ជិតដល់ថ្ងៃឈប់ទៀតហើយ រៀនធ្វើនំកូរទុកញ៉ាំនៅផ្ទះជុំបងប្អូន

0
4446

នៅសល់តែប៉ុន្មានថ្ងៃទៀត នឹងដល់ថ្ងៃឈប់សម្រាកបុណ្យអុំទូកប្រពៃណីជាតិខ្មែរយើងហើយ អ្នកខ្លះក៏ទៅដើរលេងតាមបណ្តាខេត្តនានា ចំណែកអ្នកខ្លះទៀតក៏ទៅលេងស្រុកកំណើត ដើម្បីជួបជុំបងប្អូនពុកម៉ែតាមទម្លាប់។ បើជួបជុំគ្នាហើយកុំឲ្យទំនេរមាត់ អាចសាករៀនធ្វើនំកូរដើម្បីញ៉ាំជុំគ្នាបាន ហើយអាចចែកបងប្អូន និងអ្នកជិតខាងបានទៀត។

គ្រឿងផ្ស៖

  • ម្សៅខ្សាយ ៣ ខាំ
  • ខ្ទិះដូងកំប៉ុងឬខ្ទិះដើមលាយខ្ទិះចុង ៨ ខាំ
  • ស្ករស (ចង់លាយស្ករត្នោតក៏បាន) ២ ខាំកន្លះ
  • ទឹកស្អាត ៩០០ មីលីលីត្រ
  • អំបិល ១ ចឹប
  • សណ្តែកលឿង ១ខាំ (លីងអោយឆ្អិនលាងទឹកអោយស្អាតតែហាមត្រាំទឹកយូរព្រោះធ្វើអោយសណ្តែកអត់ស្រួយឆ្ងាញ់)

គ្រឿងធ្វើខ្ទិះសម្រាប់ចាក់ពីលើ៖

  • ខ្ទិះកំប៉ុងឬខ្ទិះដើមលាយខ្ទិះចុង ៣ ខាំ
  • អំបិល ១ ចឹប
  • ស្ករស ១ ចឹប
  • ម្សៅឆា (លាយទឹកស្អាតបន្តិច) ២០ ក្រាម

វិធីធ្វើ៖

១. យកឆ្នាំង ១ (គូទក្រាស់) ឬខ្ទះស្ពាន់រឹតតែល្អ ដាក់គ្រឿងផ្សំទាំងអស់ចូលហើយយកទៅកូរអោយដាច់ទឹក (ល្បាយនំអត់ជាប់នៅបាតឆ្នាំង)។បើចង់អោយជ្រាយត្រូវដាក់ទឹកគុណនិង ២ ហើយកូរ (បើកភ្លើងតិចៗ) រហូតដល់ដាច់ទឹក។

២. យកល្បាយនំចាក់ចូលក្នុងថាសឬកណ្តូងស្លឹកចេក។

*ទឹកខ្ទិះសម្រាប់ចាក់ពីលើ: យកខ្ទិះដូងស្ករស និងអំបិលទៅដាំអោយពុះហើយចាក់ម្សៅឆាចូលដាំអោយពុះម្តងទៀតហើយរំងាស់ ១ ទៅ ២នាទី បន្ទាប់មកយកទៅច្រោះយកចាក់លើនំជាការស្រេច។

*នេះនំអាចយកខ្នុរទុំកាត់វែងៗដាក់ជំនួសសណ្តែកលឿងក៏បាន។

*ចង់ចាក់ខ្ទិះពីលើក៏បានអត់ក៏បាន តាមចំណូលចិត្ត។

ប្រភព៖ ឡាយ សុរិយា