រាជធានីភ្នំពេញ ៖ អ្នកនាងផ្កាយ វលក្ខណ៍ជាអតីតតារាសម្តែង តែបាត់មុខពីពិភពសិល្បៈជាង៧ឆ្នាំមកហើយក្រោយពីរៀបការ ។ អ្នកនាងវលក្ខណ៍បានកែប្រែជីវភាពគាប់ប្រសើរដោយស្វាមីជាអ្នកមានឋានៈខ្ពស់ និងមិនឱ្យនាងលំបាកក្រៅពីមើលថែទាំកូនចៅក្នុងរង្វង់គ្រួសារទេ ។
អ្នកនាងផ្កាយ វលក្ខណ៍ ត្រូវស្វាមីរៀបចំ ពិធីខួបកំណើតជូនយ៉ាងឱឡារិកក្នុងវ័យ៣៥ឆ្នាំដែលមើលទៅនៅតែស្រស់ស្អាត ។ ពិធីខួបកំណើតនោះរៀបចំនៅសណ្ឋាគារលំដាប់ខ្ពស់គឺសណ្ឋាគារ«ហ៊ីម៉ាវ៉ារីភ្នំពេញ»កាលពីយប់ថ្ងៃទី១១ វិចិ្ឆកា ឆ្នាំ២០១៧ ។ វត្តមានភ្ញៀវចូលរួមភាគច្រើនជាឯកឧត្តម ឧត្តមសេនីយ៍ ឧកញ៉ា និងលោកជំទាវ ព្រមទាំងតារាសម្តែងមួយចំនួនដូចជាអ្នកនាងចន ច័ន្ទលក្ខិណា និងអ្នកនាងឈិន សុធារី ជាដើម ។
អ្នកនាងផ្កាយ វលក្ខណ៍ បានថ្លែងថា «ថ្ងៃពិសេសនេះនាងខ្ញុំចង់ធ្វើបែបតូចតាចក្នុងគ្រួសារដូចរាល់ដង ប៉ុន្តែស្វាមីចង់រៀបចំធ្វើឱ្យធំ ក្នុងនោះមានកម្មវិធីពិសេសដែលគាត់រៀបពញ្ញាក់អារម្មណ៍នាងខ្ញុំ។ មានអីស្រាប់តែគាត់បានសាងភាពភ្ញាក់ផ្អើលជូនកាដូគ្រឿងពេជ្រមួយឈុតជិត៤ម៉ឺនដុល្លារ ហើយមានកាដូទូរស័ព្ទដៃIphonexមិនដឹងទៅកុម្មង់ពីពេលណាទេយកមកជូនឱ្យបានសប្បាយចិត្តថ្ងៃសំខាន់ ។ ទាំងអស់នេះនាងខ្ញុំកាន់តែមានភាពពេញចិត្តនៅពេលក្រោយបញ្ចប់ការងារសិល្បៈរយៈពេលប៉ុន្មានឆ្នាំនេះ យកពេលមកមើលថែគ្រួសារពិតជាមានសុភមង្គលមែន» ។
អ្នកនាងផ្កាយ វលក្ខណ៍ ជាអតីតតារាដែលលេចធ្លោមួយដួងធ្លាប់សាងស្នាដៃសម្តែងខារ៉ាអូខេឱ្យផលិតកម្មជាច្រើនកាលពីជិត១០ឆ្នាំមុន ។ នាងល្បីទាំងក្នុង និងក្រៅប្រទេស ហើយធ្លាប់ជាសមាជិកក្រុមកំប្លែងនាយក្រឹមព្រមទាំងចេះច្រៀងទៀតផង ។
អ្នកនាងផ្កាយ វលក្ខណ៍ មានកូនពីរនាក់ប្រុស១ ស្រី១ ។ នាងបានត្រៀមខ្លួនចូលសិល្បៈវិញក្រោយពិភាក្សាសុំការឯកភាពពីស្វាមីរួចមក។ នាងបញ្ជាក់ថា«ការចង់ចូលសិល្បៈវិញនេះមិនមែនប្រជែងយកឈ្នះអ្នកក្រោយទេ គ្រាន់តែយើងធ្វើតាមសមត្ថភាពដែលខ្លួនមានប៉ុណ្ណោះ។ ចំពោះរឿងថាចូលសិល្បៈវិញថតសម្តែងមានតួប្រុសប៉ះសាច់នោះនាងខ្ញុំក៏គិតដែរ ប្រសិនបើស្វាមីហាមបន្តទៀតនាងខ្ញុំនឹងពិចារណាដើម្បីកុំឲ្យប៉ះពាល់សុភមង្គលគ្រួសារ» ៕