រាជធានីភ្នំពេញ ៖ ក្នុងពេលជីវិតធ្លាក់ខ្លួនជាជនពិកាភ្នែកគ្មានអ្វីទីពឹងនោះ ជនពិការពីរនាក់បងប្អូនបានសម្រេចយកមុខរបរលក់សំឡេងតាមចិញ្ចើមផ្លូវសុំការសន្តោសប្រណីពីអ្នកដំណើរនានា ដើម្បីបន្តជីវិតរស់នៅទាំងត្រដាបត្រដួស ។
ច្រៀងនៅតាមផ្លូវ៣៧១ជិតក្រុមហ៊ុនសុិនទ្រីលោកឈួន សាអា រៀបរាប់កាលពីពេលថ្មីៗកន្លងថា លោកបានធ្លាក់ខ្លួនពិការភ្នែកដោយសារតែគ្រោះថ្នាក់ចរាចរណ៍តាំងពីអាយុ១៨ឆ្នាំ ខណៈពេលដែលបច្ចុប្បន្នលោកមានអាយុ២៩ឆ្នាំហើយ ។ លោកមានស្រុកកំណើតនៅស្រុកបន្ទាយមាស ខេត្តកំពត ហើយមុនពេលច្រៀងនៅភ្នំពេញ លោកគឺជាបុគ្គលិកម៉ាស្សានៅហាងមួយក្នុងខេត្តកំពង់ចាម ។
បើតាមលោកឈួន សាអា មូលហេតុដែលលោកមកច្រៀងនៅតាមចិញ្ចើញផ្លូវក្នុងរាជធានីភ្នំពេញនេះ គឺដោយសារនៅហាងម៉ាស្សានោះលោកពិបាករកប្រាក់ ហើយថៅកែហាងម៉ាស្សាតែងតែកិបកេងលុយធីបរបស់លោក និងបុគ្គលិកជារៀងរាល់ពេល ធ្វើឲ្យបុគ្គលិកដែលជាជនពិកាដូចគ្នាខឹងខ្លាំង ។ ចំពោះលោកសម្រេចចិត្តឈប់ពីការងារនេះ ដោយធ្វើដំណើរមកភ្នំពេញតែម្តង ។
ពេលមកដល់ភ្នំពេញដំបូងលោកឈួន សាអា ដើរផ្លុំខ្លុយសុំលុយគេ បន្ទាប់មកដេញចាប៉ីដងវែង និងលេងភ្លេងឲ្យគេ ប៉ុន្តែវិធីនេះហាក់ពិបាករកប្រាក់ ទើបលោកសម្រេចប្រមូលផ្តុំជនពិកា ផ្សេងៗទៀតបានចំនួន៥ទៅ៦នាក់រៃលុយគ្នាទិញឧបករណ៍ ដើម្បីច្រៀងតាមចិញ្ចើមផ្លូវនាពេលនេះ ។ លោកបានចាប់ផ្តើមច្រៀងតាមចិញ្ចើមផ្លូវនេះតាំងពីឆ្នាំ២០១៥ ។ ជាធម្មតាការច្រៀងដើម្បីសុំលុយពីអ្នកដំណើរនេះ ក្នុងមួយថ្ងៃក្រុមលោកអាចចែកលុយគ្នាបានម្នាក់ចាប់ពី២ទៅ៣ម៉ឺនរៀល ។
ឈួន សាអា ថាមូលហេតុដែលលោកច្រៀងតាមចិញ្ចើមផ្លូវនេះ គឺដោយសារវាឯករាជ្យ និងមិនមានការកិបកេងណាមួយពីអ្នកណាឡើយ ខុសប្លែកពីការដែលលោកធ្លាប់ធ្វើការនៅហាងម៉ាស្សា ។ នៅហាងម៉ាស្សាលោកត្រូវធ្វើការយ៉ាងតិច៦ទៅ៨ម៉ោងក្នុងមួយថ្ងៃ ហើយទទួលបានប្រាក់ខែតែ៦០ដុល្លារប៉ុណ្ណោះ ចំណែកលុយធីប ផ្សេងៗគឺមានការកិបកេងពីថៅកែថែមទៀត ។
ការប្រកបមុខរបរច្រៀងតាមផ្លូវក្រុមរបស់លោកឈួន សាអា បានជួបបញ្ហាខ្លាំងណាស់ដែរកន្លងមក ដោយសារត្រូវក្រុមសណ្តាប់ធ្នាប់ចាប់យកឧបករណ៍ច្រៀងទៅអស់ ធ្វើឲ្យពួកលោកដាច់បាយប្រហែលមួយសប្តាហ៍ ។ ជាងនេះទៅទៀតពួកលោកក៏រងការរើសអើងខ្លះដែរពីមហាជន ប៉ុន្តែពួកលោកនៅតែតស៊ូអំណត់ព្យាយាមលក់សំឡេងតាមដងផ្លូវ ក្នុងន័យសុំការសន្តោសប្រណីពីសាធារណជនប៉ុណ្ណោះ ។
ដោយឡែកជនពិកាភ្នែកត្រូវជាបងប្អូនជីដូនមួយនឹងលោកឈួន សាអា គឺលោកជុំ ធឿន បានធ្លាក់ខ្លួនពិកាភ្នែកតាំងពីកំណើតមក រហូតមកទល់នាពេលនេះមានរយៈពេលជិត៣០ឆ្នាំមកហើយ ។ មុនពេលច្រៀងជាក្រុមនៅតាមដងផ្លូវនេះលោកជុំ ធឿន ធ្លាប់ចូលរៀនអក្សរនៅអង្គការគ្រួសារថ្មី ។ ក្រោយមកលោកបានចេញពីអង្គការ ហើយបានប្រកបរបរធ្វើចម្ការបន្តិចបន្តួចដើម្បីជីវិត មុនពេលដែលលោកបានសុំកន្លែងស្នាក់នៅក្នុងសមាគមជនពិកាមួយ ។ នៅក្នុងសមាគមនោះគេតម្រូវឲ្យលោកជួយថ្លៃទឹកភ្លើងក្នុងមួយខែចំនួនមួយម៉ឺនទៅមួយម៉ឺនបីពាន់រៀល តែលោកគ្មានលទ្ធភាពក្នុងការរកប្រាក់ ទើបសម្រេចចាកចេញ ហើយមកច្រៀងនៅតាមដងផ្លូវនាពេលនេះ ។
បើតាមលោកជុំ ធឿន បច្ចុប្បន្នក្រុមរបស់លោកកំពុងស្នាក់នៅផ្ទះជួលមួយ ដោយមានជនពិការស្នាក់នៅ៥នាក់ និងម្នាក់ទៀតសម្រាប់ធ្វើបាយម្ហូប ។ ក្រុមរបស់លោកមិនស្ថិតនៅក្រោមការគ្រប់គ្រងពីខាងណាមួយឡើយ ។
ការច្រៀងនៅតាមដងផ្លូវនេះលោកជុំ ធឿន និងមិត្តរួមក្រុមផ្សេងទៀតក៏ទទួលបានការរើសអើង ខ្លះៗដែរ ប៉ុន្តែបញ្ហានេះមានតិចតួចប៉ុណ្ណោះ ចំណែកការគាំទ្រគឺមានច្រើន ក្នុងនោះក្រុមរបស់លោកទទួលបានការជួយឧបត្ថម្ភខ្លះពីអាជ្ញាធរ ។
បើទោះបីជាខ្លួនជាជនពិកាក៏ពិតមែនលោកជុំ ធឿន មិនមានបំណងច្រៀងសុំប្រាក់គេរហូតទេ ពោលគឺលោកចង់ទទួលបានការបណ្តុះបណ្តាលជំនាញ ផ្សេងៗ ហើយបើអាចលោកស្នើដល់ស្ថាប័នរដ្ឋ និងឯកជនគួរមានការសន្តោសប្រណីអនុញ្ញាតឲ្យជនពិការមានលទ្ធភាពបានទទួលការងារមួយសមរម្យ ដូចមនុស្សទូទៅផង ដើម្បីឲ្យជនពិការបានចិញ្ចឹមជីវិតតទៅមុខទៀត ។
មានក្រុមតន្ត្រីជនពិការ ផ្សេងៗបានប្រគំនៅក្បែរស្តុប និងផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញជាការបង្ហាញពីជីវិតក្រលំបាករបស់ខ្លួន ហើយប្រាថ្នាការជួយឧបត្ថម្ភពីសប្បុរសជន ។ មុននឹងចេញដំណើរតទៅទៀត សប្បុរសជនតែងតែឆ្លៀតជូនប្រាក់តាមសទ្ធារបស់ខ្លួនទៅក្រុមតន្ត្រីជនពិការ ។
ហេតុដែលនាំឲ្យជនពិការសម្រេចចិត្តជ្រើសរើសយកចិញ្ចើមផ្លូវក្បែរស្តុប និងក្បែរផ្សារមួយចំនួនច្រៀងឲ្យអ្នកធ្វើដំណើរតាមដងផ្លូវស្តាប់ គឺដើម្បីទាក់ទាញអារម្មណ៍ និងទឹកចិត្តរបស់សាធារណជនទាំងនោះឲ្យអាណិតអាសូរនិងជួយផ្តល់ប្រាក់ដល់ពួកគេបានយកទៅទ្រទ្រង់ជីវភាពគ្រួសារ និងក្រុមតន្ត្រីរបស់ខ្លួន ។
ក្រុមជនពិការដែលច្រៀងដើម្បីរកប្រាក់នេះបញ្ជាក់ប្រហាក់ប្រហែលគ្នាថាពួកគេសុខចិត្តប្រើសមត្ថភាពរបស់ខ្លួនបន្តិចបន្តួច ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិតជាជាងដើរសុំទានគេ ។ ក្រៅពីច្រៀងរៀបរាប់ពីទុក្ខលំបាកក្នុងភាពជាជនពិការនោះ ពួកគេច្រៀងបទ ផ្សេងៗតាមការចេះចាំរបស់ខ្លួនដើម្បីទាក់ទាញអារម្មណ៍អ្នកធ្វើដំណើរតាមផ្លូវ ៕