Nokia លក់បានប្រមាណ១២៦លានគ្រឿងសម្រាប់ម៉ូដែល៣៣១០ ក្នុងពេលដាក់ បង្ហាញក្នុងទីផ្សារដំបូងកាលពីឆ្នាំ២០០០ ហើយវាក៏ជាពេលវេលាដែលក្រុមហ៊ុនApple មិនទាន់ ប្រលូកចូលទីផ្សារទូរស័ព្ទនៅឡើយ ។ ពេលនោះNokiaមានភាពល្បីល្បាញខ្លាំងនៅទូទាំងពិភពលោក ហើយអ្វីដែលពិសេសនោះគេអាចលេងហ្គេមធម្មតានៅលើទូរស័ព្ទ ហើយហ្គេមដែលទទួលបានការពេញនិយមនាពេលនោះមានឈ្មោះថាSnake ឬហ្គេមពស់ តែវាមិនអាចដំណើរការ Wifi បានទេ ។
ពេលនេះNokie 3310 បានវិលមកវិញដែលមិនលះបង់ហ្គេមជំនិតរបស់ខ្លួនSnakeដែរ តែអ្វីដែលពិសេសហ្គេមនោះក៏វិវឌ្ឍតាមសម័យកាលដែរ ។ សម្រាប់ម៉ូដែលថ្មីរបស់Nokia 3310សម្រាប់ឆ្នាំ២០១៧ នេះមានអេក្រង់ទំហំ២,៤អីុញ មានកាមេរ៉ា២មេហ្គាភិកសែល ហើយថែមទាំងមានរន្ធដាក់អង្គចងចាំរហូតដល់៣២GBស្របពេលដែលម៉ូដែលនេះមានអង្គចងចាំក្នុងម៉ាស៊ីនចំនួន16MBរួចទៅហើយ ។ ម៉ូដែលថ្មីនោះមានទំហំតូចដដែល ស្តើងជាមុន ស្រាលជាងមុន តែវាមានពណ៌ជាច្រើនសម្រាប់ជ្រើសរើសដូចជាពណ៌ក្រហម លឿង ខៀវចាស់ ប្រផេះ ។
តួរបស់វាស្រោបដោយជ័រប្លាស្ទិក និងដំណើរការដោយកម្មវិធីOS មានវិទ្យុនិងអាចស្តាប់តន្ត្រីថែមទៀតផង ។
Nokia 3310 មានកម្លាំងថ្មខ្លាំងដែលអាចឱ្យអ្នកប្រើប្រាស់វាបានរហូតដល់ពេញមួយខែ សម្រាប់ការសាកថ្មម្តង ។ កម្លាំងថ្មរបស់វាគឺ1200mAh នោះអ្នកអាចស្តាប់តន្ត្រីរហូតដល់៥១ម៉ោង ហើយអ្នកអាចនិយាយជាប់រហូតដល់២២ម៉ោងពេញ និងបើកវិទ្យុបាន៣១ម៉ោង ចំណែកតម្លៃរបស់វាប្រហែល៥២ដុល្លារអាមេរិក ៕