ទៅលេងកំពតចង់ញ៊ាំគ្រឿងសមុទ្រឲ្យបបូរ ធូរថ្លៃ និងធម្មជាតិស្រស់ៗ ធ្វើម៉េចទៅ?

0
17785

ចូល​មើល​ចំ​កន្លែង​ហើយ ចម្លើយ​នេះ​អាស្រ័យ​លើ​សមត្ថភាព​អ្នក​ដែរ ជា​ធម្មតា​ទេ​ដើម្បី​ជួយ​សន្សំ​លុយ​ខ្លះ​សម្រាប់​អ្នក​ទាំងអស់​គ្នា ដែល​ចង់បាន​របស់​ញ៊ាំ​ល្អ​ហើយ ធូរ​ថ្លៃ​យើង​រៀង​ចំណាយ​ជំនាញ​ថ្វីមាត់​បន្តិច​ហើយ តែ​សម្រាប់​ទីតាំង​នឹង​តិច​និក​ផ្សេង​ទៀត ចាំ Admin អ្នកត្រួសត្រាយ​បង្ហាញ​ប្រាប់​ទៅ​ចុះ​។

ជា​ធម្មតា​ទេ​បងប្អូន​យើង ដែល​ធ្វើ​ដំណើរ​ទេសចរណ៍​ពី​បណ្តា​ខេត្ត ផ្សេង​ៗ ទៅ​លេង​ខេត្តកំពត​តែង​មាន​គោលដៅ​ទៅ​លេង​ទីណា​រួច​ហើយ​តាម​គោលដៅ​រៀង​ៗ​ខ្លួន ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​គ្រប់​គ្នា​ចង់បាន​មួយទៀត​នោះ គឺ​បាន​ញ៊ាំ​គ្រឿង​សមុទ្រ​ឲ្យ​បាន​បបូរ តាម​ចិត្ត និយាយ​រួម​ញ៊ាំ​រហូត​ឃើញ​តា​លាន់​ហ្មង និង​កាន់តែ​អ៊ែ​ម​ទៀត​នោះ គ្រឿង​សមុទ្រ​ស្រស់​ៗ និង​ធម្មជាតិ​ពិត​ៗ អ​ញ្ចឹ​ង​ហើយ​ខាងក្រោម​នេះ​ជា​ដំណើរ​ដើម​ទង់​ដើម្បី​បាន​ដូច​បំណង​។

ដំបូង​អ្នក​ត្រូវ​ពិបាក​បន្តិច​ហើយ​ត្រូវ​ក្រោក​ពី​ព្រលឹម​បន្តិច ព្រោះថា​ពិភព​ដើម​របស់​គ្រឿង​សមុទ្រ​មុន​នាំ​ចូល​ទីផ្សារ​នានា គឺ​ខាង​បង​ៗ អ្នកនេសាទ​ត្រូវ​ទៅ​ទំលាក់​គ្រឿង​សមុទ្រ​ដែល​រកបាន​នៅ​កំពង់​ផែ ហើយ​សម្រាប់​ផែ​នៅ​ទីរួមខេត្ត​កំពត​នោះ គឺ​មានឈ្មោះ​ថា ផែ​ក្តាម ចុចទីនេះ សម្រាប់​ផែនទី នៅ​ជិត​ក្រុង​កំពត​ដែរ​ទេ ដូច្នេះ​ហើយ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​លោក​អ្នក​ទៀត​នោះ​ដើម្បី​កុំអោយ​ពិបាក​១​រឿង​ទៀត​នោះ​ដែល​ត្រូវ​គិត​ទុកជា​មុន​នោះ​គឺ រឿង​ក្រោក​ពី​គេង​ម៉ោង ៤​ព្រឹក​ហើយ​រៀបចំ​ខ្លួន​ត្រូវ​មក​ដល់​ផែ​ក្តាម​យ៉ាង​ហោច​ណាស់​មុន​ម៉ោង ៥​ព្រឹក ដូច្នេះ​ហើយ​អ្នក​គួរ​គប្បី​រក​កន្លែង​ណា​ដែល​នៅ​ជិត​ទីតាំង​ផែ​នោះ ព្រោះ​ថាបើ​អ្នក​ទៅ​យឺត​ពេល​នោះ ខាង​ឈ្មួញកណ្តាល​គេ​នឹង​ទិញ​យក​គ្រឿង​សមុទ្រ​ល្អ​ៗ អស់ អ្នក​គ្មាន​ឪ​កាស​បាន​របស់​ល្អ​ឡើយ ហើយ​ទូក​ក៏​នឹង​ចេញពី​ផែ​អស់​ដែរ​បើ​ទៅ​យឺត​ពេល​ខ្លាំង​។

ផែក្តាម (ក្រេឌីតរូបថតដោយ៖ Bong Rom)
ផែក្តាម (ក្រេឌីតរូបថតដោយ៖ Bong Rom)

ដូច​បាន​រៀបរាប់​ពី​ខាង​ដើម​អ​ញ្ចឹ​ង​ថា​អ្នក ត្រូវ​ចេះ​វិធីសាស្ត្រ​និយាយ ដើម្បី​គ្រឿង​សមុទ្រ​ល្អ​មក​ញ៊ាំ​ហើយ​ធូរ​ថ្លៃ និយាយ​រួម​គឺ ពូកែ​តថ្លៃ និង​ចេះ​រាក់ទាក់​និយាយ​ចរចារ ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បង​ៗ ខាង​ទូក ព្រោះ​គ្រឿង​សមុទ្រ​ដែល​ល្អ ច្បាស់​ណាស់​ថា បង​ៗ ខាង​ទូក​នេសាទ ទុក​អោយ​ខាង​ឈ្មួញកណ្តាល​ជា​មុន ព្រោះ​ជា​ម៉ូយ​ប្រចាំ​របស់​ពួក​គាត់ ដូច្នេះ​ហើយ​គាត់​មិន​ចង់​លក់​អោយ​យើង​អ្នក​ក្រៅ​នោះ​ទេ បើ​លក់​ទាល់តែ​តម្លៃ​លើ​ខាង​ឈ្មួញកណ្តាល​បន្តិចបន្តួច​ដែរ ដូច្នេះ​ហើយ យើង​ត្រូវ​ចេះ​ឆ្លៀត​ឪ​កាស នៅ​ពេល​ដែល​ទូក​នេសាទ​ណា​ដែល ខាង​ឈ្មួញ​គេ​មិន​ទាន់​មក​ដល់ យើង​អាច​ទៅ​និយាយ​ចរចា​តថ្លៃ​ពី​អ្នក​ទូក​បាន ដោយ​អោយ​តម្លៃ​លើ​ឈ្មួញ​ខ្លះ នោះ​ពួក​គាត់​នឹង​លក់​អោយ​មិន​ខាន បើ​តាម Admin ដឹង​តម្លៃ​ទូទៅ​របស់​ក្តាមសេះ អា​លេខ​ពីរ​មាន​តម្លៃ​ចន្លោះ​ពី ២៥០០០៛ ទៅ ៣០០០០៛ ហើយ​អា​លេខ​១ តម្លៃ​ថ្លៃ​បន្តិច​ហើយ ៤០០០០៛ ទៅ ៦០០០០៛ ក្នុង​១​គីឡូ​។

វិធី​រើស​ក្តាម អ្នក​ត្រូវ​ស្គាល់​ថា​តើ​ក្តាម​មួយ​ណា​ជា​ក្តាម​ញី និង​មួយ​ណា​ជា​ក្តាម​ឈ្មោល​។ ក្តាម​ញី​មាន​សន្ទះ​ទ្រូង​ធំ រីឯ​ក្តាម​ឈ្មោល​មាន​សន្ទះ​ទ្រូង​តូច ហើយ​ក្តាម​ញី​ជា​ក្តាម​មាន​ពង ដើម្បី​ដឹង​ថា​ក្តាម​នោះ​នៅ​ស្រស់ និង​មាន​សាច់​ច្រើន​ត្រូវ​សង្កេត​ដូច​ខាងក្រោម​នេះ​។

១. ពណ៌​ដង្កៀបក្តាម​ស្រស់​មាន​ពណ៌​ស្រស់​ភ្លឺ​ចែងចាំង​និង​រលើបរលោង​នៅ​លើ​ដង្កៀប​របស់​វា រីឯ​ក្តាម​ចាស់​វិញ មាន​ពណ៌​រាង​ស្រអាប់ និង​គ្រើម​ៗ​។

២. លក្ខណៈ​បាត​ពោះ​ក្តាម​ក្តាម ដែល​មាន​បាត​ពោះ​ស្មើ ជា​ក្តាម​ស្រស់ បើ​វា​ជា​ក្តាម​ចាស់ មាន​ក្បាលពោះ​រាង​ប៉ោង​។

៣. ពណ៌​បាត​ពោះ​បើ​មាន​ពណ៌​រាង​ខៀវ និង​សំប៉ែត ជា​ក្តាម​ស្រស់ បើ​មាន​ក្បាលពោះ​ប៉ោង​ពណ៌​លឿង​ៗ ជា​ក្តាម​ចាស់​។

៤. របៀប​មើល​សាច់​ច្រើន​ឬ​តិច​ត្រូវ​ច្របាច់​សន្ទះ​ទ្រូង​របស់​វា បើ​រឹង​គឺ​សម្បូរ​សាច់ បើ​ទន់​ឬ​ផត​ពុំ​សូវ​មាន​សាច់​ទេ​៕

បង្គារ ចំណែកឯ​បង្គារ​ធម្មជាតិ​វិញ អ្នក​ត្រូវ​ចាំ​ថា​រូបរាង​វា​មិនធំ​ស្មើរ​ទេ គឺ​តូច​ធំ​ៗ ហើយ​មិន​ស្អាត​ល្អ​ឡើយ ដូច្នេះ​ហើយ​បើ​លោក​អ្នក​ឃើញ​បង្គារ​អ​ញ្ចឹ​ង​កុំ​ខ្លាច​ញ៊ាំ ព្រោះថា​រសជាតិ​វា​ជាតិ​ណាស់ រសជាតិ​អ៊ែ​ម​ហ្មង បាន​ញ៊ាំ​ភ្លាម​ៗ ស្រស់​ៗ​ទៀត​នោះ ដឹង​តែ​ពី​ញ៉ាម​ហ្មង ហើយ​លែង​ចង់​ញ៊ាំ​បង្គារ​ចិញ្ចឹម​ទៀត​ហើយ​។ ចំណែក​តម្លៃ​វិញ ចាប់ពី ៣០០០០៛ ឡើង​ទៅ​ដោយ បង្គារ​លេខ​២ តម្លៃ ២៨០០០៛ ទៅ ៣២០០០៛ ហើយ​បង្គារ​លេខ​១ តម្លៃ ៤០០០០៛ ទៅ ៦០០០០៛ តាម​រដូវ​សំបូរ​ឬ​មិន​សំបូរ​។

វិធី​រើស​បង្គារ

១. ច្របាច់​មើល​សំបក​ដងខ្លួន​របស់​វា តើ​រឹង​ឬ​អត់ បើ​រឹង​គឺ​ល្អ​។​
២. មើល​ក្បាល​របស់​វា តើ​ជាប់​នឹង​ដងខ្លួន​ឬ​អត់ បើ​ដាច់​ពី​ដងខ្លួន កុំ​ទិញ​។​
៣. បើ​ព្រុយ​របស់​វា​មិន​ដាច់​ចេញពី​ក្បាល​របស់​វា​ទេ ឬ​ព្រុយ​ស្វិត​ល្អ​មិន​របូត​ពី​ខ្លួន ទិញ​យក​ចុះ​មិន​ខុស​បំណង​ទេ​។​ 

និយាយ​រៀបរាប់​ឡើង​ហូរហែរ​គ្រាន់​អាន​ក៏​ហត់​ដែរ នៅ​មាន​វិធី​១ ទៀត​ដើម្បី​កុំអោយ​ហត់​ពេក​អ្នក​អាច​ជួយ​ទិញ​ផ្ទាល់​ពី​ឈ្មួញកណ្តាល​តែ​ម្តង គ្រាន់តែ​តម្លៃ​រៀង​ថ្លៃ​ជាង​បន្តិច តែ​អ្នក​មិនសូវ​ពិបាក​រើស​គ្រឿង​សមុទ្រ​នោះ​ទេ ព្រោះ​អី​ពួក​គាត់​អ្នក​ឈ្មួញកណ្តាល​គាត់​បាន​ជ្រើសរើស​រួច​ម្តង​ហើយ ដូច្នេះ​ហើយ​ភាគរយ​ខ្ពស់​ដែល​អ្នក​បាន​របស់​ល្អ​មក​ញ៊ាំ ឬ​ក៏​លោក​អ្នក​អាច​ទំនាក់ទំនង​សួរនាំ​អ្នក​កំពត​ណា​ដែល​មាន​ស្គាល់​លេខ​ឈ្មួញកណ្តាល ក៏​បាន​ដើម្បី​អោយ​គេ​ទុក​គ្រឿង​សមុទ្រ​អោយ​យើង វិធី​នេះ​ងាយ​ជាងគេ តែ​ត្រូវ​រក​លេខ​ឈ្មួញ​ណា​ដែល​ទុកចិត្ត​ដែរ​។

តែ​សម្រាប់ Admin ផ្ទាល់​នៅ​តែ​ណែនាំ​សម្រាប់​ការ​អនុវត្តន៍​អ្វី​ដែល​ថ្មី ព្រោះថា​ទេសភាព​នា​ព្រឹក​ព្រលឹម​នៅ​កំពង់​ផែ​ក្តាម​នោះ​ក៏ មិន​អន់​ដែរ ស្អាត​កប់​ដែរ​នឹង ហើយ​ណាមួយ​ទៀត​បាន​ស្គាល់ បានឃើញ ពិសេស​ស្នាមញញឹម​អ្នកលក់​ម្នាក់​នា​ព្រឹក​ព្រលឹម​ផង​ដែរ​។