រាជធានីភ្នំពេញ ៖ អ្នកនាងអ៊ុំ គន្ធា បានការយកចិត្តទុកដាក់ពីលោកចា រិទ្ធី ផ្តល់ឱកាសឱ្យនាងឡើងច្រៀងនៅលើឆាកតន្ត្រីទូរទស្សន៍ ខណៈជីវិតស្ថិតក្នុងសភាពដុនដាប ។
កាលពីពេល ថ្មីៗកន្លងមកនាងអ៊ុំ គន្ធា ត្រូវកូនប្រុសឌុបតាមម៉ូតូទៅដល់ឆាកតន្ដ្រីមុនម៉ោងឡើងសម្តែងកន្លះម៉ោង ដើម្បីសមបទចម្រៀង៣បទ ដែលនាងច្រៀង គឺបទ «ថ្ងៃលិចអូនស្រណោះ» «ខ្ញុំខឹងនឹងបងហើយ» និងបទ«ស្រឡាញ់បានត្រឹមតែនឹក» ។
លោកចា រិទ្ធី លើកឡើងថា «ខ្ញុំសូមសរសើរសមត្ថភាពរបស់នាងអ៊ុំ គន្ធា ដែលគាត់នៅតែច្រៀងពីរោះដដែល មិនងាយទេសំឡងគាត់នៅតែល្អហ្នឹង ។ ខ្ញុំអាណិតគាត់ ទើបហៅគាត់ឲ្យឡើងកម្មវិធីនេះ ហើយខ្ញុំនឹងមើលទៅតាមកម្មវិធីផ្សេងៗទៀត ដែលថាកម្មវិធីណានឹងអាចដាក់គាត់បានទៀត ព្រោះយើងដាក់តារាឡើងច្រៀង គឺតម្រូវតាមខាងSponsor ដែរ ។ ប៉ុន្តែអាស៊ីអាគ្នេយ៍នឹងផ្ដល់ឱកាសដល់គ្រប់គ្នាដែលមានសមត្ថភាពនឹងបញ្ចេញទេពកោសល្យ គឺអាចមករកខ្ញុំបាន»។
អ៊ុំ គន្ធា និយាយលើឆាក«តន្ត្រីមហាជន»របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ថានាងបែកពីទស្សនិកជនជាង១១ឆ្នាំហើយ ។ ពីមុនធ្លាប់បំពេអារម្មណ៍មហាជន ហើយពេលច្រៀងរាំចប់ទទួលបានការទះដៃសាទរធ្វើឱ្យនាងសប្បាយ រីករាយ ។ ពេលនេះបានឮសំឡេងបែបនោះម្តងទៀតហើយ ពិតជាមិននឹកស្មានដល់ ។
អតីតតារាចម្រៀងសិចស៊ីអ៊ុំ គន្ធា និយាយថា «នាងខ្ញុំមានឱកាសបានច្រៀងខ្លះហើយ ។ហើយនាងខ្ញុំក៏ចង់ឆ្លៀតពេលនេះប្រាប់បងប្អូនយើងថាក្នុងចិត្តគ្រាន់តែចង់ដាក់ពងទាតាមម៉ូតូដឹកលក់ជាមួយកូននៅតាមទីតាំងក្បែរផ្ទះនាងខ្ញុំម្តុំផ្សារបឹងឈូក សំរោងអណ្តែត ក្រាំងធ្នង់ ឬប្រកាសលក់តាមអនឡាញ ដើម្បីបានប្រាក់ខ្លះចិញ្ចឹមកូន គ្រួសារ ម្តាយ ជាងដើររកជំនួយ។ ដូចនេះមានតែពឹងលើបងប្អូនជួយទិញពងទានាងខ្ញុំផង ឃើញត្រង់ណាហៅជួយទិញតាមការគួរផងដើម្បីក្រពះ» ។
ក្នុងអំឡុងពេលនាងអ៊ុំ គន្ធា ខ្វះខាតមានសប្បុរសជនមួយចំនួនជួយឧបត្ថម្ភ មានអ្នកនាងចន ច័ន្ទលក្ខិណា, អតីតតារាសម្តែងលោកខៃ ប្រសិដ្ឋ ,លោកសាវិន ហ្វីលីព ,លោកចា រិទ្ធី និងសិល្បករមួយចំនួនទៀតធ្វើឱ្យនាងមានកម្លាំងចិត្តក្នុងការរស់នៅ ។
អ៊ុំ គន្ធា បានរៀបការជាមួយតារាចម្រៀងលោកផាន សុផាត និងមានកូនប្រុស២នាក់ ម្នាក់ឈ្មោះផាន សុខពេជ្រ អាយុ១៥ឆ្នាំ និងឈ្មោះហាស់ សុវណ្ណ អាយុ១៤ឆ្នាំ ពេលនេះពួកគេកំពុងរៀននៅអនុវិទ្យាល័យសំរោងអណ្ដែត ៕