ទំនងគួរឱ្យចង់ញ៊ាំណាស់ ឈ្មោះក៏ប្លែកទៀតបង្អែមប៊ូឡយ រឺបង្អែមឥន្ធនូ

របៀបធ្វើបង្អែមប៊ូឡយ រឺបង្អែមឥន្ធនូ

0
5021

មិនត្រឹមតែឈ្មោះទេដែលប្លែកនោះ សូម្បីតែរូបរាងក៏ខ្យូតៗគួរឱ្យចង់ញ៊ាំដែរ​ សម្រាប់បងៗស្ត្រីមេផ្ទះ អាចសាកល្បងរៀនធ្វើ ញ៊ាំ ក៏ដូចជាចែករំលែកបន្តផង ដើម្បីអោយស្ត្រីមេផ្ទះផ្សេងៗទៀតចេះធ្វើដែរ។


✅ គ្រឿងផ្សំ

១. ត្រាវចំហុយកាត់ជាកង់ៗ ២ ចានចង្កឹះ
២. ខ្ទិះដូង ៣ ទៅ ៤ ចានចង្កឹះ
៣. ម្សៅអង្ករដំណើប ១ ចានចង្កឹះ
៤. ម្សៅដំឡូងមី ១ ចានចង្កឹះ
៥. ស្ករស ១ ចានចង្កឹះ
៦. អំបិល កន្លះស្លាបព្រាបាយ
៧. ទឹកធម្មតា ឬទឹកដូង ១ ចានចង្កឹះ
៨. ស្លឹកតយ ៣ ទៅ ៥ សន្លឹក (ស្រេចចិត្ត)
៩. សាច់ដូងខ្ចី ១ ចានចង្កឹះ
១០. ពងទា (ដាក់ក៏បាន មិនដាក់ក៏បាន)



វិធីធ្វើ
ចំហុយត្រាយឱ្យឆ្អិន។ ឆ្លៀតពេលកំពុងចំហុយត្រាយ ទៅកោសយកសាច់ដូងខ្ចី។ បន្ទាប់ពីត្រាវឆ្អិន សូមយកប្រដាប់កិនសាច់ត្រាវឱ្យទៅជាកម្ទេចល្អិតៗ ហើយលាយម្សៅទាំងពីរមុខចូល ហើយច្របាច់ឱ្យសព្វ។ ពេលកំពុងច្របាច់ម្សៅនិងត្រាវឱ្យសព្វសាច់គ្នា សូមស្រោចខ្ទិះដូងចូលម្តងមួយស្លាបព្រាៗ (មួយចានចង្កឹះ) រួចបន្តច្របាច់រហូតទាល់តែសព្វសាច់និងខ្ទិះដូចចូលត្រាវនិងម្សៅ។ បន្ទាប់មកចាក់ទឹកដូងមួយចានចង្កឹះចូល ហើយច្របាច់បន្ថែមទៀតរហូតទាល់តែស្អិតល្មួត។

បន្ទាប់មកទៀត ពូតត្រាវជាកូនដុំតូចៗ។ រួចហើយ ចាក់ទឹកចូលខ្ទះ ៤ ចានចង្កឹះ ហើយដាំឱ្យពុះល្មម។ យកត្រាវដុំៗនោះទៅស្រុសទឹកក្តៅរហូតទាល់តែឆ្អិន។ បន្ទាប់មកស្រង់ដាក់ក្នុងទឹកឱ្យវាត្រជាក់។

ដាំខ្ទិះដូងនៅសល់ក្នុងកូនឆ្នាំមួយ បើកភ្លើងល្មមៗ ហើយចាក់ស្ករស ស្លឹកតយ និងអំបិលចូលហើយកូរឱ្យសព្វ។ យកសាច់ដូងខ្ចីចាក់ចូលក្នុងនោះ។ រួចយកត្រាវដែលត្រាំទឹកឱ្យត្រជាក់នោះ ចាក់ចូលក្នុងកូនឆ្នាំខ្ទិះដូងនេះ។ រួចកូរឱ្យសព្វ ហើយគោះពងទាមួយគ្រាប់ចូល។ បន្ទាប់មកដកចេញពីលើភ្លើង ហើយដាក់ចានទទួលទានតាមការគួរ៕

លោកអ្នកអាចបន្ថែម ពោត ត្រាវ ដូងខ្ចី…..ទៅតាមចំនូលចិត្ត