រាជធានីភ្នំពេញ ៖ កញ្ញាដេនី ក្វាន់បានបង្ហោះសារមួយ ក្រោយពីតារាចម្រៀង កញ្ញា មាស សុខសោភាត្រូវបាន គេឃើញស្លៀកខ្លីនៅក្នុងវីដេអូ ដែលនោះជាសកម្មភាពថតវីដេអូចម្រៀងថ្មីគឺបទ “My Only Me” ។ ក្នុងវីដេអូដែលកញ្ញា មាស សុខសោភា បានបង្ហោះនោះឃើញថា កញ្ញា មាស សុខសោភា ស្លៀកឈុតបីគីនី បង្ហាញពីភាពសុិចសុីដែលធ្វើឲ្យ មហាជនភ្ញាក់ផ្អើលពីភាពសុិចសុីរបស់កញ្ញា ។
ហើយសារដែលកញ្ញាដេនី ក្វាន់បានសរសេរចូលក្នុងបណ្តាញសង្គមនោះថា ៖ «Idol របស់ខ្ញុំគាត់ស្លៀកប៉ុណ្ណឹង គឺវាមិនចំលែកនោះទេ ព្រោះគាត់ស្លៀកថតនៅសមុទ្រ ហើយក៏ជាសិល្បះក្នុងការសម្តែង យ៉ាងណាក៏ខ្ញុំនៅតែស្រលាញ់ ចូលចិត្ដគាត់ដដែល ព្រោះមិនអាចវាយតម្លៃមនុស្សត្រឹមតែការស្លៀកពាក់នោះទេ… តែបើសិនជាឈុតដែលគាត់ស្លៀក មកខ្ញុំជាអ្នកស្លៀកវិញ ច្បាស់ណាស់ប្រាកដជាត្រូវក្រសួងផ្អាកយ៉ាងតិចក៏មួយឆ្នាំទៀតដែរ!» ។
គួររម្លឹកផងដែរថា ដេនី ក្វាន់តារាសុិចសុី ដែលធ្លាប់ត្រូវបានក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានចេញវិធានការ៣ចំនុច លើនាងដោយទី១-គឺហាមមិនឱ្យតារារូបនេះ ដាច់ខាតក្នុងការឈានជើងចូលក្នុងវិស័យសិល្បៈរយៈពេល១ឆ្នាំ។ ទី២-ក្នុងករណីដែលតារារូបនេះ នៅមិនរាងចាល ក្រសួងនឹងស្នើសុំទៅដល់ម្ចាស់ផលិតកម្មនានា មិនឱ្យហៅតារារូបនេះ យកទៅសម្តែងបន្តទៀតឡើយ ។ ទី៣-ហាមដាច់ខាត មិនឲ្យមានការចាក់ផ្សាយរាល់ស្នាដៃរបស់នាងដេនីក្វាន់ឡើយ ក្នុងពេលដែលតារារូបនេះកំពុងតែជាប់ក្នុងពិន័យ។ ក្រោយការពិន័យ តារាសុិចសុីរូបនេះបានអាជីវកម្មដែលជារបស់ខ្លួនឯង ហើយក៏ធ្លាប់ឃើញនាងបានយកពេលវេលាទំនេរ ទៅចូលរួមជាការងារសង្គមវិញ៕