បបរគ្រឿងសាច់មាន់ ជាតិអស់ស្ទះហ្មងហើយ អាចធ្វើញ៉ាំលក្ខណៈគ្រួសារដោយងាយៗ

បបរគ្រឿងមាន់

0
2195

រដូវកាលកូវីដ ជារដូវការដែលធ្វើអោយគ្រួសារបានញ៉ាំបាយជុំគ្នាយ៉ាងមានក្ដីសុខ ព្រោះតែម្នាក់ៗមិនសូវចេញទៅញ៉ាំនៅខាងក្រៅផ្ដេសផ្ដាស។ ហើយចុះមេចុងភៅ ពិបាករកនឹកធ្វើម្ហូបទេរាល់ថ្ងៃ បើថាទាល់មែនទែនហើយសាកមកធ្វើបបរគ្រឿងសាច់មាន់ ញ៉ាំម្ដងមើល៎ និយាយពីថាជាតិអស់ស្ទះហើយ បើមិនជឿសាកធ្វើញ៉ាំទៅគ្រឿងផ្សំ និងរបៀបធ្វើមាននៅខាងក្រោមធ្វើម្ដងញ៉ាំបានមួយគ្រួសារធំហ្មង តែមិនស្រួលអាចចែកដល់អ្នកជិតខាងថែមទៀត។

គ្រឿងផ្សំដែលត្រូវមាន៖

  • មាន់ ១ក្បាល ប្រហែល ១គីឡូកន្លះ
  • ថ្លើម បេះដូង ឈាម (ជ្រូក) ១គីឡូ
  • ស្ករ ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ៣ស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • បង្គាក្រៀម ៣ស្លាបព្រាបាយ
  • យាហឺ ៣បន្ទះ (តូចៗ) ហាន់តូចៗ
  • ឆៃប៉ូវប្រៃ ៤ចំនិត ហាន់ស្តើងៗ
  • ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
  • អង្ករ ៣កំប៉ុង
  • ទឹក ៨លីត្រ
  • សណ្តែកបណ្តុះ
  • ស្លឹកជីរណា
  • ស្លឹកខ្ទឹម
  • ក្រូចឆ្មា
  • សៀងឆា
  • ម្ទេសឆា
  • ខ្ទឹមបំពង

របៀបធ្វើ៖

  • ដាំទឹកអោយពុះ ដាក់អំបិលបន្តិច រួចដាក់មាន់ចូល ស្ងោរយះពេល ២០នាទី ឬ រហូតដល់មាន់ឆ្អិន
  • ដាំទឹកអោយពុះ (ឆ្នាំងផ្សេង) ដាក់អំបិល ១ស្លាបព្រាកាហ្វេ រួចដាក់ឈាមជ្រូកចូល ស្ងោរ ៥នាទី រួចយកទៅលាងជាមួយទឹកត្រជាក់អោយស្អាត រួចកាត់ជាដុំតូច ហើយដាក់ត្រាំក្នុងទឹកត្រជាក់
  • ពេលស្ងោរមាន់បានប្រហែល ១០នាទីយើងដាក់ បង្គាក្រៀម យីហឺ និងឆៃប៉ូវចូល
  • ដាំទឹកអោយពុះ (ឆ្នាំងផ្សេង) ដាក់អំបិល ១ស្លាបព្រាកាហ្វេ រួចដាក់ថ្លើម និងបេះដូងស្ញោរអោយឆ្អិន ប្រហែល ១០ទៅ១៥នាទី រួចហាន់ស្តើងៗ
  • ក្រោយរំងាស់ទឹកស៊ុបបាន ២០នាទី រហុតដល់មាន់ឆ្អិនហើយ ស្រង់មាន់ចេញទុកអោយត្រជាក់ រួចធ្វើការហែកជាបន្ទះៗតូចល្មម
  • លាងអង្ករ អោយស្អាត រួចទុកអោយច្រោះទឹក។
  • ដាក់ប្រេងឆា ១ស្លាបព្រាបាយអោយក្តៅ ដាក់ខ្ទឹមចូលឆាលីងអោយក្រហមល្អ ដាក់អង្ករចូលឆាបីបួនត្រឡប់ បន្ទាប់មកដាក់ ស្ករ អំបិល ទឹកត្រី និងម្សៅស៊ុបចូលឆាប្រហែល ២ទៅ៣នាទី (ដាក់ទឹកស៊ុបចូលបន្តិច) រួចយកទៅចាក់ចូលក្នុងឆ្នាំងស៊ុបដែលស្ងោរមាន់ ហើយធ្វើការរំងាស់ប្រហែល១៥នាទី រួចដាក់ឈាម និងសាច់មាន់ចូលទុកអោយពុះឆ្អិន រួចជាការស្រេច

ពេលញ៉ាំដួសបបរដាក់ចាន ដាក់សណ្តែកបណ្តុះស្លឹកជីរណា ស្លឹកខ្ទឹម ក្រូចឆ្មារ សៀងឆា ម្ទេសឆា និងខ្ទឹមបំពង តាមចំណូលចិត្ត៕

រូបភាព៖ មេផ្ទះ Housewife
រូបភាព៖ មេផ្ទះ Housewife