រាជធានីភ្នំពេញ ៖ ដំណឹងរៀបមង្គលការរបស់តារាចម្រៀងសុគន្ធ នីសា បង្ហាញថានឹងកើតឡើងនៅដើមខែធ្នូ ២០១៧ ។ ស្របនឹងដំណឹងនេះអ្នកគាំទ្ររបស់នីសាមិនចង់ឱ្យនាងបោះបង់ទេ គឺចង់ឱ្យនាងបន្តអាជីពសិល្បៈជាងងាកទៅតាមស្វាមី ។
តារាចម្រៀងសុគន្ធ នីសា ធ្លាប់បានបញ្ជាក់ថា «គូដណ្តឹងរបស់ខ្ញុំមិនមែនជាឪពុកកុមារីណូ ឈួស៊ីវហេង ហើយក៏មិនមែនជាមន្ត្រីធំនៅក្រសួងមហាផ្ទៃដែរ» ។ ដំណឹងនេះត្រូវមហាជនទូទៅកំពុងមានចម្ងល់ថា «តើអ្នកណាជាកូនកំលោះរបស់សុគន្ធ នីសា ? ដោយកន្លងមកតារាចម្រៀងរូបនេះគ្រាន់តែបញ្ជាក់ថា «គូដណ្តឹងខ្ញុំជាមនុស្សសាមញ្ញធម្មតា»។ ប៉ុន្តែ ទោះជាសុគន្ធ នីសា មិនប្រាប់ថា អនាគតស្វាមីរបស់នាងជាបុរសណាក៏ដោយ ក៏អ្នកដែលស្និទ្ធនឹងអ្នកចម្រៀងល្បីឈ្មោះរូបនេះបង្ហើបឲ្យដឹងថាច្បាស់ណាស់ថា អនាគតស្វាមីរបស់សុគន្ធ នីសា គ្មានអ្នកណាក្រៅពីលោកសាំប៉ា ជាអាណិកជនខ្មែរនៅសហរដ្ឋអាមេរិកនោះទេ ។ លោកសាំប៉ា ជាអាណិកជនខ្មែរ នៅរដ្ឋឡូវែល សហរដ្ឋអាមេរិក ដែលជាអ្នកមានភាគហ៊ុនធំនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife ។
បន្ទាប់ពីឈ្វេងយល់ចិត្តអាណិកជនខ្មែរ នៅអាមេរិក លោកសាំប៉ា មក នីសាសម្រេចភ្ជាប់ពាក្យ និងត្រៀមរៀបការនាពេលខាងមុខនេះ ។ នីសា និងអនាគតស្វាមី សម្រេចជ្រើសរើសសណ្ឋាគារថ្នាក់ផ្កាយដើម្បីរៀបការ គឺសណ្ឋាគារមួយយ៉ាងប្រណីតនៅក្បែរផ្សារទំនើបអ៊ីអនម៉ល ។
ប្រភពព័ត៌មានឱ្យដឹងថា ពេលនេះសុគន្ធ នីសា បានសម្រិតសម្រាំងឈ្មោះអ្នកសិល្បៈនៅក្នុងស្រុក ដើម្បីចូលរួមកម្មវិធីពិសេសរបស់នាង ។ សម្រាប់តារាដែលនាងអញ្ជើញនោះ គឺសឹងតែគ្រប់រូបគ្មានចន្លោះអ្នកណាឡើយ គឺឱ្យតែល្បីឈ្មោះ ។ សម្រាប់ភ្ញៀវរបស់កូនកំលោះវិញភាគច្រើនជាអ្នកជំនួញធំដែលរកស៊ីជាមួយលោកនៅក្រុមហ៊ុន Manulife និងអាណិកជនខ្មែរ-អាមេរិក មួយចំនួនផងដែរ ៕