កូរ៉េ ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា តារាសម្តែងជនជាតិកូរ៉េម្នាក់ សុខចិត្តទទួលទានបាយត្រឹមតែ៣ស្លាបព្រាប៉ុណ្ណោះក្នុងមួយថ្ងៃ ព្រោះតែចង់ស្រកទម្ងន់។
តារាសម្តែងស្រី Lee Tae-Im ដែលធ្លាប់តែជាមនុស្សមានសាច់ឈាមទ្រលុកទ្រលន់ តែឥឡូវនេះ នាងមានរាងស្គមគួរឲ្យកត់សម្គាល់។ នាងបានចូលរួមក្នុងកម្មវិធី Video Star កាលពីថ្ងៃអង្គារ៍ ដែលធ្វើឲ្យវាគ្មិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសភាពនាងពេលបច្ចុប្បន្ន។
នាងបានសារភាពប្រាប់ថា នាងពិតជាបានធ្វើការសម្រកទម្ងន់ ដោយតបអាហារពិតមែនអស់រយៈពេល៦ខែមកនេះ។ នាងទទួលទានបាយត្រឹមតែ៣ស្លាបព្រាប៉ុណ្ណោះក្នុងមួយថ្ងៃ ព្រោះនាងមានអារម្មណ៍ខ្មាស់គេនៅពេលនាងមានរាងធាត់។ នាងទទួលស្គាល់ថា ការតបអាហាររបស់នាងមិនមែនជាទង្វើល្អទេ តែមកពីនាងចង់ស្រកគីឡូលឿន ដើម្បីទទួលបានភាពស្អាតនៅលើកញ្ចក់ទូរទស្សន៍។
កន្លងមក មានមនុស្សមួយចំនួនបានរិះគន់ពីការតមអាហាររបស់នាង ព្រោះនាងមើលទៅហាក់បីដូចជាឈឺអញ្ចឹង។ មិត្តភក្តិរបស់នាងប្រាប់នាងឲ្យទទួលទានអាហារឲ្យច្រើនបន្តិចទៅ។ ក្រោយមកនាងក៏ទទួលទានបាយមួយថ្ងៃ៦ស្លាបព្រាវិញ។
ដូចជាយើងឃើញក្នុងរូបថតស្រាប់ នាងកាលពីមុនមើលទៅមានសាច់ទ្រលុកទ្រលន់ និងស្រស់ស្រាយ តែឥឡូវនេះមើលស្ទើរតែមិនស្គាល់៕