យោង​តាម​របាយការណ៍​ចុង​ក្រោយ​នៃ​ការ​លក់​ចេញ​ទូរស័ព្ទ​ក្រុមហ៊ុន Apple បាន​ដណ្តើម​មកុដ​ពី​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ក្នុង​នាម​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​វៃឆ្លាត​ធំ​បំផុត​ក្នុង​ពិភពលោក ជា​លើក​ទី​មួយ​ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ ។

អ្នកវិភាគ​បច្ចេកវិទ្យា​បាន​និយាយ​ថា ក្រុមហ៊ុន​អា​មេ​រិ​ក​Apple ឈរ​នៅ​លំដាប់​ទី​មួយ​បន្ទាប់​ពី​លក់​ចេញ​ទូរស័ព្ទ​ប្រមាណ​៧៨,៣​លាន​គ្រឿង​នៅ​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​២០១៦ ស្រប​ពេល​ដែល​ក្រុមហ៊ុន​សាំ​ស៊ុ​ង លក់​បាន​ត្រឹមតែ​៧៧,៥​លាន​គ្រឿង​នោះ ។

ក្រុមហ៊ុន​សាំ​ស៊ុ​ង​គ្រង​ដណ្តើម​មកុដ​ពី​ក្រុមហ៊ុន Apple នៅ​ឆ្នាំ​២០១១ រហូត​មក​ដល់​ពេល​នេះ​ទើប​មានការ​ប្រែប្រួល ។ តែ​នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ ក្រុមហ៊ុន​បាន​លក់​ចេញ​ទូរស័ព្ទ​ស្ទើរតែ​ប្រហាក់ប្រហែល​គ្នា ។ កត្តា​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ធ្លាក់​ចុះ​នូវ​ការ​លក់​ចេញ ប្រហែល​មក​ពី​បញ្ហា​ទូរស័ព្ទ Galaxy Note 7 ចំ​ពេល​ដែល​ក្រុមហ៊ុន Apple មានការ​កើនឡើង​នូវ​ការ​លក់​ចេញ​សម្រាប់​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន​គឺ iPhone 7 ។ អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​បច្ចេកវិទ្យា​និយាយ​ថា ការ​លក់​ចេញ iPhone 7 កើនឡើង​ដល់​៣,៥​លាន​គ្រឿង ។

ក្រុមហ៊ុន Apple បាន​បង្ហាញ​កំណត់់​ត្រា​ការ​លក់​ចេញ​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃ​អង្គា​រថា​ប្រាក់​ចំណូល​របស់​ខ្លួន​កើនឡើង​ខ្លាំង​នៅ​ត្រីមាស​ទី​បី​ឆ្នាំ​មុន ។ ចំណែក​ក្រុមហ៊ុន​សាំ​ស៊ុ​ង​វិញ បន្ទាប់​ពី​មាន​បញ្ហា​ថ្ម​របស់​Note 7 មក ភាគហ៊ុន​ខ្លួន​ធ្លាក់​ចុះ​ទាប​បំផុត​គិត​ត្រឹម​ឆ្នាំ​២០១១​មក ។ តែ​ទោះជា​យ៉ាងណា អ្នកវិភាគ​គ្រឿង​បច្ចេកវិទ្យា​ជា​ច្រើន​យល់​ឃើញ​ថា Galaxy s8 ដែល​មាន​ពាក្យ​ច​ចាម​អា​រា​៉​ម​មិន​ចប់​មិន​ហើយ​មុន​ពេល​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​នោះ នឹង​ក្លាយជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​ដណ្តើម​តំណែង​ពី​Apple​វិញ ។

ទោះជា​យ៉ាងណា​ទីផ្សារ​ទូរស័ព្ទ​វៃឆ្លាត​មានការ​កើនឡើង​ប្រមាណ​៣​ភាគរយ គឺ​កើនឡើង​ដល់​១,៥​ពាន់​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៦ ៕