ផ្អកកំពឹសជាអាហារប្រចាំរបស់អ្នកភូមិតាមខេត្ត ជាពិសេសអ្នកខេត្តជាប់សមុទ្រពូកែធ្វើណាស់ ឡើងឆ្ងាញ់។ ដាក់ថែមតែម្ទេសឲ្យហឹរ មានពពាយខ្ចីៗបន្ថែមទៀត ដឹងតែញ៉ាំគ្មានដឹងឆ្អែតទេ។ តែបើនៅភ្នំពេញប្រហែលជាពិបាករកទិញបន្តិច ទោះមានក៏មិនសូវល្អប៉ុន្មានដែរ សំខាន់ថ្លៃទៀត។ បើចង់ញ៉ាំឈប់ពិបាកទៀតទៅ ទិញតែកំពឹងស្រស់ៗ និងគ្រឿងផ្សំប៉ុន្មានមុខនេះមក ដឹងតែធ្វើញ៉ាំខ្លួនឯងបានហើយ។
គ្រឿងផ្សំ៖
- កំពឹស ៣ ខាំ ឬ លៃល្មមពេញកែវរបស់យើង
- អង្ករខ្សាយលីង រួចបុកវាអោយម៉ដ្ឋ ៣ ទៅ ៤ ស្លាបព្រាបាយ
- អំបិលម៉ដ្ឋ កន្លះកូនចាន
- រំដេងខ្ចី ១ កូនដុំតូច ហាន់ជាសរសៃៗ
- ខ្ញី ១ កូនដុំតូច ហាន់ជាសរសៃៗ
វិធីធ្វើ៖
១. លាងកំពឹសអោយស្អាត ទុកអោយស្រស់ទឹក។ ពេលកំពឹសស្រស់ទឹកហើយ យកវាមកប្រលាក់អំបិល ហើយញាត់ចូលទៅក្នុងកែវអោយពេញ កុំអោយមានចន្លោះ បើនៅសល់ចន្លោះយើងត្រូវដាក់អំបិលពីលើ។
២. ផ្អាប់ទុកចោល ៣ ថ្ងៃ សឹមដាក់អង្ករលីងបុក រំដេង និង ខ្ញីចូល ហើយផ្អាប់ទុកចោល ២ ទៅ ៣ ថ្ងៃទៀត (តែកុំអោយពេញកែវពេក ខ្លាចអង្ករលីងរីក ហៀរទឹកចេញក្រៅ) ទុកវាចោល ១ យប់ទៀត។
៣. ពេលដែលអង្ករលីងកាច់ហើយសឹមដាក់ល្ហុងឈូសចូល ទុកចោល ១ យប់ទៅ ២ យប់យើងអាចញុំាបាន។
៤. ពេលដែលវាឡើងជូរល្មមឆ្ងាញ់ហើយ ដួសដាក់ចាន លាយគល់ស្លឹកគ្រៃហាន់ស្តើងៗ និងជី ច្របល់ចូលគ្នា (បើចូលចិត្ត) ហើយញេចម្ទេសអោយហឹរៗ ញុំាជាមួយបន្លែស្រស់ៗដែលយើងចូលចិត្ត៕