ប្រេស៊ីល៖ តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា សត្វសេះមួយក្បាលបានកើតទុក្ខក្រៀមក្រំ ក្រោយពេលហិតក្លិនដឹងថាម្ចាស់នៅក្នុងមឈូស។ បុរសជាម្ចាស់ដែលបានបាត់បង់ជីវិត មានឈ្មោះថា Wagner Lima អាយុ៣៤ឆ្នាំ។ លោកមានទំនាក់ទំនងជិតដិតជាមួយនឹង សត្វសេះរបស់លោក ឈ្មោះថា Sereno យ៉ាងខ្លាំង រហូតអាចហៅបានថា ជាមិត្តសម្លាញ់។ យើងធ្លាប់លឺថា សត្វឆ្មាសត្វឆ្កែ គឺជាសត្វចិញ្ចឹមដ៏ល្អ។ តែចំពោះលោក Lima សត្វសេះគឺជាសត្វចិញ្ចឹមរបស់លោក ដែលលោកតែងតែចំណាយពេលនៅជាមួយ។
ជាអកុសល នៅថ្ងៃឆ្លងឆ្នាំ២០១៧ កន្លងផុតថ្មីៗនេះ លោក Lima បានបាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅប្រទេសប្រេស៊ីល។ មិត្តភ័ក្ត្រនិងគ្រួសាររបស់លោក បានដឹងរឿងនេះ ហើយកើតទុក្ខយ៉ាងខ្លាំង។ តែសត្វសេះរបស់លោក Sereno មិនបានដឹងពីរឿងដ៏អាក្រក់នេះឡើយ។
បងប្រុសរបស់លោក Lima ឈ្មោះថា Wando គិតថា នឹងយក Sereno មកចូលរួមពិធីដង្ហែសពដែរ ព្រោះថា Sereno គឺជាសត្វដែល Lima ចូលចិត្តបំផុត។
នៅពេលដង្ហែសពរបស់ លោក Lima នៅទីក្រុង Cajazeiras ប្រទេសប្រេស៊ីល Sereno បានដើរមកជិតមឈូសរបស់ Lima ហើយក៏ហិតក្លិន។ គ្រាន់តែហិតក្លិនដឹងថា Lima បានស្លាប់ក្នុងមឈូសភ្លាម Sereno បានធ្លាក់ទឹកមុខស្រងូតស្រងាត់ ហើយបានយកក្បាលរបស់វា អោនទៅដេកលើមឈូស។
មនុស្សគ្រប់គ្នាបានឃើញសកម្មភាពរបស់ Sereno ហើយក៏យល់ពីអារម្មណ៍ដ៏សោកសៅរបស់វា។ លោក Wando ដែលជាបងប្រុស និយាយថា នឹងយក Sereno ទៅមើលថែជំនួសប្អូនប្រុសដែលបានស្លាប់៕