រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា បើរក្សាបាននូវសន្តិភាព គឺយើងរក្សាបាននូវការអភិវឌ្ឍ រក្សាបាននូវ អ្វីៗដែលយើងបានប្រឹងរួមគ្នាកសាងតាំងពីបាតដៃទទេ ។ ទាំងផ្នែកយូណេស្កូក៏បានមកចូលរួមដែលផ្តល់នូវការរួមចំណែកមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។
ចាប៉ីដងវែងដាក់ចូលទៅក្នុងបេតិកភណ្ឌអរូបិយរបស់អង្គការយូណេស្កូ ។ ខ្ញុំរីករាយ និងបានចូលរួមចំណែកជាមួយមេដឹកនាំកម្ពុជាតាំងពីដំណាក់ដំបូងរហូតមកដល់នាទីនេះ ។ ខ្ញុំអត់ទាន់បញ្ចប់នៅត្រឹមនាទីនេះទេ ខ្ញុំបានប្រកាសរួចហើយនឹងបន្តរយៈពេលពីរអាណត្តិទៀតយ៉ាងតិច ។
សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នៅវិមានសន្តិភាពក្នុងឱកាសអញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនលោកព្រឹទ្ធាចារ្យកោសល្យវោហារគង់ ណៃ ដែលទទួលបានពានរង្វាន់សិល្បៈវប្បធម៌ក្រុងហ្វុគុអូតានៃប្រទេសជប៉ុនពីព្រះអង្គម្ចាស់Akishino ។
សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងថា ខ្ញុំមិនឱ្យអ្នកណាបំផ្លាញទឹកដីនេះបាននោះទេ ។ វត្តមានរបស់ខ្ញុំគឺជាវត្តមានចាំបាច់ដើម្បីរក្សាប្រទេសនេះឱ្យស្ថិតនៅជាប្រទេសដែលមានសន្តិភាព ចៀសឆ្ងាយពីបដិវត្តន៍ពណ៌ ពីការបំផ្លាញដោយអំពើក្បត់ណាមួយនោះដែលយើងមិនអាចទទួលយកបាន ។ ទីបញ្ជាការនៅទីក្រុងភ្នំពេញដែលបញ្ជាចេញធ្វើបដិវត្តន៍ពណ៌ មិនអាចទទួលយកបានទេ ។
ឥឡូវត្រូវបានឃ្លាំមើល ហើយនឹងត្រូវបានទប់ស្កាត់ ។ យើងនឹងបន្តទប់ស្កាត់ យើងមិនព្រមដាច់ខាតហើយជាមួយនឹងការបំផ្លា្ញញម្តងហើយម្តងទៀតសម្រាប់ជាតិមួយនេះ ។ ទម្រាំមានពេលនេះលំបាកណាស់ ។ ដូច្នេះវត្តមានរបស់ខ្ញុំគឺជាវត្តមានចាំបាច់សម្រាប់បន្តសន្តិភាព និងការអភិវឌ្ឍនៃប្រទេសនេះ ។
ខ្ញុំពិតជាមានមោទនភាពដោយសារយើងបានរួមគ្នាចេញដំណើរពីស្ថានភាពដ៏លំបាកលំបិន ។ ពិតមែនសិល្បករ សិល្បការិនីមួយចំនួនបានលាចាកលោកនេះទៅ ទោះបីជាជំនាន់មុនក្តី មុនរបប ក្នុងរបបប៉ុល ពតក្តី ប៉ុន្តែក្រោយមកទៀតក៏នៅមានសិល្បករ សិល្បការិនីរបស់យើងមួយចំនួនបានចូលរួមដើម្បីកសាង រៀបចំឡើងវិញសិល្បៈសម្រាប់ប្រទេសរបស់យើង ។ទទួលទានផ្លែឈើនឹកដល់អ្នកដាំដើម ផឹកទឹកនឹកដល់ប្រភព ។ ដែលហៅថាវប្បធម៌ គឺមិនគ្រាន់តែសិល្បៈមួយមុខ ឬចម្រៀងមួយមុខនោះទេ ក៏ប៉ុន្តែវាពាក់ព័ន្ធបញ្ហាច្រើនណាស់ ហើយដែលគ្របដណ្តប់លើទិដ្ឋភាពជាច្រើនដែលយើងបានខិតខំរួមគ្នាធ្វើឱ្យរស់រានមានជីវិតមិនត្រឹមតែរស់រានមានជីវិតនៅក្នុងក្របខណ្ឌប្រទេសទេ កន្លងទៅយើងក៏បានដាក់ជាបន្តបន្ទាប់ទាំងរូបី និងអរូបីទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ដូចជាជាប៉ីដងវែងនេះ គឺយើងបានដាក់បញ្ចូលទៅក្នុងបេតិកភណ្ឌអរូបីពិភពលោកនៅឆ្នាំ២០១៦កន្លងទៅ ។
ជាមួយនេះការទទួលស្គាល់ជាបន្តបន្ទាប់នូវស្នាដៃសិល្បៈបែបបុរាណរបស់យើងក៏បានធ្វើជាបន្ត ហើយរឿងនេះយើងបន្តអភិរក្សតទៅទៀតជាមួយនឹងអ្វីដែលវាកំពុងតែស្ងិតនៅក្នុងប្រទេសរបស់យើង ។
សម្តេចតេជោហ៊ុន សែន បានរំលឹករៀបរាប់ពីសកម្មភាពសិល្បករតាំងពីដើមរហូតមកដល់បច្ចុប្បន្ន គឺជាអនុស្សាវរីយ៍ដ៏កម្រដោយបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយគ្រប់ទិដ្ឋភាពគ្រប់ផ្នែកគ្រប់វិស័យ និងអនុវិស័យដែលក្នុងនោះរាប់ទាំវិស័យសិល្បៈវប្បធម៌ផងដែរដែលអាចផ្សារភ្ជាប់ខ្លួនជាមួយសិល្បៈច្រើនទម្រង់ ។
នៅក្នុងឱកាសសំណេះសំណាលនោះ សម្តេចតេជោបានសម្រេចរៀបចំការជួបជុំសិល្បករ សិល្បការិនីគ្រប់ទម្រង់ នៅថ្ងៃ៣ មីនា ទិវាវប្បធម៌ រៀបចំឡើងដោយនាយករដ្ឋមន្ត្រីជាអ្នកអញ្ជើញសិល្បករ សិល្បការិនីជួបជុំគ្នាដើម្បីសំណេះសំណាល ហើយទទួលទានអាហារជាមួយគ្នា ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបំពាក់ជូនលោកព្រឹទ្ធាចារ្យកោសល្យវោហារគង់ ណៃ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍អមដោយប្រាក់១០០លានរៀល ។
ចំណែកលោកព្រឹទ្ធាចារ្យភិរម្យប្រាជ្ញ ឈួន ប្រគល់ជូនគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ និងអមប្រាក់ចំនួន២០លានរៀល ៕