អ្នកស្រីសោម វណ្ណសូដានី ជាតារាភាពយន្តល្បីឈ្មោះក្នុងប្រទេសកម្ពុជា កាលពីអំឡុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០ ។ អ្នកស្រីសូដានី មានរូបសម្រស់ស្រស់សោភា ចរិតទន់ភ្លន់ សុភាពរាបសា ស្រគត់ស្រគំ និងពោរពេញទៅដោយទេពកោសល្យសម្ដែងល្អ ។
អ្នកស្រីសោម វណ្ណសូដានី មានឈ្មោះដើមសោម វណ្ណស៊ុក ប្រភពកំណើតភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ឪពុកឈ្មោះសោម ផន ជាទាហានហ្លួង ម្តាយឈ្មោះព្រាប មុត ជាមេផ្ទះ ។ ម្ដាយអ្នកស្រីសោម វណ្ណសូដានី ជាបងប្អូនជីដូនមួយនឹងអ្នកអង្គម្ចាស់ស៊ីសុវត្ថិ ម៉ុងតាណា ។
អ្នកស្រីសោម វណ្ណសូដានី ជាកូនទី២ក្នុងចំណោមបងប្អូន៤នាក់គឺ៖ ១-សោម ស៊ីថាន់
២-សោម វណ្ណស៊ុក (សោម វណ្ណសូដានី) ៣-សោម វណ្ណធិន ៤-សោម វណ្ណសាយ។ ក្នុងចំណោមបងប្អូនបង្កើតទាំង៤នាក់របស់អ្នកស្រីសោម វណ្ណសូដានី សព្វថ្ងៃនេះនៅរស់តែម្នាក់គត់ គឺលោកសោម វណ្ណសាយ ជាប្អូនប្រុសពៅរស់នៅប្រទេសកាណាដា ។ មុនចូលប្រឡូកវិស័យសិល្បៈភាពយន្ត អ្នកស្រីសូដានីធ្លាប់ធ្វើជាគ្រូបង្រៀន ។
ប្រវត្តិចាប់អាជីពជាតារាភាពយន្ត និងស្នាដៃអ្នកស្រីសោម វណ្ណសូដានី បានចូលប្រឡូកសិល្បៈភាពយន្តនៅពាក់កណ្ដាលទសវត្សរ៍ទី៦០ ហើយបានសម្ដែងស្ទើរគ្រប់ផលិតកម្មដូចជា ផលិតកម្មបក្សីឋានសួគ៌ភាពយន្ដ របស់លោកអីុ វ៉ុងហែម,ផលិតកម្មឥន្ទ្រទេវីភាពយន្តរបស់លោកប៊ីវ ឆៃលាង, ផលិតកម្មហេមពាន្តភាពយន្ត របស់លោកលី យូស្រ៊ាង, ផលិតកម្មប្រាសាទមាសភាពយន្ត របស់លោកសារ៉ាវុធ, ផលិតកម្មកងចក្រភាពយន្ត របស់លោកអ៊ួង កន្ធន់, ផលិតកម្មពិស្ណុការភាពយន្ត របស់លោកវណ្ណ វណ្ណៈ, ផលិតកម្មអប្សរាភាពយន្តរបស់លោកលី សុងហេង ជាដើម ។
តួឯកប្រុសដែលអ្នកស្រីសោម វណ្ណសូដានី ធ្លាប់សម្ដែងជាមួយមានលោកគង់ សំអឿន និងលោកជា យុទ្ធថន ជាដើម ។
ចាប់តាំងពីចាប់ផ្តើមអាជីពរហូតដល់បញ្ចប់នៅពេលរបបប្រល័យពូជសាសន៍ ចូលមកដល់អ្នកស្រីសោម វណ្ណសូដានី បានចូលរួមសម្តែងក្នុងខ្សែភាពយន្តជាច្រើនរឿង ។ ក្នុងចំណោមខ្សែភាពយន្តទាំងនោះ ខ្សែភាពយន្តដ៏ល្បីរបស់អ្នកស្រីសោម វណ្ណសូដានី មានដូចជារឿង «អាប៊ុលកាសេម» , រឿង«សុវណ្ណហង្ស», រឿង«អុីណាវបុស្បា», និងរឿង«ថាវរីមាសបង»ជាដើម។ ទស្សនិកជនតែងតែកោតសរសើរចំពោះទេពកោសល្យសម្តែងដ៏ល្អរបស់អ្នកស្រីសូ ដានី ។
អ្នកស្រីសោម វណ្ណសូដានី គឺជាតារាស្រីមានប្រជាប្រិយភាពមួយរូប ក្នុងចំណោមតារាជាច្រើនរូបទៀត ក្នុងជំនាន់ជាមួយគ្នាដូចជាអ្នកស្រីគីម ណូវ៉ា, អ្នកស្រីទិត្យ វិជ្ជរ៉ាដានីជាដើម ។
ភស្តុតាងទេពកោសល្យរបស់អ្នកស្រីសោម វណ្ណសូដានី គេអាចមើលឃើញតាមរយៈខ្សែភាពយន្តរបស់អ្នកស្រីដែលបន្សល់ទុករហូតដល់បច្ចុប្បន្នដូចជារឿង «អាប៊ុលកាសេម», «សុវណ្ណហង្ស» , និងរឿង «ថាវរីមាសបង» ជាដើម ។ គិតពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៧៥ អ្នកស្រីសោម វណ្ណសូដានី សម្តែងភាពយន្តបានប្រមាណ៤៨រឿង ។
ខ្សែភាពយន្តដែលអ្នកស្រីសូដានីបានចូលរួមសម្ដែងទាំងនោះរួមមាន ៖ ១-រឿង«ចិត្តម្ដាយ» ឆ្នាំ១៩៦៣ ។ ២-រឿង«សូផាត» ឆ្នាំ១៩៦៣ ។ ៣-រឿង«ជាតិស្ត្រី» ឆ្នាំ១៩៦៤ ។ ៤-រឿង«ភពខ្មៅងងឹត» ឆ្នាំ១៩៦៤ ។ ៥-រឿង«កាលណាផ្ការីក» ឆ្នាំ១៩៦៥ ។ ៦-រឿង«នឹកឃើញជានិច្ច» ឆ្នាំ១៩៦៥ ។ ៧-រឿង«កំហុសអ្នកណា» ១៩៦៥ ។ ៨-រឿង«ម្ដាយខ្ញុំ» ១៩៦៥ ។ ៩-រឿង«សុបិនធីតា» ឆ្នាំ១៩៦៥ ។ ១០-រឿង«នាងសក់ក្រអូប» ឆ្នាំ១៩៦៦ ។ ១១-រឿង«នាងកែវណាម៉ា» ឆ្នាំ១៩៦៧ ។ ១២-រឿង«សុវណ្ណហង្ស» ឆ្នាំ១៩៦៧ ។ ១៣-រឿង«ជ័យសូរវង្ស» ឆ្នាំ១៩៦៧ ។ ១៤-រឿង«ក្នុងលោកនេះបើគ្មានបង»ឆ្នាំ១៩៦៧។ ១៥-រឿង«ព្រះច័ន្ទគោរព» ឆ្នាំ១៩៦៧ ។
១៦-រឿង«ស្នេហាស្រុកស្រែ» ឆ្នាំ១៩៦៧ ។ ១៧-រឿង«អីុណាវបុស្បា» ១៩៦៨ ។ ១៨-រឿង«នាងពិម្ពាសរជាតិ»ឆ្នាំ១៩៦៨ ។ ១៩-រឿង«អាប៊ុលកាសេម» ឆ្នាំ១៩៦៩ ។ ២០-រឿង«ច័ន្ទគ្រឿហ្វា» ឆ្នាំ១៩៦៩ ។ ២១-រឿង«ថាវរីមាសបង» ឆ្នាំ១៩៦៩ ។ ២២-រឿង«ភោគកុលកុមារ» ឆ្នាំ១៩៦៩ ។ ២៣-រឿង«រតនាវង្ស» ឆ្នាំ១៩៧០។ ២៤-រឿង«ភិនសុវណ្ណ» ឆ្នាំ១៩៧០ ។ ២៥-រឿង«ព្រះមហោសថ» ឆ្នាំ១៩៧០ ។ ២៦-រឿង«ផ្កាអង្គាបុស្ស» ឆ្នាំ១៩៧០។ ២៧-រឿង«ព្រះកំចាយទេព» ឆ្នាំ១៩៧១ ។ ២៨-រឿង«អ្នកកាត់សក់ដៃឯក»ឆ្នាំ១៩៧១។ ២៩-រឿង«នាងព្រាយកន្ទោងខៀវ» ១៩៧១ ។ ៣០-រឿង«សុរិយាល្ងាចថ្ងៃ» ឆ្នាំ១៩៧១ ។ ៣១-រឿង«ដំរីចុះប្រេង» ឆ្នាំ១៩៧១ ។
៣២-រឿង«លាអូនទៅច្បាំង» ឆ្នាំ១៩៧២។ ៣៣-រឿង«អណ្ដើកស៊ីត្រកួន»ឆ្នាំ១៩៧២ ។ ៣៤-រឿង«នាងផាត់ជាយ» ឆ្នាំ១៩៧២ ៣៥-រឿង«បិសាចស្រមោលខ្មៅ» ឆ្នាំ១៩៧៣ ។ ៣៦-រឿង«ជីវិតក្នុងភ្លើងសង្គ្រាម» ឆ្នាំ១៩៧៣ ។ ៣៧-រឿង«ឆ្អែតចិត្ត» ឆ្នាំ១៩៧៣ ។ ៣៨-រឿង«ខ្លែងសខ្លែងខ្មៅ» ឆ្នាំ១៩៧៣ ។ ៣៩-រឿង«ចន្ទន៍ក្រស្នា» ឆ្នាំ១៩៧៣ ។ ៤០-រឿង«ផ្គរលាន់ដើមឆ្នាំ» ឆ្នាំ១៩៧៣ ។ ៤១-រឿង«សំនៀងស្នេហ៍កម្ម»ឆ្នាំ១៩៧៣ ។ ៤២-រឿង«ស្នាមស្នេហ៍ព្រៃគប់» ឆ្នាំ ១៩៧៣ ។
៤៣-រឿង«ស្នេហ៍មកពីណា» ឆ្នាំ១៩៧៣ ។ ៤៤-រឿង«ឆ្នាំអូន១៦» ឆ្នាំ១៩៧៤ ។ ៤៥-រឿង«អង្គុលីមាល» ឆ្នាំ១៩៧៤ ។ ៤៦-រឿង«ឈាមឥន្ទ្រីខ្មៅ» ឆ្នាំ១៩៧៤ ។ ៤៧-រឿង«ក្រមុំចូលម្លប់» ឆ្នាំ១៩៧៤ ។ ៤៨-រឿង«អ្នកប្រដាល់១៣ស្រុក» ។
ស្នេហា ៖ តារាភាពយន្តលោកជា យុទ្ធថន មានភរិយាដំបូងគឺអ្នកស្រីវណ្ណ ភូមី ។ ក្រោយមកលោកជា យុទ្ធថន បានក្លាយជាគូស្វាមី-ភរិយានឹងអ្នកស្រីសោម វណ្ណសូដានី ដែលជាតារាភាពយន្តដូច គ្នា ។ អ្នកស្រីសោម វណ្ណសូដានី ជានារីមានចរិតសុភាពរាបសាសក្តិសមនឹងសម្រស់ស្រស់ស្រទន់របស់អ្នកស្រី ។ មុនពេលក្លាយជាតារាភាពយន្តអ្នកស្រីសោម វណ្ណសូដានី ជាគ្រូបង្រៀននៅខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់អ្នកស្រី ។
អ្នកស្នងត្រកូល ៖ គូស្វាមី-ភរិយាលោកជា យុទ្ធថន និងអ្នកស្រីសោម វណ្ណសូដានី នៅសល់កូនប្រុសម្នាក់នាពេលបច្ចុប្បន្នគឺលោកថន ថារិទ្ធ ហៅសៅ ភី។ លោកថន ថារិទ្ធ មានប្រវត្តិជីវិតកម្សត់ណាស់ តែលោកបានកសាងជីវិតក្លាយជាសាស្ត្រាចារ្យ។ លើសពីនេះទៅទៀត លោកថន ថារិទ្ធ ជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ គឺលោកបានក្លាយជាតារាសម្តែងភាពយន្តម្នាក់ដែរ ស្នងមរតកសិល្បៈភាពយន្តពីឪពុកនិងម្តាយរបស់លោក។
ស្នាដៃភាពយន្តដែលលោកថន ថារិទ្ធ បានសម្តែងជាតួឯក គឺរឿង«ឈាមអនាថា» និងរឿង«កែវភ្នែកសំណព្វចិត្ត» ។ ក្នុងនាមជាកូនកំព្រា លោកថន ថារិទ្ធ បានប្រមូលក្មេងកំព្រាជាច្រើននាក់មកចិញ្ចឹម និងគ្រប់គ្រង ។
មរណភាព ៖ របបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃបានបំផ្លិចបំផ្លាញសង្គមកម្ពុជាទាំងមូល ហើយសូម្បីតែសិល្បករក៏បង់ជីវិតក្នុងរបបនោះច្រើននាក់ដែរ។ ចំពោះតារាភាពយន្តលោកជា យុទ្ធថន បានស្លាប់ក្នុងរបបខ្មែរក្រហម នាឆ្នាំ១៩៧៦ នៅខេត្តបាត់ដំបង ។ ចំណែកភរិយារបស់លោកជា យុទ្ធថន គឺអ្នកស្រីសោម វណ្ណសូដានី បានស្លាប់ក្នុងរបបខ្មែរក្រហមដែរ ប៉ុន្តែនៅកន្លែងផ្សេងគ្នាក្នុងខេត្តកំពត ៕