រាជធានីភ្នំពេញ ៖ រូបភាពជាច្រើនសន្លឹករបស់តារាបង្ហាញម៉ូដនាង នៅ គីមមួយ កំពុងត្រូវបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាលអ្នកលេងហ្វេសប៊ុក បន្ទាប់ពីរូបភាពទាំងនោះត្រូវបានគេបង្ហោះជាសាធារណៈជាមួយនឹងតួប្រុសដែលស្រាតគ្មានសល់។
បើទោះបីជារូបភាពទាំងអស់នោះ គឺជាការថតបែបសិល្បៈក៏ដោយ ប៉ុន្តែវាបានក្លាយជាប្រធានបទក្តៅមួយនៅតាមបណ្តាញសង្គមហ្វេសប៊ុកដែលត្រូវបានលើកមកជជីកគ្នាជាមួយការគាំទ្រនិងការរិះគន់។ ជាមួយនឹងការរិះគន់ ក៏មានមតិមួយចំនួនទៀតបានលើកឡើងថា បើយើងមិនឈានដើរធ្វើម្តេចរាប់បានជំហ៊ានទីមួយ បើអ្នកជាអ្នកប្រកាន់រឿងវប្បធម៌ ឬជាអ្នកវប្បធម៌ជ្រុលនិយម សូមមេត្តាអូសរំលង កុំខំមិនដោយខ្វះភាពថ្លៃថ្នូរ គួរចេះបែងចែកថា អ្វីជារូបភាពបែបសិល្បៈ។
យ៉ាងណាពាក់ព័ន្ធនឹងរូបភាពខាងលើនេះ តារាបង្ហាញម៉ូដ នៅ គីមមួយ បានអះអាងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា រូបភាពទាំងអស់នេះ គឺជាគំនិតអ្នកដឹកនាំដែលចង់បានអ្វីដែលថ្មី។
នាងបញ្ជាក់ថា រូបភាពនោះចង់បង្ហាញពីស្នេហារវាងបុរស និងនារីមួយគូដែលខាងប្រុសស្រឡាញ់រហូតលះបង់ខ្លួនស្រាតថតជាមួយតួស្រី ខណៈបុរសខាងលើគឺជាជនបរទេស។ បើតាមនៅ គីមមួយ រូបភាពទាំងអស់នោះ គឺពិតប្រាកដ ពោលគឺមិនមែនជាការកាត់តនោះឡើយ ខណៈពេលនាងក៏មិនមានការអៀនខ្មាស់នៅពេលបុរសនោះស្រាតក៏ដោយ។
នៅ គីមមួយ បន្ថែមថា រូបភាពទាំងអស់នេះ គឺជារូបភាពបែបសិល្បៈប៉ុណ្ណោះ ដោយសារអ្នកដឹកនាំចង់ឱ្យភាពប្លែកភ្នែក និងទាក់ទាញពីទស្សនិកប៉ុណ្ណោះ បើមានអ្វីខុសឆ្គងនាងសុំការយោគយល់ និងអភ័យទោស៕ (កែសម្រួលដោយ ៖ បុប្ផា)