រាជធានីភ្នំពេញ ៖ បន្ទាប់ពីចេញទៅពិនិត្យ និងព្យាបាលនៅប្រទេសថៃជិត២សប្តាហ៍កន្លងទៅ តារាកំប្លែងនាយវីតាមីនសេ បានវិលមកកាន់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី២៨ ខែវិច្ឆិកា ២០១៧ ជាមួយក្តីសង្ឃឹមក្នុងការព្យាបាល ។
កូនស្រីនាយវីតាមីនសេ អ្នកនាងប៉េង ប៉ោង ឱ្យដឹងថា ក្រោយពីរង់ចាំស្តាប់លទ្ធផលពីក្រុមគ្រូពេទ្យកាលពីថ្ងៃទី២៧ វិច្ឆិការួចមក ក្រុមគ្រូពេទ្យថៃបានធានាព្យាបាលជំងឺឪពុករបស់នាងឲ្យជាសះស្បើយ ។ ក្រោយពីពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនាទីក្រុងបាងកក មក បញ្ជាក់ថាអាការជំងឺរបស់នាយវីតាមីនសេ គឺស្ថិតនៅក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ហេតុនេះគេធានាក្នុងការព្យាបាល ។
បើតាមអ្នកនាងប៉េង ប៉ោង ការព្យាបាលជំងឺឪពុករបស់អ្នកនាង គឺធ្វើឡើងចំនួន២ដងតាមរយៈការចាក់ថ្នាំ ដើម្បីធ្វើឲ្យសាច់ដុះនៅក្នុងថ្លើមរបស់គាត់រួម ឬក៏អាចរក្សានៅដូចដើម មុនឈានដល់ដំណាក់កាលវះកាត់ចុងក្រោយ ខណៈពេលតម្លៃនៃការចាក់ថ្នាំម្តងចំនួន១សែន៥ម៉ឺនបាត បើគិតជាដុល្លារប្រហែលជា៥ពាន់ដុល្លារ ។
អ្នកនាងប៉េង ប៉ោង បន្ថែមថា តាមរយៈក្រុមគ្រូពេទ្យនៅប្រទេសថៃជំងឺឪពុករបស់នាងអាចធានាព្យាយបាលបានរហូតដល់៧០% ។ បើទោះបីជាការចេញទៅព្យាបាលនៅប្រទេសថៃរយៈពេលជិត១០ថ្ងៃនេះខ្លីក៏ដោយ ប៉ុន្តែក្រុមគ្រួសាររបស់នាងបានការយកចិត្តទុកដាក់ខ្លាំងពីក្រុមគ្រូពេទ្យ ។ ក្រុមគ្រូពេទ្យបានស្នើកុំឲ្យក្រុមគ្រួសារ ជាពិសេសឪពុករបស់នាងផ្ទាល់អស់សង្ឃឹម ព្រោះក្រុមគ្រូពេទ្យទាំងអស់នឹងខិតខំជួយឲ្យអស់លទ្ធភាព ។
តាមរយៈលទ្ធផលនោះក្រុមគ្រួសារនាយវីតាមីនសេសប្បាយចិត្ត បើទោះបីជាការចំណាយលើការព្យាបាលប្រមាណជិត៣ម៉ឺនដុល្លារក៏ដោយ ។
អ្នកនាងប៉េងប៉ោង បានស្នើសុំការជួយឧបត្ថម្ភពីសប្បុរសជនដល់ក្រុមគ្រួសាររបស់នាងខណៈកំពុងជួបបញ្ហានាពេលនេះ ។ ទន្ទឹមនេះនាងបានថ្លែងអំណរគុណចំពោះបណ្តាអ្នកជួយឧបត្ថម្ភនាពេលកន្លងមក ព្រមទាំងអ្នកជួយប្រឹក្សាយោបល់ចំពោះការនាំនាយវីតាមីនសេទៅព្យាបាលជំងឺនៅក្រៅប្រទេស ។
បើតាមគម្រោងនាយវីតាមីនសេ នឹងវិលត្រឡប់ទៅកាន់ប្រទេសថៃជាលើកទីពីរក្នុងអំឡុងពាក់កណ្តាលខែធ្នូ តាមវេជ្ជបញ្ជា ៕