ម៉ោះចាក់ចាហួយគ្រាប់ជីដាក់ទូរទឹកកទុកញ៉ាំ! ចង់បានពណ៌អីក៏បាន រសជាតិអីក៏បាន ដាក់ចំណូលចិត្ត។ បើគ្រឿងផ្សំវិញត្រូវការតែពីរបីមុខទេ ធ្វើញ៉ាំបានហើយ មិនស៊ាំញ៉ាំច្រើន អ្នកមិនសូវចូលចិត្ត ធ្វើម្ហូប ធ្វើបង្អែមអី អាចសាករៀនធ្វើចាហួយនេះបានណា។
គ្រឿងផ្សំ៖
- ម្សៅសារាយ
- ទឹក
- គ្រាប់ជីរ
- អំបិល
វិធីធ្វើ៖
១. ស្ងោរសារាយ ១ កញ្ចប់ ទឹក ៣ លីត្រ រំងាស់អោយរលាយសាច់សារាយចូលគ្នា។ ពេលពុះរលាយសាច់សារាយ ចូលគ្នាហើយ ទើបដាក់គ្រាប់ជីរ ២ ស្លាបព្រា អំបិល ១ ចុងស្លាបព្រា ស្ករ ៤ ខាំ។
២. កូរអោយសព្វ ហើយលើកចុះ ចាក់ចូលថាស ទុកអោយកក ទើបកាត់ដុំៗ សម្រាប់ទទួលទាន។ បើចង់ស្អាត សូមដួសចាក់ពុម្ព ទុកអោយកក ពេលកក ក្រឡាប់យកដុំសារាយចេញ តម្រៀបលើចាន។ បើចង់បានពណ៌ សូមចាក់ទឹកស៊ីរោចូល ហើយអាចរើសពណ៌បាន តាមចំណូលចិត្ត។
៣. បើចង់បានរសជាតិបែបធម្មជាតិ សម្រាប់ពណ៌ក្រហម ប្រើទឹកទទឹម ពណ៌បៃតង ប្រើទឹកស្លឹកតើយ ពណ៌ផ្កាឈូក ប្រើទឹកឳឡឹក ពណ៌លឿង ប្រើទឹកល្ហុង ពណ៌ស្វាយ ប្រើត្រាវចំហុយហើយកិនអោយម៉ដ្ឋ ស្ងោរជាមួយ ទឹកសារាយ។