រាជធានីភ្នំពេញ ៖ នៅសម័យបច្ចេកវិទ្យាទំនើប កម្ពុជាបាននិងកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ក៏ដូចជាការហូរចូលនូវអរិយធម៌បរទេសចូលមកប្រទេសកម្ពុជា ប៉ុន្តែប្រជាជនខ្មែរនៅតែប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់គោរពប្រតិបត្តិចាស់ទុំ និងទំនុកបំរុងមាតាបីតា ដូចពាក្យចាស់បានពោលណែនាំកូនចៅថា «ធ្វើបុណ្យទាន់ខែភ្លឺ» ។ពាក្យប្រៀនប្រដៅនេះ គឺសំដៅឲ្យកូនៗចេះដឹងគុណឪពុកម្តាយ ដែលបានបង្កើតរូបកូន ខ្វល់ពីកូនៗគ្រប់ពេល ដឹកនាំ និងហ៊ាមប្រាមបុត្រកុំឲ្យប្រព្រឹត្តអំពើអាក្រក់ ឲ្យបុត្រសិក្សារៀនសូត្រ រៀបចំទុកដាក់បុត្រឲ្យមានគូស្រករ រហូតចែកទ្រព្យសម្បត្តិឲ្យបុត្រគ្រប់រូប ។



គុណមាតាបីតា គឺមិនអាចកាត់ថ្លៃបាននោះទេ ព្រោះសូម្បីតែកូនៗត្រូវបានរៀបចំឲ្យមានគ្រួសាររៀងខ្លួន ក៏អ្នកមានគុណនៅតែគិតថា កូនៗរបស់ខ្លួននៅតែជាក្មេង ហើយមើលថែទាំងចៅតូច ដោយគ្មានការត្អូញត្អែរបន្តិចសោះឡើយ ។ ជាក់ស្តែងនៅក្នុងវីដេអូឃ្លីបអប់រំមួយដែលមានរយៈពេលប្រមាណជាង ១០ នាទី បានបង្ហាញពីការលះបង់របស់អ្នកម្តាយ ដែលមើលថែចៅស្រីតូចម្នាក់ ។ អ្នកម្តាយរូបនេះធ្វើកិច្ចការសព្វបែបយ៉ាង តាំងពីបោកគក់សម្លៀកបំពាក់ឲ្យកូនប្រុស ហើយសូម្បីតែកូនស្រីមាត់ធំមាត់តូចដាក់ ក៏មិនដែលយកមកទុកក្នុងចិត្ត តែអ្នកម្តាយរូបនេះនៅតែសប្បាយរីករាយ ចាំមើលផ្លូវកូនៗមកជូបជុំទទួលទានអាហារជាមួយគ្នា ។



បើអ្នកជាម្តាយគេម្នាក់ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា នៅពេលអ្នកត្រូវបានកូនស្រីសំណព្វចិត្តស្តីបន្ទោសថា មិនបានមើលថែ ចៅស្រីដ៏រពើស បណ្តាលឲ្យចៅស្រីនោះមានរបួសបន្តិចបន្តួច? នៅក្នុងពុទ្ធដីការបស់ព្រះពុទ្ធ ទ្រង់បានសម្តែងថា «កតញ្ញូ គតវេទី» ដែលមានសេចក្តីថា «ការដឹងគុណ និងតបគុណ»។ ត្រង់ន័យនេះបុត្រាបុត្រី ត្រូវបំពេញតួនាទីជូនអ្នកមានគុណឲ្យអស់ពីចិត្ត ដូចអ្វីដែលមាតាបីតា បានទំនុកបំរុងលោកអ្នក ដូច្នេះបុត្រទាំងឡាយត្រូវចិញ្ចឹមមាតាបីតា មិនឲ្យលោកទាំងទ្វេរស្រក់ទឹកភ្នែក ។



តាមរយៈវីដេអូឃ្លីប ដដែលបានបង្ហាញឲ្យឃើញនូវកូនប្រុស និងកូនស្រីដែលតែងតែនិយាយថា ស្រលាញ់ គោរពអ្នកមានគុណ តែម្នាក់ៗហាក់រវល់តែនឹងការងាររៀងៗខ្លួន ដោយមិនបានដឹងថា អ្នកមានគុណកំពុងមានបញ្ហាសុខភាពនោះឡើយ ហើយពួកគេក៏មិនបានត្រៀមខ្លួនរួចរាល់សម្រាប់ការចំណាយចំបាច់ណាមួយសម្រាប់ម្តាយរបស់ខ្លួននោះទេ ។ នៅពេលអ្នកត្រឡប់ពីធ្វើការមកដល់ផ្ទះ ស្រាប់តែឃើញអ្នកមានគុណសន្លប់បាត់មាត់ តើអ្នកត្រូវធ្វើយ៉ាងណា? នៅពេលអ្នកមានគុណត្រូវការសង្គ្រោះបន្ទាន់ តើអ្នកគិតយ៉ាងណា? ការចំណាយដ៏ច្រើន សម្រាប់វះកាត់អ្នកមានគុណ តើអ្នកគិតយ៉ាងណា ?



ប្រាកដណាស់! កុំភ្លេចមើលថែមនុស្ស ដែលតែងតែមើលថែអ្នក។ ចង់ដឹងកាន់តែច្បាស់ថា តើក្នុងនាមជាកូន តើលោកអ្នកគួរធ្វើអ្វីតបស្នងដល់លោកអ្នកមានគុណ សម្រាប់ការខិតខំ និងពលិកម្មរបស់មាតាបីតាកន្លងមកនោះ ដូច្នេះសូមតាមដានវីដេអូខ្លីលើផេកសារព័ត៌មានកោះសន្តិភាពខាងក្រោមនេះ
វីដេអូពេញ
ពេលខ្លះជាគ្រូពេទ្យ ពេលខ្លះជាចុងភៅ ពេលខ្លះជាអ្នកបោកអ៊ុត តែបុគ្គលម្នាក់នោះមិនដែលទាមទារអ្វីពីយើងមកវិញ ក្រៅពីពេលវេលា និងការស្រលាញ់។ទស្សនាភាពយន្តខ្លី “ក្តីសង្ឃឹម” ហើយចែករំលែកការយល់ឃើញរបស់អ្នក។
បានបង្ហោះដោយ Koh Santepheap TV នៅ ថ្ងៃច័ន្ទ 22 តុលា 2018