ប្រទេសហ្សកហ្ស៊ី៖ ក្មេងប្រុសជំទង់ជនជាតិហ្សកហ្ស៊ី (Georgia) មួយរូបបានដឹងខ្លួនមកវិញ បន្ទាប់ពីសន្លប់ធំដោយសាររបួសក្បាលនៅពេលប្រកួតបាល់ទាត់។ តែនៅពេលដឹងខ្លួនមកវិញនោះ គាត់ស្រាប់តែចេះនិយាយភាសាអេស្ប៉ាញបានយ៉ាងស្ទាត់ជំនាញ។
យុវជនខាងលើ Reuben Nsemoh អាយុ១៦ឆ្នាំ ដែលជាអ្នកចាំទីរបស់វិទ្យាល័យ Brookwood ត្រូវបានគេទាត់បាល់ត្រូវក្បាលកាលពីប៉ុន្មានសប្តាហ៍មុន។ ភ្លាមៗនោះ គាត់ក៏បាត់ដង្ហើម ហើយដួលសន្លប់អស់រយៈពេល៣ថ្ងៃ។
នៅពេលដែល Reuben ភ្ញាក់ដឹងខ្លួនពីសន្លប់ គាត់មិនចេះនិយាយភាសាអង់គ្លេសទេ តែបែរទៅជាចេះនិយាយភាសាអេស្ប៉ាញបានយ៉ាងរអិលមាត់ទៅវិញ ដែលភាសានេះគេមិនចេះនិយាយមកពីមុនឡើយ។ Reuben បានប្រាប់មកវិទ្យុWSB ថា គាត់គិតថានេះប្រហែលមកពីគាត់បានរៀនដោយប្រយោលពីមិត្តភ័ក្រ្តនិងបងប្រុសរបស់គាត់កាលពីមុន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នៅពេលដែលគាត់ចាប់ផ្តើមចេះនិយាយភាសាអង់គ្លេសមកវិញ គាត់ស្រាប់តែមិនសូវនិយាយភាសាអេស្ប៉ាញល្អដូចមុន។
ក្មេងជំទង់ម្នាក់នេះ បានប្រាប់ថា៖ “មិត្តភ័ក្រ្តរបស់ខ្ញុំ តែងតែនិយាយភាសាអេស្ប៉ាញជាមួយខ្ញុំ ដែលធ្វើឲ្យខ្ញុំអាចរៀនពីពួកគេ។”
Reuben ថាចង់ទៅលេងបាល់ទាត់សារជាថ្មីនៅពេលដែលគាត់ជាឡើងវិញ តែគ្រូបង្វិករបស់គាត់មិនព្រមទេ លុះត្រាតែ Reuben ទៅលេងបាល់ពាក់មួកសុវត្ថិភាព។ ឥលូវនេះ Reuben មិនទាន់ជានៅឡើយ ហើយក៏មិនទាន់បានចូលរៀនវិញដែរ។ ហេតុនេះហើយ វាមិនទាន់ប្រាកដថាពេលណាដែលគាត់អាចចូលលេងបាល់បាននៅឡើយទេ។
Reuben ប្រាប់ WBC-TV ថា៖ “ពេលខ្លះ ខ្ញុំមានអារម្មណ៍វង្វេងស្មារតី ដែលខ្ញុំគិតថាខ្ញុំមិនបាននៅកន្លែងដែលខ្ញុំកំពុងនៅ។ ក្រុមគ្រួសាររបស់គាត់បានផុសក្នុង GoFundMe ដើម្បីសុំថវិកាចំណាយលើការព្យាបាលរបស់គាត់។
ប្រភព៖ YouTube Channel WSB-TV