ក្រុមហ៊ុនផលិតទូរស័ព្ទដែលមានតម្លៃថ្លៃរបស់អង់គ្លេស Vertu ទើបតែបានដាក់បង្ហាញម៉ូដែលចុងក្រោយរបស់ខ្លួនសម្រាប់ស្វាគមន៍ឆ្នាំ២០១៧ ។ ម៉ូដែលថ្មីនេះក៏ជាជំនាន់ថ្មីរបស់ Constelation ដែលទទួលការស្វាគមន៍ជាច្រើនពីអតិថិជនរបស់ខ្លួន ។ លើសពីនេះទៅទៀតបានបំពាក់នូវបច្ចេកវិទ្យាខ្ពស់ និងមានស៊ីមពីរ ដែលជាម៉ូដែលដំបូងរបស់ក្រុមហ៊ុនដែលមានស៊ីមពីរបែបនេះ ។
Vertu Constellation ថ្មីនេះមានអេក្រង់៥,៥អ៊ីញ និងមានអេក្រង់ប្រភេទ QHD AMOLED មានកាមេរ៉ាទំហំ 12MP ហើយមានសមត្ថភាពផ្តិតវីដេអូ 4K និងមាន Chipset ប្រភេទ Qualcomm Snapdragon មានរ៉េម4GB និងមានអង្គចងចាំ 128GB ហើយក៏អាច បន្ថែមអង្គចងចាំបានថែមទៀត ។ វាដំណើរការដោយប្រព័ន្ធ Android 6.0.1 Marshmallow ហើយមាន USB ប្រភេទ C-port ដែលអាចចម្លងទិន្នន័យនានាបានឆាប់រហ័ស ។ សម្រាប់ អតិថិជនរបស់ Vertu មិនត្រឹមតែត្រូវការបច្ចេកវិទ្យាបែបនេះប៉ុណ្ណោះទេ ។ ក្រុមហ៊ុន Vertu ក៏ដឹងពីតម្រូវការរបស់អតិថិជនខ្លួនផងដែរ ។
អេក្រង់របស់ Vertu Constellation ត្រូវបានធ្វើឡើងការពារឆ្កូត១០០% ព្រោះវាធ្វើឡើងពីគ្រីស្តាលត្បូងកណ្តៀងជំនាន់ទី៦ចំនួន១៤០ការាត់ ។ តួខាងមុខរបស់វាបំពាក់នូវឧបករណ៍បំពងសម្លេង Stereo និងបន្ថែមសំឡេងដ៏ពីរោះរណ្តំ Acoustic ដោយបំពាក់បច្ចេកវិទ្យាសំឡេងរបស់ក្រុមហ៊ុន Dolby ។ ជាងនេះទៅទៀតស្បែកដែលបំពាក់នៅលើទូរស័ព្ទ ជាប្រភេទស្បែកល្អបំផុតមកពីប្រទេសអីុតាលី ។
ចំណុចពិសេសរបស់ Vertu ដែលមានឈ្មោះថា 24-hour Concierge Service ក៏ត្រូវបានក្រុមហ៊ុនដាក់បញ្ចូលក្នុងម៉ូដែលថ្មីរបស់ខ្លួនដែរ ។ Concierg Service ជាសេវាកម្មផ្តល់ឲ្យសម្រាប់តែបុគ្គលពិសេសដែលក្រុមហ៊ុនផ្តល់ជូនដូចជា ការជួយកក់តុក្នុងភោជនីយ៍ដ្ឋាន ជួយស្វែងរកគោលដៅទេសចរណ៍សម្រាប់ខ្លួន និងចូលទៅទីកន្លែងកម្សាន្តណាមួយដោយឥតគិតថ្លៃ ឬទទួលបានតម្លៃពិសេស បច្ចុប្បន្នវាត្រូវបានគេឲ្យឈ្មោះថា Lifestyle Management ឬបែបផែនជីវិតប្រកបដោយភាពរៀបរយ ។ បន្ថែមលើសពីនេះទៅទៀតអ្នកដែលក្លាយជាម្ចាស់ Vertu Constellation ថ្មីមួយនេះ ក៏នឹងទទួលបានសេវាកម្មពីក្រុមហ៊ុន អីុនធើរណែតដ៏ធំជាងគេក្នុងពិភពលោក iPass ផងដែរ ។
ក្រុមហ៊ុន Vertu នៅមិនទាន់បានបញ្ជាក់ពីតម្លៃរបស់ទូរស័ព្ទថ្មីមួយនេះទេ តែក្រុមហ៊ុនថានឹងចាប់ផ្តើមមានវត្តមានក្នុងទីផ្សារចាប់ពីពាក់កណ្តាលខែកុម្ភៈ ៕