រាជធានីភ្នំពេញ ៖ ក្រោយពេលសែនព្រេនយកគ្នាជាប្តី-ប្រពន្ធរួចមក ពេលនេះនាងខ្ញុង និងនាយកៃដ ត្រៀមរៀបការពេញលក្ខណៈប្រពៃណីតែម្តង ។
នាយកៃដ និងនាងខ្ញុងបច្ចុប្បន្នកំពុងត្រៀមចេញទៅសម្តែងរួមគ្នាលើកដំបូងនៅលើទឹកដីសហរដ្ឋអាមេរិក ហើយពួកគេគ្រោងរៀបចំពិធីមង្គលការក្រោយពេលត្រឡប់មកពីទីនោះវិញ ។
ក្រោយពេលរួមរស់ជាមួយគ្នាជាប្តី-ប្រពន្ធខ្ញុង និងនាយកៃដ បានបន្តការងារសិល្បៈកំប្លែង រួមទាំងពង្រីកការងារទាក់ទិននឹងសិល្បៈមួយចំនួនទៀត ទាំងពង្រីកក្រុមតន្ត្រីសម័យ និងទទួលរៀបចំធ្វើម្ហូបក្នុងពិធី ផ្សេងៗ ។ ចំណងស្នេហ៍នេះអ្នកទាំង២ប្រកាសមិនរំលឹក និងមិនប្រកាន់រឿងអតីតកាលរបស់ពួកគេរៀងខ្លួន ។
នាយកៃដអះអាងថា«ខ្ញុំស្រឡាញ់ខ្ញុងយ៉ាងពិតប្រាកដទើបសម្រេចចិត្តចាប់ដៃកសាងសុភមង្គលរួមគ្នា ហើយមិនត្រឹមតែខ្ញុំគ្រោងរៀបការជាទ្រង់ទ្រាយធំនាពេលខាងមុខទៀតផង។ ពេលនេះខ្ញុំ និងភរិយាកំពុងដុតដៃដុតជើងរកលុយសិន បើទោះបីជាមានជម្រករួមគ្នាទៅហើយក្តី ហើយ ឆាប់ៗនេះខ្ញុំ និងភរិយាក៏គ្រោងចេញទៅសម្តែងរួមគ្នាលើកដំបូងនៅលើទឹកដីនៃសហរដ្ឋអាមេរិកផងដែរ ។ ចំណែករឿងមង្គលការធំដុំអាចនឹងធ្វើក្រោយពេលវិលពីអាមេរិកវិញ» ។
ចំណងស្នេហារវាងនាយកៃដ និងនាងខ្ញុងបានបង្កើតឲ្យមានការភ្ញាក់ផ្អើលក្រោយពីពួកគេបានទម្លាយរឿងសែនព្រេនទទួលយកគ្នាជាប្តីប្រពន្ធ ។ ការទទួលយកគ្នានេះក្រោយពេលនាយកៃដ បែកបាក់ភរិយារយៈពេលជាង២ឆ្នាំ ។
បុរសមួយចំនួនទាំងនៅក្នុង និងក្រៅស្រុកពិតជាខកចិត្តដោយសារចែចង់ខ្ញុងមិនបាន ហើយនាងធ្លាក់ទៅលើនាយកៃដ ដែលរួមអាជីពកំប្លែងជាមួយគ្នា ៕