រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះព័ត៌មានស្តីពីអាយុរបស់ម្ចាស់ពានរង្វាន់កម្មវិធីThe Voice kid Cambodia រដូវកាលទី១ កុមារាពេជ្រ ថៃ កំពុងត្រូវមហាជនចាប់អារម្មណ៍ បន្ទាប់ពីមានការអះអាងថា កុមាររូបនេះលាក់បាំងអាយុពិតរបស់ខ្លួន ។
សារព័ត៌មានមួយបានចុះផ្សាយដោយយោងតាមប្រភពខាងក្រៅអះអាងថា កុមារាពេជ្រ ថៃ មិនមែនអាយុ១២ឆ្នាំទេ ប៉ុន្តែគេជាក្មេងជំទង់មានអាយុប្រហែល១៦ឆ្នាំ ។
ដោយមិនបង្ហាញអត្តសញ្ញាណ បុរសម្នាក់បានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទដែលឪពុកម្តាយពេជ្រ ថៃ ធ្លាប់ប្រើថា ខ្លួនបានដឹងព័ត៌មាននោះដែរ ។ គេចុះផ្សាយពីពេជ្រ ថៃ ទាក់ទិនការលាក់អាយុពិតពី១៦ឆ្នាំមក១២ឆ្នាំវិញ ហើយការលាក់អាយុនេះដើម្បីមានសិទ្ធិបានចូលរួមប្រឡងក្នុងកម្មវិធី The Voice kid Cambodia ។
ប្រភពនោះនិយាយដោយខ្លីថា តាមពិតការលេចលឺនោះ គឺកើតចេញពីការច្រណែនឈ្នានីសចំពោះពេជ្រ ថៃ ក្នុងពេលដែលគេទើបតែមានភាពលូតលាស់បានបន្តិច ។ ទោះជាយ៉ាងណាក្តីបុរសរូបនោះបញ្ជាក់ថា រឿងរបស់ពេជ្រ ថៃ លោកហាក់មិនសូវបានដឹងច្រើនទេ ។
ការលេចលឺស្តីពីការលាក់អាយុពិតរបស់កុមារាពេជ្រ ថៃ បានកើតឡើងបន្ទាប់ពីម្ចាស់ពានរង្វាន់រដូវកាលទី១មានប្រភពមកពីខេត្តបាត់ដំបងរូបនេះ បង្ហាញខ្លួនជាលើកដំបូងលើឆាកតន្ត្រីហង្សមាសនាពេលបុណ្យអុំទូកកន្លងទៅ ។ កុមាររូបនេះបានបង្ហាញខ្លួន៣ថ្ងៃពេញនៅលើឆាកតន្ត្រីដ៏ធំនោះ ។
បន្ទាប់ពីនោះមកកុមារា ពេជ្រ ថៃ បានជួបប្រទះនឹងព័ត៌មានពីការលាក់អាយុពិតរបស់ខ្លួន ដែលការចុះផ្សាយនោះតាមការអះអាងប្រាប់ពីបណ្តាអ្នកភូមិផងរបងជាមួយគេផ្ទាល់តែម្តង ។
ប្រភពដែលចុះផ្សាយនោះអះអាងថា កុមារា ពេជ្រ ថៃ មិនមែនជាក្មេងអាយុ១២ឆ្នាំទេ ពោលគេគឺជាក្មេងវ័យជំទង់ដែលមានអាយុប្រហែល១៦ឆ្នាំ ព្រោះកុមារមួយចំនួនក្នុងភូមិដែលកើតក្រោយរូបគេភាគច្រើនមានវ័យ១៥ឆ្នាំអស់ហើយ ។ ប៉ុន្តែដោយសារតែគេជាមនុស្សក្រិន ទើបមើលមិនដឹង ហើយការលាក់អាយុនេះទៀតសោត គឺដើម្បីមានឱកាសអាចចូលរួមប្រឡងកម្មវិធី The Voice kid Cambodia ។
មានការលើកឡើងមួយចំនួនទៀតថា ប្រសិនបើក្នុងករណីដែលអុ្នករៀបចំកម្មវិធីបានពិនិត្យឃើញថា ពេជ្រ ថៃ ពិតជាមានអាយុ១៦ឆ្នាំមែននោះ គេអាចនឹងប្រឈមការដកហូតពានរង្វាន់វិញ ព្រោះខុសលក្ខន្តិកៈដែលតម្រូវឲ្យកុមារមាន១៤ឆ្នាំចុះទើបមានសិទ្ធិដាក់ពាក្យប្រឡងបាន ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ២០១៧ កោះសន្តិភាពមិនអាចស្វែងរកការបកស្រាយណាមួយបានទេ ពីស្ថានីយទូរទស្សន៍ហង្សមាស ៕
បន្ទាប់ពីមានការលេចឮពីការលាក់អាយុពិតរបស់ម្ចាស់ពាន TheVoice Kid រដូវកាលទីមួយ ពេជ្រ ថៃ គឺមកដល់ពេលនេះ សំបុត្រកំណើតរបស់កុមាររូបនេះ ត្រូវបានគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក បញ្ជាក់ពីអាយុពិត ខណៈពេលដែលហង្សមាសបដិសេធមិនមានបំណងដកហូតពានពី ពេជ្រ ថៃ តាមការទាមទារពីអ្នករិះគន់ ដែលមិនសមហេតុផលនោះឡើយ ។
សារព័ត៌មាននៅក្នុងស្រុកមួយ ធ្វើការចុះផ្សាយពីការលាក់អាយុពិតរបស់កុមារ ពេជ្រ ថៃ ដែលអះអាងថា កុមាររូបនេះ មិនមែនមានអាយុ១២ឆ្នាំឡើយ ពោលគឺមានអាយុប្រហាក់ប្រហែលជា១៦ឆ្នាំ ។
ព័ត៌មាននេះ បានធ្វើឱ្យមហាជនដែលនិយមគាំទ្រដ៏កុមារ ពេជ្រ ថៃ បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលមានមហាជនមួយចំនួនទៀត បានស្នើឲ្យមានការស៊ើបអង្កេតឡើងវិញ អំពីបញ្ហានេះ ។
យ៉ាងណាក៏ដោយ បន្ទាប់ពីព័ត៌មានដ៏ក្តៅគគុកនេះ ត្រូវបានគេចាប់អារម្មណ៍មានគណនីហ្វេសប៊ុកមួយ បានធ្វើការបង្ហោះនូវសំបុត្រកំណើតរបស់ ពេជ្រ ថៃ ដើម្បីស្រាយមន្ទិលទាំងឡាយចំពោះមហាជន ។ តាមរយៈសំបុត្រកំណើតនោះ បានបញ្ជាក់ថា ពេជ្រ ថៃ បានចាប់កំណើតនៅក្នុងឆ្នាំ២០០៤ ដែលគិតរហូតមកដល់ពេលបច្ចុប្បន្នកុមាររូបនេះទើបតែមានអាយុ១៣ឆ្នាំប៉ុណ្ណោះ ។
ផ្ទុយពីការលើកឡើងថា គេមានអាយុប្រហែល១៦ឆ្នាំ។ ពេជ្រ ថៃ ពិតជាមានដើមដំណើតពីខេត្តបាត់ដំបង ដែលមានឪពុកឈ្មោះ ពេជ្រ សារ៉ាត់ និងម្តាយឈ្មោះ សាំ គង់។