រាជធានីភ្នំពេញ ៖ កញ្ញាណា តាហ្សា ដាក់កំណត់តម្លៃខ្លួនរបស់នាង២៥០០ដុល្លារ ។ ការកំណត់តម្លៃខ្លួនបែបនេះខណៈប្រជាប្រិយភាពក្នុងអាជីពសិល្បៈសម្តែងរបស់នាងកាន់តែលូតលាស់ឡើង ។
កញ្ញាណា តាហ្សា ក្រោយពេលសម្តែងក្នុងខ្សែភាពយន្តរឿង«កំណត់ហេតុនាងនាថ»កំពុងតែកាក់កបចំពោះអាជីពរបស់ខ្លួន ។ ទេពកោសល្យសម្តែងនៅក្នុងខ្សែភាពយន្តជាតួអង្គខ្មោចលើកទី១នោះ ធ្វើឲ្យស្រីស្អាតណា តាហ្សា លូតឡើងទាំងកេរ្តិ៍ឈ្មោះ ទាំងការងារសម្តែង ព្រមទាំងតួនាទីជាអ្នកចាត់ចែងក្រុមដើរបង្ហាញម៉ូដនៅតាមក្រុមហ៊ុននានា ។ ចំពោះការសម្តែងភាពយន្តនាពេលនេះណា តាហ្សាបានទទួលថតពីរបីរឿងជាបន្តទៀតបន្ទាប់ពីបញ្ចប់ការសម្តែងឱ្យផលិតកម្មឥន្ទ្រានិម្មិត ។
ណា តាហ្សា ឲ្យដឹងថា ក្រោយពេលបញ្ចប់រឿង «កំណត់ហេតុនាងនាថ» មក ផលិតកម្មមហាហង្សបានទាក់ទងឲ្យនាងសម្តែងជាតួឯកក្នុងខ្សែភាពយន្តពីររឿងជាប់គ្នាដែលជាប្រភេទរឿងដុំសម្រាប់បញ្ចាំងតាមរោង ។ ដោយសារតែទឹកចិត្តស្រឡាញ់ការងារសម្តែង នាងព្យាយាមពង្រឹងសមត្ថភាពខ្លួនឯងក្នុងន័យឈោងចាប់ឱ្យបានជាតារាលេចធ្លោក្នុងដួងចិត្តមហាជន ។ «អុីចឹងហើយបានសម្រេចចិត្តថារាល់ផលិតកម្មនានាដែលមានបំណងទាក់ទងហៅនាងខ្ញុំសម្តែងគឺនាងខ្ញុំដាក់តម្លៃខ្លួនសម្តែង២៥០០ដុល្លារ ។ ខ្ញុំមិនដឹងថា ផលិតករមួយចំនួនមានការអាក់អន់ចិត្តបែបណានោះទេ ហើយរំពឹងថាពិតជាយល់ដល់នាងខ្ញុំវិញ ប្រសិនបើតួលេខកំណត់ ឆៅៗពេលចង់បាននាងខ្ញុំទៅសម្តែងបែបនេះ ។ យ៉ាងណាក៏អាចពិចារណាផងដែរប្រសិនបើមានការនិយាយគ្នាមុនពេលដំណើរការចាប់ផ្តើម» ។
កញ្ញាណា តាហ្សា ជាប្រធានគ្រប់គ្រង ចាត់ចែងក្រុមតារាដែលបណ្តាក្រុមហ៊ុននានាត្រូវការតួថ្មីបង្ហាញម៉ូដ និងសម្តែង ។
ចំពោះរឿងស្នេហាជាមួយកីឡាករបាល់ទាត់ជាជនបរទេសនោះ ណា តាហ្សា ឱ្យដឹងថា នៅតែមានភាពល្អូកល្អិនដូចដើម តែពួកនាងមិនទាន់មានគម្រោងរៀបការទេ ៕