រាជធានីភ្នំពេញ ៖ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមជាស្ថាពរលើសំណុំរឿងលោក ភុំ មុនីរ័ត្ន អតីតព្រះសង្ឈ និងបច្ចុប្បន្នជាទីប្រឹក្សាសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដែលប្រើអំពើហិង្សាលើក្មេងស្រីដែលជាប្អូនជីដូនមួយរបស់លោក ជុំ លីណូ ដែលត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែ និងត្រូវសងជំងឺចិត្តជាទឹកប្រាក់១២លានរៀលនោះ តែរយៈពេលជាងកន្លះឆ្នាំមកហើយ ជនល្មើសនៅតែរួចខ្លួន និងពុំបានផ្ដល់សំណងអ្វីទាល់តែសោះ ខណៈដែលក្រុមគ្រួសារតារាចម្រៀងលោកជុំ លីណូ នៅតែទទូចឲ្យតុលាការអនុវត្តសាលក្រម ទើបក្រុមគ្រួសាររបស់លោកទទួលបានយុត្តិធម៌។
បន្ទាប់ពីរ៉ាំរ៉ៃក្នុងករណីប្ដឹងផ្ដល់នៅតុលាការអស់ជាច្រើនឆ្នាំ ហើយមិនទទួលបានយុត្តិធម៌មកទល់ពេលនេះ គ្រួសារតារាចម្រៀង លោក ជុំ លីណូ ដែលរួមមានឪពុកមា និងរូបលោកផ្ទាល់ បានចេញមុខថ្កោលទោសដល់ប្រព័ន្ធតុលាការនៅកម្ពុជាតែម្ដង ដោយមានភាពលម្អៀងទៅលើជនល្មើសដែលបានបង្កការឈឺចាប់ដល់គ្រួសាររបស់ខ្លួន ព្រោះតែឲ្យយុត្តិធម៌ត្រឹមតែលើក្រដាស ហើយការអនុវត្តក្រៅពីមិនមាន គឺផ្ដល់ឱកាសឲ្យពិរុទ្ធជនរស់នៅខាងក្រៅមានសេរីភាពយ៉ាងព្រងើយ។
គ្រួសារតារាចម្រៀងរូបនេះ បន្តទៀតថា ក្រៅពីមិនមានដំណោះស្រាយឲ្យស្របនឹងការប្រកាសរបស់សាលក្រមនៅសាលាដំបូងរាជធានីភ្នំពេញកាលពីពេលកន្លងទៅ គឺលោក ភុំ មុនីរ័ត្ន អតីតព្រះសង្ឈមានឥទ្ធិពល បច្ចុប្បន្នជាទីប្រឹក្សាប្រធានរដ្ឋសភា ដែលត្រូវបានតុលាការប្រកាសឲ្យជាប់គុក២ឆ្នាំ និងផ្ដល់សំណង១២លានរៀលឲ្យខ្លួន ពីបទប្រើប្រាស់អំពើហិង្សាលើកូនចុងរបស់ខ្លួននោះ ក៏នៅតែមានសេរីភាព និងឥទ្ធិពលមិនដូចជា ជនល្មើសដែលត្រូវបានតុលាការប្រកាសឡើងនោះផង។
លោក មាស ឡេង ជាឪពុកមារបង្កើតរបស់តារាចម្រៀងលោក ជុំ លីណូ បានថ្លែងប្រាប់មុននេះថា ករណីប្ដឹងប្តដល់របស់លោកមិនមានពន្លឺក្នុងការដោះស្រាយនោះទេ ស្របគ្នាដែលជនល្មើសក្រៅពីមិនព្រមផ្ដល់សំណង១២លានរៀល និងមិនត្រូវបានចាប់ដាក់គុកតាំងពីតុលាការចេញសាលក្រមកាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០១៧ ។ ហើយក៏បានទាំងដាក់បណ្ដឹងទៅកាន់សាលាឧទ្ទរណ៍ ដើម្បីជំទាស់ការកាត់ក្ដីកន្លងមក ដែលសាលាឧទ្ធរណ៍គ្រោងជំនុំជម្រះនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោកបន្តថា ជារឿងអយុត្តិធម៌ណាស់ ដែលករណីហិង្សាលើកូនស្រីរបស់លោកត្រូវបានផ្ទុះឡើងតាំងពីអំឡុងឆ្នាំ២០១៥ ហើយរហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ទើបមានការប្រកាសសាលក្រមឲ្យលោក ភុំ មុនីរ័ត្ន ជាប់គុក២ឆ្នាំ និងបង់ជំងឺចិត្ត១២លានរៀល ប៉ុន្តែមកទល់ពេលនេះ គឺមិនមានការអនុវត្តសាលក្រម ហើយថែមទាំងឃើញបុគ្គលឈ្មោះ ភុំ មុន្នីរ័ត្ន ឡើងប្ដឹងឧទ្ធរណ៍ក្រោយពីផុតកំណត់រយ:ពេលតវ៉ា។