Monday, November 25, 2024
spot_img
More

    Latest Posts

    អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ជះ​សម្តី​ល្វីងទៅ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា

    រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ប្រតិកម្ម​តប​ចំពោះ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ចំពោះ​ការ​លាប​ពណ៌​លើ​នាង​ដែល​បាន​សរសេរ​ពាក់ព័ន្ធ​នឹង​រូបិយប័ណ្ណ​ជាតិ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

    តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​៖ «​មិន​ឲ្យ​មហា​ជន​រិះគន់​ពិភព​សិល្បៈ​ថា​រញ៉េរញ៉ៃ​ម្តេច​បាន បើ​សូ​ម្បី​តែ​ប្រធាន​សមាគម​សិល្បៈ​ក៏​តាម​បំផ្លាញ​អ្នកសិល្បៈ​គ្នា​ឯង​ដែរ (sic) ដើរ​ឈ្លោះ​ស្ទើរ​មួយ​ប្រទេស ។ មាន​តែ​អញ ! លូកដៃ​តាំងពី​រឿង​កំប៉ិកកំប៉ុក​រហូត​ដល់​រឿង​នយោបាយ​ខុស​ជំនាញ ។ ផ្អែម​ក្រៅ​ដំបៅ​ក្នុង ជំនាញ​​ចាក់រុក​បង្កើត​បក្សពួក​និយម គ្មាន​គំនិត​បង្រួបបង្រួម​ក្នុង​នាមខ្លួន​ជា​ប្រធាន​សោះ យក​ចរិត​នៅផ្ទះ​មក​ដឹកនាំ មិន​ដែល​ថា​ខ្លួនឯង​ខុស​ម្តង គ្មាន​ទំនួល​ខុស​ត្រូវ ។ ខឹង​គេ​និយាយ​​ចំ​ចំណុច​មិន​តប​នឹង​មុខ​ទេ រត់​ទៅ​កៀរគរ​បក្សពួក​ឲ្យ​ជួយ​ជេរ​ពី​ចម្ងាយ និង​ខំ​កាយ​​យក​រឿង​ផ្សេង​ទាំង​មិន​ពិត​មក​បញ្ឈឺ ។ អ​សីលធម៌​ជេរ​បញ្ចោរ​យក​តែ​ឈ្នះ ហើយ​ថ្មី​ៗ​​នេះ​​ទើបតែ​ជេរ​ប៉ះ​ដល់​សិទ្ធិ​បុគ្គល​ប្តី​ប្រពន្ធ​អ្នកមាន​ឋានៈ​កំពូល វិះ​តែ​នឹង​បាន​ជាប់​ខ្នោះ​ជាប់គុក​ច្រវាក់​ទៅ​ហើយ បើ​កុំ​តែរ​ត់ទៅ​លុតជង្គង់​ទាំង​ភ្នែក​នៅ​កញ្ចឹងក ក្រាប​សំពះ​សូម​ទោស​គេ​ទាន់ ។

    សរុប​ទៅ​អ្វី​ដែល​គាត់​ធ្វើ សុទ្ធតែ​ជា​រឿង​គ្មាន​ប្រយោជន៍​អ្វី​ប៉ុន​ចុង​ក្រចក​ដល់​សង្គម និង​សិល្បៈ​សោះ ផ្ទុយ​ទៅ​វិញ​បាន​ត្រឹមតែ​ធ្វើ​ឲ្យ​ពិភព​សិល្បៈ​ជួប​តែ​ភាព​ថោកទាប ឆ្អាប​ស្អុយ អត់​តម្លៃ អាច​ឈាន​ទៅ​រក​ការ​អស់ជំនឿ និង​រលត់​រលាយ​កេរ្តិ៍ឈ្មោះ​សមាគម​សិល្បៈ​នៅ​អនាគត​ដ៏​ខ្លី​ខាង​មុខ​ប៉ុណ្ណោះ ។ តើ​ចរិត​អ្នកដឹកនាំ​សិល្បៈ​គេ​ធ្វើ​ដូច្នេះ​ឬ ?

    ឥឡូវ​គាត់​ងាក​មក​បំផ្លាញ​ខ្ញុំ​ទៀត​ហើយ ។ ជួយ​គិត​មើល​បងប្អូន ខ្ញុំ​និយាយ​តែ​ខ្ញុំ ឆ្ងល់​រឿង​​លុយ​ជា​រឿង​ធម្មតា អត់​ប៉ះពាល់​ដល់​នរណា​សោះ ស្រាប់តែ​គាត់​មក​លាប​ពណ៌​ឲ្យ​ខ្ញុំ​ទៅ​ជា​រឿង​ផ្សេង​ឯណា​ឆ្កុយ ។ សាហាវ ! ម៉េច ឃើញ​ខ្ញុំ​នៅ​តែឯង គិត​ថា​ខ្ញុំ​នេះ​ងាយ​យក​មក​លេងសើច ឬ​យ៉ាងម៉េច ? ចង់​មានរឿង​ខ្លាំង​ណាស់​មែន​ទេ ? សំអុយ​ឈ្មោះ​ខ្ញុំ​រាប់​​ឆ្នាំ​ហើយ នៅ​មិន​ទាន់​គ្រប់​ទៀត ជាតិ​ណា​ទើប​ឈប់ ? ឬ​ទាល់តែ​មនុស្ស​ទាំង​លោក​នេះ​គេ​ព្រួត​គ្នា​ស្តោះ​ទឹកមាត់​ដាក់​មុខ​ទើប​អ្នក​ស្វាង ? ខ្ញុំ​និយាយ​ពី​ស្អី អ្នកដឹង​ខ្លួន ហើយ​ៗ​កុំ​គិត​ថា​នៅ​សម្ងំ​ប្រមូល​ពាក្យ​ខ្ញុំ​ទៅ​សន្សំរឿង​ដើម្បី​រៀប​គំរោង​មក​ប្តឹង​ដូច​នាង​ធ្លាប់​ធ្វើ​ដាក់​​គេ​ឲ្យ​សោះ កុំ​អី សូម​អង្វរ ខ្ញុំ​គ្មាន​ខ្នង​ដូច​អ្នក​ទេ ខ្ញុំ​ខ្លាច​…! តែ​សូមអ្នក​ប្រើ​ខួរក្បាល​ល្អ​ពិចារណា​ពី​ស្នាដៃ​ខ្លួន​ឲ្យ​ច្បាស់ ថា​តើ​ការ​និយាយ​មួលបង្កាច់​ខ្ញុំ​អ៊ីចឹង ភស្តុ​តាង​ប៉ុណ្ណឹង សាក្សី​ក៏​មាន​ច្រើន តើ​អ្នក ឬ​ក៏​ខ្ញុំ​ដែល​ត្រូវ​ប្តឹង ?

    អ្នក​ត្អូញ​ប្រាប់​គេ​ថា​ខ្លួន​ជា​ជន​រង​គ្រោះ តែ​អ្នកមាន​ដែល​បាន​ទាក់ទង​មក​ខ្ញុំ​ដើម្បី​បំភ្លឺ​ទេ​បើ​ពិតជា​ត្រឹមត្រូវ ? អត់​ទេ ! តែ​បែ​ជា​ទៅ​បង្ហោះ​ពាក្យ​ដៀមដាម​ហូរហែ​ដូច​ថែម​សាំង​លើ​ភ្លើង តើ​សម្តី ថ្លោស​ៗ​របស់​អ្នក​នោះ​សម​ទេ​ថា​នាង​ជា​ជន​រង​គ្រោះ ? តើ​ត្រង់​ណា​ដែល​អ្នក​ថា​នាង​មិនដឹង​រឿង ? នរណា​ជឿ ? កុំ​ភ្លេច​ពាក្យ​លែបខាយ​វ៉ៃ​ផ្លែ​របស់​អ្នក​ដែល​បាន​បង្ហោះ​ទាំង​ប៉ុន្មាន​វា​នឹង​ចូល​ជាមួយ​ពាក្យបណ្តឹង​ដែរ​ហើយ​ទោះជា​អ្នក​ខំ​លុប​ចេញ​ក៏​ដោយ​ក៏​គ្រប់​គ្នា​នៅ​មាន​ដែរ ។ កុំ​បាច់​ឆ្លើយ​ដាក់​អ្នក​ផ្សេង ព្រោះ​ទោះជា​យ៉ាងណា​ក្នុង​នាម​អ្នកជា​ប្រធាន និង​ជា​ម្ចាស់ Page ម្ចាស់​website អ្នក​ត្រូវ​តែ​ទទួលខុស​ត្រូវជា​ដាច់​ខាត​ក្នុង​រឿង​នេះ ! បើ​ចិត្ត​កូនស្រី កុំ​លេង​រត់ !

    ខ្ញុំ​មិន​ចង់​ទេ​រឿង​ឈ្លោះ ពិសេស​ជាមួយ​អ្នកសិល្បៈ ខ្ញុំ​រឹតតែ​មិន​ដែល​មាន ប៉ុន្តែ​រឿង​នេះ​នាង​បំពាន​ខ្ញុំ​មុន ទាំង​ដែល​ខ្ញុំ​តែង​ស្រលាញ់​នាង ការពារ​នាង​ពេល​ត្រូវ​គេ​ជេរ​ប្រមាថ ។ តែ​នាង​លប​ត្របាក់​ខ្ញុំ​ឥត​ល្ហែ ។ ធ្លាប់​អហោសិកម្ម​ឲ្យ​ច្រើន​ហើយ ប៉ុន្តែ​លើក​នេះ​អត់​ទេ​ត្រូវ​តែ​ប្រាប់​ឲ្យ​គេ​ដឹង ខ្លាច​បើ​ខ្ញុំ​មានរឿង​អី ឬ​ត្រូវ​បាត់បង់​ការងារ ក៏​ព្រោះតែ​ពួក​គេ​ហ្នឹង ព្រោះ​ពួក​គេ​មួលបង្កាច់​បំណង​សម្លាប់​ខ្ញុំ​ទាំង​រស់ណា​បងប្អូន ចេតនា​ចង់​ឲ្យ​ខ្ញុំ​មានទោស​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ ប្រមាថ​ស្ថាប័ន​ជាតិ និង​ប្រមាថ ប្រាក់​រៀល​ខ្មែរ ។ គេ​ចង់​ឲ្យ​ខ្ញុំ​ត្រូវ​ថ្នាក់លើ​អាក់អន់ចិត្ត​ទាំង​យល់​ច្រឡំ​ដូច​លើក មុន​ៗ ដើម្បី​បំបាត់​ប្រជាប្រិយភាព​ខ្ញុំ បន្ថយ​ការងារ​ខ្ញុំ តើ​ឱ្យ​ខ្ញុំ​ព្រងើយ​មិន​ឆ្លើយ​ម៉េច​នឹង​បាន ?

    តើ​ក្នុង​គ្រា​ដែល​ខ្ញុំ​ខំតស៊ូ​ទាំង​បង ទាំង​ប្អូន ទាំង​កូនក្មួយ​មួយ​ត្រកូល ប្រឹង​បង្កើន​ស្នាដៃ​ជួយ​​ជ្រោង​សិល្បៈ​ដើម្បី​មុខមាត់​ជាតិ និង​មិន​ដែល​លើកដៃ​សំពះ​សុំ​លុយ​មួយ​រៀល​ពី​អ្នក​​ណា សូ​ម្បី​សមាគម​សិល្បៈ​អ្នក​នាង​ច​ន ច័ន្ទ នេះ ក៏​មិន​ដែល​ផ្តល់​កិត្ត​យស​ស្អី​ឲ្យ​ក្រុម​គ្រួសារ​ខ្ញុំ​ដែរ តែ​ទៅ​ជា​អ្នក​នាង​ប្រធាន​សមាគម​សិល្បៈ​ដែល​មាន​នាទី​ជួយ​ថែ​អ្នកសិល្បៈ​នេះ​ប្រើ​គតិ​អវិជ្ជា​មក​បំផ្លាញ​ចង់​ផ្តាច់​ពូជ​អ្នកសិល្បៈ​ទៅ​វិញ តើ​បងប្អូន​គិត​ថា​គាត់​ធ្វើ​នេះ​ត្រឹមត្រូវ​ដែរ​ទេ ? បែប​នេះ​គេ​អាច​ហៅ​ប្រធាន​សមាគម​នេះ​ថា​ជា​ជន​បំផ្លាញ​ធនធាន​វប្ប​ធម៌​បាន​ទេ ? ហើយ​អាច​ហៅ​បាន​ទេ​ថា​ជា​ដង្កូវ​ក្នុង​សាច់ ? តើ​គេ​គួរ​មានទោស​កម្រិត​ណា?សូម​បងប្អូន​អាន​ហើយ​ពិចារណា និង​ផ្តល់​ខ​មិន​យុត្តិធម៌​ខ្ញុំ​ផង »​។

    វេ​ប​សាយ​មួយ​ឈ្មោះ​Dara News ( តារា​ញូ​ស៍ )​របស់​សមាគម​សិល្បៈ​ដែល​គេ​ស្គាល់​ថា​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ជា​ប្រធាន​នោះ​បាន​Share យក Status របស់ខ្ញុំ​មក​ផ្សាយ​បន្ត ហើយ​Page សមាគម​សិល្បៈ​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​ដដែល​នេះ​ក៏​យក​មក​ផុស​លើ​គណនី​គាត់​ដែរ ប៉ុន្តែ​ពួក​គេ​មិន​បាន​រក្សា​ភាព​ដើម​ឲ្យ​ខ្ញុំ​ទេ គឺ​គេ​បាន​បន្ថែម​រូប​លុយ​ខ្មែរ ក្រដាស​១០០០​រៀល​ដែល​មាន​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហា​វីរ​ក្ស័​ត្រ​ដល់​ទៅ​ពីរ​សន្លឹក ព្រមទាំង​បាន​ថែម​ល្បោយ រោយ​ម្ទេស​ជា​ពាក្យ​ថា «​ទាំង​ព្រលឹម​ហ្មង​៖ ម៉េ​ង កែវ​ពេ​ជ្ជ​តា​ព្រលះ​ធនាគារជាតិ​យ៉ាង​ចាស់ដៃ​រឿង​លុយ​ថ្មី …» ពាក្យ​របស់​គាត់​ទាំងនេះ ប្រាស​ចាក​ឆ្ងាយ​ពី​អត្ថន័យ និង​បំណង​ខ្ញុំ​ដែល​បង្ហោះ​ក្នុង Status​ខ្ញុំ​ទាំងស្រុង ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ខ្លះ ប៊ិះ​នឹង​យល់​ច្រឡំ​មក​លើ​ខ្ញុំ ដូច្នេះ​ហើយ ទើប​ខ្ញុំ​ត្រូវ​តែ​ចេញ​មក​ពន្យល់ ។

    អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បន្ត​ថា «​សារ​នេះ​ខ្ញុំ​សរសេរ​គ្មាន​បំណង​ចង់​ឲ្យ​នាង​សូមទោស​ស្អី​ទេ ព្រោះ​ដឹង​ហើយ​ថា​នាង គ្មាន​ទំនួល​ខុស​ត្រូវ​ស្ទើរតែ​គ្រប់​រឿង ដូច្នេះ​ខ្ញុំ​មិន​រង់ចាំ​ទេ គ្រាន់តែ​ខ្ញុំ​ចង់​ជម្រាប​ដល់​មហាជន​ឲ្យ​បានដឹង​ពី​អ្នក​នៅ​ពីក្រោយ​រឿង​នេះ​ថា​ជា​ «ទេព​អប្សរ​ចិត្ត​ព្រាយ​»​ហ្នឹងហើយ ។ ហើយ​ក៏​ចង់​ជម្រាប​ដល់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ដែរ សូម​លោក​មេត្តា​កុំ​យល់​ខុស​លើ​នាង​ខ្ញុំ រឿង​នេះ​គឺ​ខាង​ពួក​គេ​អ្នក​ធ្វើ​ទេ បើ​ចង់​ស្អប់ ឬ​ស្រលាញ់ ចង់​ហៅ​ទៅ​ហូប​តែ​ចត់​ម្តងទៀត សូម​លោក​ហៅ​ពួក​គាត់​ទៅ នាង​ខ្ញុំ​មិន​ពាក់ព័ន្ធ​ឡើយ​សូម​អរគុណ »៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.