រាជធានីភ្នំពេញ ៖ អ្នកនិយមទស្សនាភាពយន្តខ្មែរប្រាកដជាមិនទាន់ភ្លេចនៅឡើយទេចំពោះតារាសម្តែងនារីរ័ត្ន គន្ធា ដែលជាតារាមួយដួងក្នុងចំណោមតារាល្បីៗ ។ អ្នកនាងគន្ធាមានរហស្សនាមជាតារាទឹកភ្នែក ។
បើទោះបីជាឃ្លាតចាកឆ្ងាយពីស្រុកកំណើតអស់រយៈពេលជាង១០ឆ្នាំមកហើយក្តី ប៉ុន្តែអតីតតារាភាពយន្តនារីរ័ត្ន គន្ធា តែងតែនឹករលឹកដល់ស្រុកកំណើត និងទស្សនិកជនជានិច្ច ។ ពេលនេះនាងបានសាងសុភមង្គលគ្រួសារយ៉ាងសាមញ្ញមួយនៅលើទឹកដីអាមេរិក ។
កាលពីពេល ថ្មីៗកន្លងមកមានការចាប់អារម្មណ៍ពីបណ្តាអ្នកលេងហ្វេសប៊ុកបន្ទាប់ពីលោកដួង សុខគា បង្ហាញរូបថត២សន្លឹកដែលថតជាមួយអតីតតារាសម្តែងអ្នកនាងនារីរ័ត្ន គន្ធា នៅលើទឹកដីអាមេរិក ទីដែលលោកកំពុងចូលរួមសម្តែងជាមួយអ្នកនាងកាឆយ ។
ជាមួយនឹងរូបថត២សន្លឹកលោកដួង សុខភា មិនបានអត្ថាធិប្បាយច្រើនទេ ដោយលោកគ្រាន់តែបង្ហោះសារខ្លីថា «មកជួបរៀមច្បង បងស្រី នារីរ័ត្ន គន្ធា នៅក្នុងហាងមួយ» ។
ឆ្លើយតបពីការសួរនាំពីមិត្តហ្វេសប៊ុក លោក ដួង សុខគា គ្រាន់តែបានបញ្ជាក់ដោយខ្លីថា អ្នកនាងនារីរ័ត្ន គនា្ធ បានបើកហាងមួយឈ្មោះ«ប្រូវីដិន» ។
តាមរយៈរូបភាពដែលបានបង្ហោះបង្ហាញឲ្យឃើញហាងរបស់អ្នកនាងនារីរ័ត្ន គន្ធា លក់សម្លៀកបំពាក់ ស៊ីឌី និងវត្ថុអនុស្សាវរីយ៍របស់ខ្មែរ ដោយហាងនោះបើកជាយូរមកហើយ ។
លោកដួង សុខគា ថាបច្ចុប្បន្នភាពនៃជីវិតរបស់អតីតតារាភាពយន្តនារីរ័ត្ន គន្ធា គឺលោកមិនហ៊ានសួរនាំឡើយ ប៉ុន្តែលោកបញ្ជាក់ថា បើគិតពីវ័យរបស់នាងទំនងជាជាង៤០ឆ្នាំ ។
អ្នកនាងនារីរ័ត្ន គន្ធា បានចាកចេញពីស្រុកកំណើតទៅកសាងជីវភាពថ្មីលើទឹកដីអាមេរិកគិតរហូតមកដល់ពេលនេះរយៈពេលជាង១០ឆ្នាំមកហើយ ។
ចាប់អាជីពជាតារាភាពយន្តតាំងពីអំឡុងឆ្នាំ១៩៨៨ រហូតដល់អំឡុងឆ្នាំ២០០០ អ្នកនាងនារីរ័ត្ន គន្ធា សម្តែងទាំងភាពយន្ត និងបទចម្រៀងកាយវិការខារ៉ាអូខេ ។
កាលពីអំឡុងឆ្នាំ២០១៥ អ្នកនាងនារីរ័ត្ន គន្ធា មកលេងស្រុកខ្មែរ ហើយត្រូវអ្នកនាង យុគ ចិន្តា អញ្ជើញឲ្យបង្ហាញមុខក្នុងកម្មវិធីCTN ប៉ុស្តិ៍លេខ២១ដើម្បីបង្ហាញពីដំណើរជីវិតរបស់នាង ។ ក្នុងពេលនោះអ្នកនាងនារីរ័ត្ន គន្ធា បញ្ជាក់ថា ខ្សែភាពយន្តដែលនាងសម្តែងជាលើកដំបូងនោះគឺរឿង«ផ្លូវបែកជាបី» ជាមួយលោកខៃ ប្រសិដ្ឋ របស់នាយកដ្ឋានភាពយន្ត ។ ក្រោយពីបង្ហាញស្នាដៃក្នុងរឿងដំបូងនេះរួចមកអ្នកនាងគន្ធាត្រូវផលិត ផ្សេងៗឲ្យចូលរួមសម្តែងជាបន្តបន្ទាប់ ក្នុងនោះបានចូលរួមសម្តែងក្នុងខ្សែភាពយន្តជាស្នាព្រះហស្តរបស់សម្តេចព្រះនរោត្តម សីហនុ ផងដែរ ។
ស្នាដៃសម្តែងរបស់នាងប្រមាណជិត១០០រឿង ក្នុងនោះស្នាដៃចុងក្រោយគឺចម្រៀងខារ៉ាអូខេរឿង«ទុំទាវ»របស់ផលិតកម្មហង្សមាស មុនពេលដែលនាងបានរៀបអាពាហ៍ពិពាហ៍ និងរស់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០២ ៕