹងមានអ្វីដែលថ្មីសម្រាប់នាង ខណៈនាងជាអ្នកតំណាងក្នុងនាមជាម្ចាស់ផ្ទះទៅចុះ» ។
ម្ចាស់ហ្វេសប៊ុកដដែលទទូចឱ្យអ្នករៀបចំម៉ូដសម្លៀកបំពាក់សម្រាប់តំណាងកម្ពុជាគ្រងគួរតែសម្រេចប្តូរឈុតចាស់នោះចេញ ហើយរចនាថ្មីជូននាងដើម្បីមុខមាត់កម្ពុជា ពិសេស ដើម្បីទាក់ទាញចំណាប់អារម្មណ៍ឈានទៅចាប់យកជ័យជម្នះ ៕