រដូវកាលកូវីដ ជារដូវការដែលធ្វើអោយគ្រួសារបានញ៉ាំបាយជុំគ្នាយ៉ាងមានក្ដីសុខ ព្រោះតែម្នាក់ៗមិនសូវចេញទៅញ៉ាំនៅខាងក្រៅផ្ដេសផ្ដាស។ ហើយចុះមេចុងភៅ ពិបាករកនឹកធ្វើម្ហូបទេរាល់ថ្ងៃ បើថាទាល់មែនទែនហើយសាកមកធ្វើបបរគ្រឿងសាច់មាន់ ញ៉ាំម្ដងមើល៎ និយាយពីថាជាតិអស់ស្ទះហើយ បើមិនជឿសាកធ្វើញ៉ាំទៅគ្រឿងផ្សំ និងរបៀបធ្វើមាននៅខាងក្រោមធ្វើម្ដងញ៉ាំបានមួយគ្រួសារធំហ្មង តែមិនស្រួលអាចចែកដល់អ្នកជិតខាងថែមទៀត។


គ្រឿងផ្សំដែលត្រូវមាន៖
- មាន់ ១ក្បាល ប្រហែល ១គីឡូកន្លះ
- ថ្លើម បេះដូង ឈាម (ជ្រូក) ១គីឡូ
- ស្ករ ១ស្លាបព្រាបាយ
- ម្សៅស៊ុប ៣ស្លាបព្រាបាយ
- ទឹកត្រី ២ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- បង្គាក្រៀម ៣ស្លាបព្រាបាយ
- យាហឺ ៣បន្ទះ (តូចៗ) ហាន់តូចៗ
- ឆៃប៉ូវប្រៃ ៤ចំនិត ហាន់ស្តើងៗ
- ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
- អង្ករ ៣កំប៉ុង
- ទឹក ៨លីត្រ
- សណ្តែកបណ្តុះ
- ស្លឹកជីរណា
- ស្លឹកខ្ទឹម
- ក្រូចឆ្មា
- សៀងឆា
- ម្ទេសឆា
- ខ្ទឹមបំពង

របៀបធ្វើ៖
- ដាំទឹកអោយពុះ ដាក់អំបិលបន្តិច រួចដាក់មាន់ចូល ស្ងោរយះពេល ២០នាទី ឬ រហូតដល់មាន់ឆ្អិន
- ដាំទឹកអោយពុះ (ឆ្នាំងផ្សេង) ដាក់អំបិល ១ស្លាបព្រាកាហ្វេ រួចដាក់ឈាមជ្រូកចូល ស្ងោរ ៥នាទី រួចយកទៅលាងជាមួយទឹកត្រជាក់អោយស្អាត រួចកាត់ជាដុំតូច ហើយដាក់ត្រាំក្នុងទឹកត្រជាក់
- ពេលស្ងោរមាន់បានប្រហែល ១០នាទីយើងដាក់ បង្គាក្រៀម យីហឺ និងឆៃប៉ូវចូល
- ដាំទឹកអោយពុះ (ឆ្នាំងផ្សេង) ដាក់អំបិល ១ស្លាបព្រាកាហ្វេ រួចដាក់ថ្លើម និងបេះដូងស្ញោរអោយឆ្អិន ប្រហែល ១០ទៅ១៥នាទី រួចហាន់ស្តើងៗ
- ក្រោយរំងាស់ទឹកស៊ុបបាន ២០នាទី រហុតដល់មាន់ឆ្អិនហើយ ស្រង់មាន់ចេញទុកអោយត្រជាក់ រួចធ្វើការហែកជាបន្ទះៗតូចល្មម
- លាងអង្ករ អោយស្អាត រួចទុកអោយច្រោះទឹក។
- ដាក់ប្រេងឆា ១ស្លាបព្រាបាយអោយក្តៅ ដាក់ខ្ទឹមចូលឆាលីងអោយក្រហមល្អ ដាក់អង្ករចូលឆាបីបួនត្រឡប់ បន្ទាប់មកដាក់ ស្ករ អំបិល ទឹកត្រី និងម្សៅស៊ុបចូលឆាប្រហែល ២ទៅ៣នាទី (ដាក់ទឹកស៊ុបចូលបន្តិច) រួចយកទៅចាក់ចូលក្នុងឆ្នាំងស៊ុបដែលស្ងោរមាន់ ហើយធ្វើការរំងាស់ប្រហែល១៥នាទី រួចដាក់ឈាម និងសាច់មាន់ចូលទុកអោយពុះឆ្អិន រួចជាការស្រេច
ពេលញ៉ាំដួសបបរដាក់ចាន ដាក់សណ្តែកបណ្តុះស្លឹកជីរណា ស្លឹកខ្ទឹម ក្រូចឆ្មារ សៀងឆា ម្ទេសឆា និងខ្ទឹមបំពង តាមចំណូលចិត្ត៕



