រាជធានីភ្នំពេញ ៖ អតីតគូដណ្តឹងតារាសម្តែង អ្នកនាង នី មុន្នីនាថ ដែលជាអាណិកជននោះ គឺលោក អ៊ឹង សូឡាង បានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការហើយ ដោយទាមទារឱ្យតារារូបនេះ ត្រូវសងជំងឺចិត្តមកឱ្យខ្លួនចំនួន៥ម៉ឺនដុល្លារ បន្ទាប់ពីអ្នកទាំងពីរបានកាត់ផ្តាច់ទំនាក់ទំនងគ្នានោះ ។ លោក អ៊ឹង សូឡាង បានចាត់ទុក នី មុន្នីនាថ ថា បានបោកប្រាក់ខ្លួន ក្នុងពេលដែលមានទំនាក់ទំនងជាមួយគ្នា ដោយនៅក្នុងនោះ លោកបានទិញរបស់របរមានតម្លៃមួយចំនួនឱ្យនាង តែដល់ពេលធ្លាក់វីសាទៅនៅអាមេរិកជាមួយគ្នានោះ ត្រូវនាងបានបដិសេធចោលទៅវិញ ។
យោងតាមពាក្យបណ្តឹងរបស់លោក អ៊ឹង សូឡាង បានបញ្ជាក់ទៀតថា លោកបានស្នើសុំតុលាការបង្គាប់ឱ្យ នី មុន្នីនាថ សងប្រាក់ចំនួន៧ម៉ឺនដុល្លារ និងប្រាក់សងជំងឺចិត្តមកលោកចំនួន៥ម៉ឺនដុល្លារបន្ថែមទៀត ។ ពាក្យបណ្តឹងដែលចុះហត្ថលេខា ដោយមេធាវីរបស់លោក អ៊ឹង សូឡាង កាលពីចុងខែកញ្ញា បានឲ្យដឹងទៀតថា មូលហេតុនៃការទាមទារខាងលើ ពីដើមចោទ (អ៊ឹង សូឡាង)គឺដោយសារការ ដែលបានស្គាល់គ្នានិងស្រឡាញ់គ្នាជាមួយចុងចម្លើយ (នី មុន្នីនាថ) នៅឆ្នាំ២០១៤ ដោយព្រមព្រៀងដោយច្បាស់លាស់ថា នឹងយកគ្នាជាប្តីប្រពន្ធនៅថ្ងៃអនាគត ទើបដើមចោទបានរៀបចំធ្វើពិធីភ្ជាប់ពាក្យ ដោយមានឪពុកម្តាយទាំងសងខាងយ៉ាងត្រឹមត្រូវ ។ នៅថ្ងៃភ្ជាប់ពាក្យភាគីចុងចម្លើយ បានទាមទារបំពាក់ជូនចុងចម្លើយនូវគ្រឿងអលង្ការដូចជាខ្សែ.កពេជ្រ, ចិញ្ចៀនពេជ្រ និងក្រវិលពេជ្រ មានតម្លៃ៣ម៉ឺន៧ពាន់ដុល្លារ ។
ក្នុងអំឡុងឆ្នាំ២០១៤ ដល់២០១៧ ភាគីចុងចម្លើយបានឱ្យដើមចោទផ្ញើប្រាក់ឱ្យចុងចម្លើយទិញដី និងរថយន្ត ពេលនោះដោយគិតថា ចុងចម្លើយ ព្រមនឹងធ្វើជាភរិយាស្របច្បាប់របស់ខ្លួននៅថ្ងៃខាងមុខ ទើបដើមចោទបានផ្ញើប្រាក់ជាង២ម៉ឺនដុល្លារ ដើម្បីឲ្យភាគីចុងចម្លើយទិញដី រថយន្ត និងប្រើប្រាស់ផ្ទាល់ខ្លួន ។ ម្យ៉ាងទៀត ដោយសារដើមចោទជាអាណិកជនរស់នៅសហរដ្ឋអាមេរិក ដើមចោទខិតខំព្យាយាមបំពេញបែបបទធានាយកចុងចម្លើយទៅរស់នៅសហរដ្ឋអាមេរិក ។ ប៉ុន្តែនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីចុងចម្លើយបានទទួលវីសាឲ្យទៅអាមេរិក បែជាចុងចម្លើយមិនទៅថែមទាំងលុបចោលការភ្ជាប់ពាក្យរវាងដើមចោទថែមទៀតផង ដោយលើកហេតុផលដើមចោទមិនចេះប្រើពាក្យផ្អែមជាមួយចុងចម្លើយ ដែលជាមូលហេតុមិនត្រឹមត្រូវនោះទេ។
យ៉ាងណាក៏ដោយ បន្ទាប់ពីការដាក់ពាក្យបណ្តឹងពីអតីតគូដណ្តឹង នាពេលនេះតារាសម្តែងខាងបង្ហូរទឹកភ្នែកនាង នី មុន្នីនាថ នៅមិនទាន់ចេញមុខបកស្រាយនៅឡើយទេ ។ ប៉ុន្តែកន្លងមក ម្តាយរបស់ នី មុន្នីនាថ ធ្លាប់បានបដិសេធថា កូនស្រីខ្លួន មុន្នីនាថ មិនបានទៅបោកប្រាស់គូដណ្ដឹងយកលុយមកទិញផ្ទះ ឡាន ដី មាសពេជ្រ និងគ្រឿងអលង្ការ នោះទេ។ ចំណែកឯរឿងថា ក្រោយពីបោកគូដណ្ដឹងបានសម្រេច កូនស្រីខ្លួនសុំផ្ដាច់ពាក្យពីគូដណ្ដឹង រឹតតែមិនអាចទៅរួចទៀត ។