បើទោះបីជាចូលបម្រើសិល្បៈស្ទើរមួយជីវិតក៏ពិតមែន ប៉ុន្តែរហូតមកដល់វ័យជរានេះ អ្នកចម្រៀងអាយ៉ៃជើងចាស់លោកតា ផ្លុង មឿក មិនបានបន្សល់ទុកទ្រព្យសម្បត្តិអ្វីជាដុំកំភួនសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់គាត់ឡើយ ។
ពេលឈានចូលវ័យចាស់ជរាមានជំងឺជាមួយនឹងការបាត់បង់សមត្ថភាពសម្តែងផងនោះ ក្រុមគ្រួសាររបស់លោកតា ផ្លុង មឿក បានជួបនូវបញ្ហាជីវភាពយ៉ាងខ្លាំង រហូតលក់ផ្ទះដើម្បីយកប្រាក់ទូទាត់សងធនាគារ ហើយត្រូវនាំគ្នាមករស់នៅបន្ទប់ជួលវិញ ។
បច្ចុប្បន្នលោកតា ផ្លុង មឿក អាយុ៨៣ឆ្នាំ រស់ក្នុងស្ថានភាពជីវិតចុងក្រោយ ត្រូវគេមើលឃើញថា មានភាពសង្វេគមិនខុសពីគ្រួសារអស់សង្ឃឹមនោះទេ ដោយសារតែជីវភាពទីទ័ល ហើយជម្ងឺធ្ងន់ច្រើនមុខជាមួយនឹងការរស់នៅក្នុងផ្ទះជួលមួយនៅជិតវត្តស្វាយពពែ ។
កូនស្រីលោកតា ផ្លុង មឿក អ្នកនាងផ្លុង រចនា និយាយថា ក្រុមគ្រួសារតែងតែនិមន្តព្រះសង្ឃសូត្រធម៌ជូនគាត់រយៈពេលជិតមួយខែមកហើយ ព្រោះគាត់ពិសាមិនសូវបាន សម្រាន្តមិនសូវលក់ ។ ពួកនាងគ្មានលទ្ធភាពមើលគាត់ ហើយគាត់ហូបមិនសូវបាន ក៏និមន្តព្រះសង្ឃសូត្រធម៌ជូនគាត់ ប្រាប់គាត់ឲ្យតាំងចិត្តស្ដាប់ព្រះធម៌រហូតគាត់អាចហូបបាយបានខ្លះ ។
លោកតា ផ្លុង មឿក កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៤១ នៅភូមិកោះស្លា ឃុំស្នោ ស្រុកភ្នំពេញ បច្ចុប្បន្នស្រុកអង្គស្នួល ខេត្តកណ្ដាល ។ គាត់គឺជាកូនទី៣ក្នុងចំណោមបងប្អូន៤នាក់ ប្រុស២ស្រី២ ។ ឪពុករបស់គាត់ឈ្មោះ គឹម ផ្លុង អតីតជាជំទប់(ស្លាប់) ឯម្ដាយឈ្មោះ យីម សេក ជាមេផ្ទះ (ស្លាប់) ។
លោកតាផ្លុង មឿក ធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ចំនួន២លើក ។ លើកទី១ រៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី នុត ណាត់ ក្នុងឆ្នាំ១៩៦០ ។ ភរិយារបស់គាត់អ្នកស្រី នុត ណាត់ ជាកសិកររស់នៅក្នុងភូមិត្រពាំងថ្លាន់ ឃុំពន្សាំង ស្រុកអង្គស្នួល ខេត្តកណ្ដាល តែគាត់(ប្រពន្ធ)បានស្លាប់នៅក្នុងរបបប៉ុលពត ។ លោកតាផ្លុង មឿក មានកូនចំនួន៤នាក់ ស្រីទាំងអស់ ។
សិល្បករបុរាណរូបនេះបានរៀបអាពាហ៍ពិពាហ៍លើកទី២ជាមួយអ្នកស្រី ពិ រ៉ា ជាអ្នកខេត្តកំពង់ចាម ក្នុងឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្នមានអាយុ៦២ឆ្នាំ ។ ពួកគាត់បង្កើតបានកូន៥នាក់ទៀតគឺប្រុស៣ ស្រី៣នាក់ ។
ក្នុងចំណោមកូនទាំងអស់របស់លោកតាផ្លុង មឿក បានបណ្ដុះបណ្ដាលឲ្យក្លាយទៅជាអ្នកសិល្បៈម្នាក់ គឺកូនប្រពន្ធមុន បច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីដែលជាជនជាតិអាមេរិក ។
នៅអាយុ១២ឆ្នាំ ជីដូនរបស់បានបញ្ជូនលោកតាផ្លុង មឿក ទៅរៀនក្បួនច្បាប់ធម៌វិន័យនៅក្នុង«វត្តស្រះស្រង់»ស្ថិតក្នុងឃុំកំបូល ស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីបួសជាព្រះសង្ឃ ។ គាត់បានធ្វើជាកូនសិស្សព្រះសង្ឃប្រតិបត្តិក្បួនច្បាប់ធម៌វិន័យបានប្រហែល២ឆ្នាំ ទើបបួសជាសាមណេរនៅក្នុងវត្តស្រះស្រង់ តែម្ដង ដោយបួសបានចំនួន៥ព្រះវស្សាក៏បានសឹកវិញ ។ កាលនៅជាព្រះសង្ឃគាត់រៀនចេះធម៌អាថ៌ច្រើនគួរសម ជាពិសេសការស្មូត្រ ដែលកាលនោះមានពុទ្ធបរិស័ទនិមន្តគាត់ទៅស្មូត្រច្រើនណាស់ ។
បន្ទាប់ពីសឹករួចមក ម្ដាយមីងរបស់លោកតាផ្លុង មឿក ដែលជាអ្នកលក់មាសនៅផ្សារធំថ្មី បានឲ្យគាត់ទៅរៀនធ្វើជាងមាស នៅក្នុងភូមិសាឡូង ឃុំកំបូល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ បន្ទាប់ពីរៀនចេះធ្វើជាងមាស គាត់បានទៅធ្វើជាជាងធ្វើមាស និងឆ្លាក់ព្រះពុទ្ធរូបជាមួយម្ដាយមីងរបស់គាត់នោះ ។
កាលណោះលោកតាផ្លុង មឿក មានអាយុប្រហែល១៨ឆ្នាំ ដោយសារតែគាត់គឺជាមនុស្សមាននិស្ស័យផ្នែកសិល្បៈ ក៏បានរៀនច្រៀងភ្លេងការ និងអាយ៉ៃជាមួយស្មៀនឈិន ដែលជាឪពុករបស់អ្នកចម្រៀងអាយ៉ៃឈិន ឈៀង ។ កាលណោះគាត់ធ្វើជាងមាសផង ពេលទំនេរដើរច្រៀងអាយ៉ៃតាម ស្មៀនឈិន ផង ។ បន្ទាប់ពីចេះច្រៀងអាយ៉ៃ និងភ្លេងការហើយ គាត់ក៏បានបន្តដើរច្រៀងជាមួយស្មៀនឈិន និងអ្នកសិល្បៈផ្សេងទៀតជាបន្តបន្ទាប់ ។
បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ មក លោកតាផ្លុង មឿក បានចូលធ្វើជាទាហានក្នុងរបបលន់ នល់ ផ្នែកសិល្បៈ ក្នុងតួនាទីជាប្រធានក្រុមផ្នែកសិល្បៈ ។ កាលពីដំបូងមានអ្នកសិល្បៈចូលរួមមានតែ១៥នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមកគាត់ក៏បានប្រមែប្រមូលបានរហូតដល់ទៅ៤៥នាក់ ។ ក្រោយមកក្រុមសិល្បៈរបស់គាត់ត្រូវបានបញ្ជូនទៅហាត់សម្ដែងជាមួយក្រុមសិល្បៈអ៊ិស្លាមរបស់លោកសុះ ម៉ាត់ នៅព្រែកតាទែន ខាងជើងព្រែកព្នៅ និងបានសម្ដែងជាមួយក្រុមលោកសុះ ម៉ាត់ រហូតដល់របបខ្មែរក្រហមចូលមកគ្រប់គ្រងប្រទេស ។
នៅក្នុងរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ ខ្មែរក្រហមបានជម្លៀសលោកតាផ្លុង មឿក ទៅនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ដោយកាលណោះគាត់ត្រូវរស់នៅព្រាត់ប្រាសម្ដាយឪពុក បងប្អូន និងប្រពន្ធកូន ព្រោះសាច់ញាតិទាំងនេះ របស់គាត់ត្រូវបានខ្មែរក្រហមជម្លៀសទៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ចាត់ទុកថាសំណាងជាងគេ លោកតា ផ្លុង មឿក ដោយសារមានជំនាញកាត់សក ់និងសិល្បៈ គាត់មិនត្រូវខ្មែរក្រហមបង្ខំឲ្យធ្វើការធ្ងន់ទេ ពោលគឺកាលណោះគាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យធ្វើជាងកាត់សក់ និងកូតទ្រច្រៀងឲ្យកងចល័តជីកប្រឡាយស្ដាប់ ។ ចំពោះការហូបចុកវិញគាត់មិនខ្វះខាតទេ ព្រោះនៅពេលពួកខ្មែរក្រហមមកឲ្យគាត់កាត់សក់ឲ្យ ម្ដងៗ គេតែងតែយកដំឡូង ខ្នុរ ដូង ជាដើមមកឲ្យគាត់ ។
ក្នុងរបបខ្មៅងងឹតនោះ ពួកខ្មែរក្រហមបានសម្លាប់ប្រពន្ធ ឪពុក និងកូនម្នាក់របស់គាត់ ។
បន្ទាប់ពីថ្ងៃរំដោះ៧មករា ១៩៧៩ លោកតាផ្លុង មឿក បានវិលមកភ្នំពេញវិញ ដោយរស់នៅម្ដុំផ្សារថ្មី ។ គាត់បានប្រមែប្រមូលអ្នកសិល្បៈដែលសេសសល់ពីការកាប់សម្លាប់ក្នុងរបបខ្មែក្រហម ចងក្រងជាក្រុមសិល្បៈមួយឡើង ដែលក្រោយប្រមូលគឺមានដូចជា យាយម៉ែម៉ឺន យាយផាន់ យាយមុត សាអឿន លោកឡេង សំបូ អ្នកស្រីព្រំ ផល្លា អ្នកស្រីព្រំ ផល្លី នាយព្រួញមាស នាយជ្រញ់ យាយយ៉យ យាយណាង តាសាឡាត់ តាស៊ីត្រូ តាប៉ិកគក់ ជាដើម ។
ក្រុមសិល្បៈរបស់គាត់ត្រូវបានឯកឧត្ដម តាំង សារឹម ធ្វើការនៅមន្ទីរពាណិជ្ជកម្ម បញ្ជូនទៅធ្វើការ និងសម្ដែងនៅក្នុងការដ្ឋានស្រែអំបិល ខេត្តកំពត ។ ក្រោយមកឯកឧត្ដមតាំង សារឹម បានបញ្ជូនត្រឡប់មកភ្នំពេញវិញ ហើយបានបង្កើត«ក្រុមសិល្បៈស្រែអំបិល»ឡើង ស្ថិតនៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម ជិតវត្តកោះ ។
ក្រោយមកទៀត លោកតាផ្លុង មឿក ក៏ដូចជាអ្នកសិល្បៈផ្សេងទៀត បានចាប់ដៃគូចេញសម្ដែងជាមួយគ្នាជាបន្តបន្ទាប់នៅក្នុងកម្មវិធី ផ្សេងៗ ទាំងនៅភ្នំពេញ ក៏ដូចជាទៅសម្ដែងនៅតាមបណ្ដាខេត្តនានា ។ ក្រោយមកសមាជិកទាំងអស់បានចូលបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ ផ្សេងៗរៀងខ្លួន ដែលមានអ្នកខ្លះចូលបម្រើការងារវិទ្យុ និងទូរទស្សន៍ជាតិ អ្នកខ្លះចូលកងអង្គរក្ស អ្នកខ្លះចូលក្រសួងមហាផ្ទៃ អ្នកខ្លះចូលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើម ។ ចំណែកលោកតាផ្លុង មឿក បានចូលបម្រើការងារនៅក្នុងកងអង្គរក្សនាយករដ្ឋមន្ត្រីផ្នែកសិល្បៈ ដោយទទួលបានឋានន្តរស័ក្ដិថ្នាក់វរសេនីយ៍ឯក«ស័ក្តិ៥» ។
លោកតាផ្លុង មឿក ត្រូវបានទស្សនិកជនស្គាល់មុខរបស់គាត់នៅតាមកញ្ចក់ទូរទស្សន៍តាំងតែពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ព្រោះនៅសម័យនោះប្រទេសកម្ពុជាមានទូរទស្សន៍ដែរ តែជាទូរទស្សន៍សខ្មៅ ។ ទស្សនិកជនស្គាល់គាត់នៅពេលនោះ គឺតាមរយៈការសម្ដែងអាយ៉ៃរឿង ជាមួយគ្រូបង្ហាត់របស់គាត់ គឺស្មៀនឈិន ឪពុករបស់លោកឈិន ឈៀង ។
ក្រោយមកទៀត បន្ទាប់ពីទូរទស្សន៍ជាតិចាប់ផ្ដើមបង្កើតឡើងវិញ គាត់ក៏ដូចជាអ្នកសិល្បៈជើងចាស់ផ្សេងទៀត ចាប់ផ្ដើមមានមុខនៅតាមកញ្ចក់ទូរទស្សន៍ជាតិជាបន្តបន្ទាប់ ។ លុះដល់ពេលមានផលិតកម្ម និងទូរទស្សន៍ក្នុងស្រុកបង្កើតកាន់តែច្រើន ពួកគាត់ចាប់ផ្ដើមមានការងារកាន់តែច្រើនទៅតាមនោះដែរ ។
លោកតាផ្លុង មឿក ធ្លាប់ថតអាយ៉ៃរឿងកំប្លែង រឿងមនោសញ្ចេតនា ស្ប៉តពាណិជ្ជកម្ម និងស្ប៉តអប់រំជាច្រើនមានដូចជា រឿង«ស្រមោលស្នេហ៍» រឿង«ចាស់ព្រើលមិនមើលប្រាណ» រឿង«ទុំទាវ» «តាភោគ» «អាខ្វាក់អាខ្វិន» រឿង«ប្រាក់ក៏បង់ថង់ក៏ដាច» និងរឿងជាច្រើនទៀត ដែលគាត់មិនចាំចំណងជើងអស់ ។
ចំពោះប័ណ្ណសរសើរ មេដាយ ព្រមទាំងគ្រឿងឥស្សរិយយសវិញ លោកតាផ្លុង មឿក ធ្លាប់ទទួលបានច្រើន ប៉ុន្តែប័ណ្ណសរសើរ និងគ្រឿងឥស្សរិយយសមួយចំនួនបាត់ដោយសារគាត់រើផ្ទះច្រើនលើក ។ បច្ចុប្បន្ននៅសល់តែ៤ទៅ៥ប៉ុណ្ណោះ ក្នុងនោះមានប័ណ្ណសរសើរចេញដោយនាយករដ្ឋមន្ត្រីចំនួន៣ ។
ក្នុងអំឡុងពេលចុងក្រោយនៃជីវិតលោកតាផ្លុង មឿក មានជំងឺរ៉ាំរ៉ៃ ហើយក្រុមគ្រួសារប្រឈមនឹងការលំបាកគ្មានប្រាក់ព្យាបាល ។ អ្វីដែលសេសសល់សម្រាប់ជីវិតជាអ្នកសិល្បៈបុរាណរបស់គាត់ គឺជំងឺ និងរស់នៅផ្ទះជួលយ៉ាងលំបាក ៕