ហ្វឺជាអាហារមានប្រភពដើមពីប្រទេសជិតខាងយើងទេ តែក៏ពេញនិយមញ៉ាំច្រើននៅខ្មែរដែរ ព្រោះវាស្រដៀងទៅហ្នឹងគុយទាវស៊ុប។ មានអ្នកអត់ធ្លាប់ញ៉ាំអត់? បើចងសាកអាចធ្វើញ៉ាំបាន រូបមន្ត និងគ្រឿងផ្សំ មាននៅក្រោមនេះស្រាប់៖
គ្រឿងផ្សំ៖
- ឆ្អឹងស៊ុប ១ គីឡូ
- សាច់គោរំងាស់ធ្វើហ្វឺ កន្លះគីឡូ
- សាច់គោស្រស់ ២ ខាំ
- គុយទាវហ្វឺ
- ស្ករស ១ ស្លាបព្រា
- អំបិល ១ ស្លាបព្រា
- ខ្ទឹមបារាំង ៤ ផ្លៃ
- មើមខ្ញី ១ ខាំ
- គល់ខ្ទឹមស ១ មើមពុះជា ២
- ឈើអែម ២ កំណាត់ខ្លីៗ
- ផ្កាចាន់ ៣ ផ្កា
- វ៉ាន់ស៊ុយ (កាត់ស្លឹកនិងគល់ដាក់ផ្សេងគ្នា)
- ស្លឹកខ្ទឹម
- ជីនាងវង
- ជីបន្លា
- ម្ទេស
- ផ្លែក្រវាញស្ងួត ៣ គ្រាប់
- សណ្តែកបណ្តុះ ២ ខាំ
- ម្រេចខ្មៅ
- ទឹកសៀង
- ទឹកម្ទេស
- ក្រូចឆ្មា ១ ផ្លែ
វិធីធ្វើទឹកស៊ុប៖
១. ដាំទឹកអោយពុះដាក់ឆ្អឹងស៊ុបចូល ទុកអោយពុះខ្លាំង២នាទី ចាក់ទឹកនិងឆ្អឹងចេញ ហើយរើសយកតែឆ្អឹងមកលាងទឹកស្អាត ( ពុះតែ ២ នាទីមិនធ្វើអោយបាត់ជីជាតិទេ តែធ្វើបែបនេះកុំអោយធុំក្លិនគោក្នុងទឹកស៊ុប និងដើម្បីកំចាត់ជាតិមិនល្អពីឆ្អឹង)
២. យកឆ្នាំងធំដាក់ឆ្អឹង ទឹក ៥ លីត្រ ស្ករស ១ ស្លាបព្រា អំបិល ១ ស្លាបព្រា ខ្ទឹមបារាំង ១ ផ្លែចិតសំបកហើយ (ដាក់ទាំងមូលធ្វើអោយទឹកស៊ុបថ្លានិងមានរសជាតិឆ្ងាញ់) ដាក់សាច់សំរាប់រំងាស់ចូលទាំងមូល បើកភ្លើងអោយខ្លាំង។ ពេលពុះប្រហែល ១០ នាទីហើយ បន្ថយភ្លើង ដួសពពុះចេញអោយអស់ ចំអិនក្នុងកំដៅមធ្យមរយៈពេល ២ ម៉ោង បើកគំរបឆ្នាំងចេញ ( ដើម្បីអោយទឹកស៊ុបថ្លាហើយមិនឆាប់ផ្អូម)។
គ្រឿងផ្សំក្លិនហ្វឺ៖
៣. ខ្ញីចិតជាបន្ទះៗទាំងសំបក គល់ខ្ទឹមស ផ្លែក្រវាញស្ងួត ឈើអែម ផ្កាចាន់ ខ្ទឹមបារាំង ១ មើមពុះជាពីរកុំបកសំបក យកគ្រឿងទាំងអស់នេះទៅអាំងអោយឈ្ងុយ។ បន្ទាប់មកបកសំបកខ្ទឹមបារាំងចេញ យកគ្រឿងទាំងអស់នេះ គល់ជិវ់ាន់ស៊ុយ ដាក់ក្នុងស្បៃរឺកន្រងសំណាញ់មានគំរបបិទអោយជិតរួចដាក់ចូលក្នុងឆ្នាំងស៊ុបដែលកំពុងរំងាស់។
៤. ៩០ នាទីក្រោយពីរំងាស់សាច់ សូមស្រង់ខ្ទឹមបារាំងដែលដាក់ដំបូងគេចេញពីឆ្នាំងស៊ុប។ រួចស្រង់សាច់ដែលរំងាស់ ១ ដុំនោះមកត្រាំទឹកក ៥ នាទី (ដើម្បីកុំអោយសាច់ក្រៀមនិងឡើងព៍ណក្រម៉ៅ)
រៀបចំគ្រឿងសម្រាប់ញ៉ាំហ្វឺ៖
- បកសំបកខ្ទឹមបារាំង ១ ផ្លែ ពុះជាពីរ ហាន់ជាបន្ទះស្តើងៗ (ហាន់ពីក្បាល កុំហាន់ពីចំហៀង) យកទៅត្រាំទឹកកកដើម្បីអោយនៅស្រួយហើយបំបាតក្លឹនឈួល។
- យកសាច់ដែលត្រាំទឹកកកនោះមកហាន់ជាបន្ទះស្តើងៗ
- សាច់គោស្រស់ហាន់ជាបន្ទះស្តើងៗ
- ស្លឹកខ្ទឹម: កាត់ក្បាលច្រៀកជាសរសៃៗតែកុំអោយដាច់ចេញពីគ្នាចំនែកស្លឹកខ្ទឹមហាន់អោយល្អឹតៗ
- ស្លឹកជីវ៉ាន់ស៊ុយហាន់តូចៗ
- ជីនាងវងបេះយកតែស្លឹក
- ជីបន្លាហាន់វែងៗប្រហែល ១ ថ្នាំងដៃ
- ម្ទេសហាន់ខ្លីៗតូចៗ
- ក្រូចឆ្មាមួយពុះជា ៤
- សណ្តែកបណ្តុះលាងទឹកហើយស្រុះទឹកក្តៅ ១០ វិនាទី
- គុយទាវហ្វឺកញ្ចប់ត្រាំទឹកធម្មតា ១៥ នាទី យកទៅស្រុះទឹកក្តៅអោយទន់ល្មម