ប្រេស៊ីល៖ ហេតុតែចង់បានសាច់ដុំធំខ្លាំង Valdir Segato សម្រេចចិត្តចាក់សារធាតុប្រេងម្យ៉ាងដែលគេហៅថា Synthol ចូលទៅក្នុងសាច់ដុំ។ បុរសសាច់ដុំយ៉ាប់មើលម្នាក់នេះបានឡើង ២៥គីឡូ បន្ទាប់ពីបានចាក់ Synthol ជាច្រើនលើករួចមក។ ការឡើងគីឡូនិងឡើងសាច់ដុំនេះ មិនបានធ្វើឲ្យគាត់មានកម្លាំងនោះទេ តែផ្ទុយទៅវិញវាអាចធ្វើឲ្យគាត់ស្លាប់បាន។
ទោះបីជាប្រឈមនឹងសេចក្តីស្លាប់ក៏ដោយ ក៏គាត់នៅតែសប្បាយចិត្តពេលមានមនុស្សម្នាតាមផ្លូវមើលគាត់ដោយចាប់អារម្មណ៍។ គាត់មានមុខរបរជាកម្មករសំណង់ ដែលរស់នៅក្នុង Sao Paulo ប្រទេសប្រេស៊ីល។ គាត់បានប្រាប់ថាគាត់មានមោទនភាពណាស់ពេលគេថា គាត់ជាមនុស្សចម្លែកនៅតាមផ្លូវ។
កាលពីកុមារភាព គាត់បានធ្លាក់ខ្លួនជក់ថ្នាំ ដែលធ្វើឲ្យគាត់មានរាងស្គមកំប្រឹង ហើយគេកាលនោះហៅគាត់ថា “អាឆ្កែស្វិត” ឬ “អាក្បាលតូច”។ គាត់តូចចិត្តយ៉ាងខ្លាំង ដែលជំរុញចិត្តឲ្យមានការផ្លាស់ប្តូរ។គាត់ចាប់ផ្តើមទៅហាត់ប្រាណលើកសាច់ដុំ តែពេលនោះបុរសម្នាក់បានណែនាំគាត់ឲ្យប្រើថ្នាំ Synthol ដើម្បីចាក់ឲ្យកាន់តែធំ។ តាំងពីពេលនោះមក គាត់ចាក់វាជារៀងរាល់ថ្ងៃនៅសាច់ដុំដៃ ទ្រូង និង ស្មា។
គាត់ថាថ្នាំនោះមិនបានធ្វើឲ្យកើនកម្លាំងអ្វីទេ គ្រាន់តែធ្វើឲ្យសាច់ដុំហើយមើលទៅធំតែប៉ុណ្ណោះ។ ការចាក់វាយូរៗទៅ អាចធ្វើឲ្យគាត់ប្រឈមមុខនឹងការកាត់ដៃជើងចោល។ គ្រូពេទ្យប្រាប់គាត់ឲ្យឈប់ចាក់ តែគាត់នៅតែមិនព្រម។
ដោយសារតែសាច់ដុំធំអាក្រក់មើលរបស់គាត់ បានធ្វើឲ្យគាត់ពិបាករកអ្នកស្រលាញ់គាត់។ មានអ្នកខ្លះខ្លាចគាត់មិនហ៊ានមកជិតផង។ នេះមិនមែនជាបញ្ហាសម្រាប់គាត់ឡើយ ព្រោះគាត់មិនខ្វល់ពីអ្នកដទៃទេ សំខាន់ឲ្យតែគាត់ស្អាត។ សូម្បីតែមិត្តភ័ក្រ្តរបស់គាត់ក៏ចង់ឃាត់គាត់ដែរ តែគាត់នៅតែមិនស្តាប់។ គាត់ថា គាត់នឹងមិនមានការស្តាយក្រោយទេចំពោះទង្វើរបស់គាត់៕
សូមទស្សនាវីដេអូចាងក្រោម ៖
ប្រភព៖ YouTube Channel Barcroft TV