យោងតាមរបាយការណ៍ចុងក្រោយនៃការលក់ចេញទូរស័ព្ទក្រុមហ៊ុន Apple បានដណ្តើមមកុដពីក្រុមហ៊ុនសាំស៊ុងក្នុងនាមជាក្រុមហ៊ុនផលិតទូរស័ព្ទវៃឆ្លាតធំបំផុតក្នុងពិភពលោក ជាលើកទីមួយក្នុងរយៈពេល៥ឆ្នាំមកនេះ ។
អ្នកវិភាគបច្ចេកវិទ្យាបាននិយាយថា ក្រុមហ៊ុនអាមេរិកApple ឈរនៅលំដាប់ទីមួយបន្ទាប់ពីលក់ចេញទូរស័ព្ទប្រមាណ៧៨,៣លានគ្រឿងនៅត្រីមាសចុងក្រោយឆ្នាំ២០១៦ ស្របពេលដែលក្រុមហ៊ុនសាំស៊ុង លក់បានត្រឹមតែ៧៧,៥លានគ្រឿងនោះ ។
ក្រុមហ៊ុនសាំស៊ុងគ្រងដណ្តើមមកុដពីក្រុមហ៊ុន Apple នៅឆ្នាំ២០១១ រហូតមកដល់ពេលនេះទើបមានការប្រែប្រួល ។ តែនៅឆ្នាំ២០១៥កន្លងទៅ ក្រុមហ៊ុនបានលក់ចេញទូរស័ព្ទស្ទើរតែប្រហាក់ប្រហែលគ្នា ។ កត្តាដែលនាំឲ្យក្រុមហ៊ុនសាំស៊ុងធ្លាក់ចុះនូវការលក់ចេញ ប្រហែលមកពីបញ្ហាទូរស័ព្ទ Galaxy Note 7 ចំពេលដែលក្រុមហ៊ុន Apple មានការកើនឡើងនូវការលក់ចេញសម្រាប់ម៉ូដែលថ្មីរបស់ខ្លួនគឺ iPhone 7 ។ អ្នកស្រាវជ្រាវឯករាជ្យផ្នែកបច្ចេកវិទ្យានិយាយថា ការលក់ចេញ iPhone 7 កើនឡើងដល់៣,៥លានគ្រឿង ។
ក្រុមហ៊ុន Apple បានបង្ហាញកំណត់់ត្រាការលក់ចេញរបស់ក្រុមហ៊ុនកាលពីថ្ងៃអង្គារថាប្រាក់ចំណូលរបស់ខ្លួនកើនឡើងខ្លាំងនៅត្រីមាសទីបីឆ្នាំមុន ។ ចំណែកក្រុមហ៊ុនសាំស៊ុងវិញ បន្ទាប់ពីមានបញ្ហាថ្មរបស់Note 7 មក ភាគហ៊ុនខ្លួនធ្លាក់ចុះទាបបំផុតគិតត្រឹមឆ្នាំ២០១១មក ។ តែទោះជាយ៉ាងណា អ្នកវិភាគគ្រឿងបច្ចេកវិទ្យាជាច្រើនយល់ឃើញថា Galaxy s8 ដែលមានពាក្យចចាមអារា៉មមិនចប់មិនហើយមុនពេលមានវត្តមាននៅលើទីផ្សារនោះ នឹងក្លាយជាអាវុធដ៏មានឥទ្ធិពលសម្រាប់ក្រុមហ៊ុនក្នុងការដណ្តើមតំណែងពីAppleវិញ ។
ទោះជាយ៉ាងណាទីផ្សារទូរស័ព្ទវៃឆ្លាតមានការកើនឡើងប្រមាណ៣ភាគរយ គឺកើនឡើងដល់១,៥ពាន់លានគ្រឿងនៅឆ្នាំ២០១៦ ៕