រាជធានីភ្នំពេញ ៖ លោកម៉េង ប៊ុនឡូ បានសម្រិតសម្រាំងជាមួយក្រុមការងារ ហើយរិះរកចំណុច ថ្មីៗបន្ថែមទៀតដើម្បីឱ្យជីវិតសិល្បៈរបស់លោកអាចបោះជំហានទៅមុខបន្តទៀត ។ ក្នុងពេលកន្លងមកបទចម្រៀងល្បីជាច្រើនបទរបស់លោកម៉េង ប៊ុនឡូ ហើយពេលនេះបទ«ចិត្តមារ»ដែលកែសាច់ភ្លេងកំពុងតែពេញនិយមឡើងវិញតាមយូធូប ។
តារាសម្តែង និងជាពិធីករលោកម៉េង ប៊ុនឡូ ហាក់ស្ងប់ស្ងាត់ពីពិភពសិល្បៈមួយរយៈកន្លងមក ប៉ុន្តែលោកមិនបានទៅណាឆ្ងាយពីសិល្បៈឡើយ គ្រាន់តែមិនលេចធ្លោដូចមុនប៉ុណ្ណោះ ។ ព្យាយាមតាំងពីដើមមកទល់ពេលនេះម៉េង ប៊ុនឡូ ទទួលបានបទពិសោធន៍យ៉ាងគាប់ប្រសើរទាំងរបៀបសម្តែង ការនិយាយបែបពិធីករ គឺរលូន ហើយថែមទាំងក្លាយជាអ្នកដឹកនាំការសម្តែងគួរឱ្យកត់សម្គាល់ ។
លោកម៉េង ប៊ុនឡូ បានឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា មួយរយៈនេះលោកមមាញឹកជាមួយការសម្តែងភាពយន្តភាគរឿង«ពស់កេងកង» នៅទូរទស្សន៍ហង្សមាស ក្រោមការដឹកនាំដោយលោកហ្វៃ សំអាង ។ ខ្សែរឿងដែលផលិតនេះមានការចូលរួមសុទ្ឋតែតារា ល្បីៗបូកទាំងអ្នកកំប្លែងផង ដូច្នេះហើយរំពឹងថានឹងទទួលបានការគាំទ្រពីទស្សនិក ជន។
ក្រៅពីសម្តែងលោកម៉េង ប៊ុនឡូ កំពុងតែផលិត និងកែសម្រួលឡើងវិញបទចម្រៀងល្បីរបស់លោកពីមុនដើម្បីផ្សាយតាមយូធូប ដូចជាបទ«ចិត្តមារ» គឺធ្លាប់មានគេស្តាប់ច្រើន ហើយពេលនេះយកកែសម្រួលថ្មីរំពឹងថាមហាជនពេញចិត្ត និងប្លែកត្រចៀក។ លោកនិយាយថា «ខ្ញុំបានត្រៀមចំនួនបីបទទៀត គឺបទស្ពានឫស្សី ដែលមានអត្ថន័យទាក់ទងទឹកដីខេត្តកំពង់ចាម ។ បទទី២ «ព្រានដុល្លារ» និងបទទី៣ «ពិការចិត្តពិការជើង» ។ បទដែលខ្ញុំស្រឡាញ់ហើយនិងថតសម្រិតសម្រាំងខ្លាំងនោះ គឺបទ «ស្ពានឫស្សី»។
សមិទ្ធផលទាំងអស់នេះសូមផ្ញើជូនទស្សិកជនក្នុង និងក្រៅប្រទេសដែលចូលចិត្តចម្រៀង និងភាពយន្តបានបន្ធូរអារម្មណ៍ ស្របពេលនេះខ្ញុំនៅតែនឹកនាមិត្តអ្នកគាំទ្រមិនអាចចោលបានដែលជួយគាំទ្ររូបខ្ញុំរហូតមក» ៕